Wednesday, May 1, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបចោរលួចម៉ូតូ វ៉ៃខ្នោះ១០នាក់

បង្ក្រាបចោរលួចម៉ូតូ វ៉ៃខ្នោះ១០នាក់

ភ្នំពេញ ៖ ក្រុមចោរលួចនិងអ្នកទទួលផលចោរកម្ម ចំនួន១០នាក់ ត្រូវនគរបាលខណ្ឌកំបូល ធ្វើការឃាត់ខ្លួនបាន ព្រមទាំងដកហូតវត្ថុតាងមួយចំនួន ក្នុងខណៈពេលចុះធ្វើរដ្ឋបាលនៅប្លុកផ្ទះជួល ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។

ក្រុមជនសង្ស័យទាំង១០នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះខ្លូត ពៅ ភេទប្រុស អាយុ២៣ឆ្នាំ មុខ របរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល។ ទី២-ឈ្មោះឡេង សុបិន្ត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី៣-ឈ្មោះស ចិត្រា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល។ ទី៤-ឈ្មោះ ខុន ដែន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល។ ទី៥-ឈ្មោះរុន ភារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល។ ទី៦-ឈ្មោះខឿន ចៀន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល។ ទី៧-ឈ្មោះលី ប្រុសហេង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល។ ទី៨-ឈ្មោះលីម សុខលាភ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងក្រពើ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី៩-ឈ្មោះ គ្រៀល សុខឃាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល និងទី១០-ឈ្មោះអួង លីហុង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល។

ជនសង្ស័យទាំង១០នាក់ខាងលើ សុទ្ធតែមានសារធាតុញៀនក្នុងខ្លួន ហើយក្នុងនោះ មានអ្នកលួចម៉ូតូ និងអ្នកទទួលទិញម៉ូតូ (ទទួលផលចោរកម្ម)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលឈានដល់ការឃាត់ខ្លួនក្រុមចោរ និងអ្នកទទួលផលចោរកម្ម ១សម្បុកខាងលើ កម្លាំងនគរបាលខណ្ឌកំបូល បានចុះធ្វើរដ្ឋបាល នៅក្នុងភូមិសាស្ត្រងាយរងគ្រោះ និងស្មុគស្មាញ។ លុះពេលទៅដល់ត្រង់ចំណុចផ្ទះជួលខាងលើ ក៏បានឃើញបន្ទប់ជួលមួយបិទទ្វារជិត ហើយដោយមានការសង្ស័យ កម្លាំងនគរបាល បានចូលធ្វើការឆែកឆេរ ស្រាប់តែឃើញសង្ស័យទាំង១០នាក់ កំពុងស្នាក់នៅជុំគ្នា ក៏ឃាត់សាកសួរ ទើបដឹងថាជាមុខសញ្ញាចោរកម្ម។

ប្រភពដដែល បន្តថា បន្ទាប់ពីឃាត់ខ្លួនក្រុមជនសង្ស័យទាំង១០នាក់ខាងលើ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ដាវកែច្នៃ ចំនួន ៣ដើម។ ស្លាកលេខម៉ូតូ ចំនួន២បន្ទះ (ភ្នំពេញ 1IV-2138 និងភ្នំពេញ 1T-7097)។ ដែកកែច្នៃចុងស្រួច ចំនួន១។ ឧបករណ៍សម្រាប់កាច់សោ កម៉ូតូ១ និងឧបករណ៍កែច្នៃសម្រាប់ជក់ថ្នាំញៀន ១កំប្លេ។

បន្ទាប់មក សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង១០នាក់ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីសាកសួរ ទើបដឹងថាក្នុងចំណោមជនសង្ស័យទាំង១០នាក់នោះ មាន៤នាក់ ជាមុខសញ្ញាលួចកាច់កម៉ូតូ នៅក្នុងមូលដ្ឋានស្រុកអង្គស្នួល ខេត្តកណ្តាល។

បន្ទាប់មក សមត្ថកិច្ចជំនាញខណ្ឌកំបូល បានបញ្ជូនជនសង្ស័យចំនួន៤នាក់ ទៅឱ្យសមត្ថកិច្ចជំនាញស្រុកអង្គស្នួល ខេត្តកណ្តាល ជាម្ចាស់ករណី។ ចំណែក៦នាក់ទៀត ឃុំខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលខណ្ឌកំបូល ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់៕

RELATED ARTICLES