Wednesday, May 1, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីប្រពន្ធមេតុងទីន ៥០លានដុល្លារ តុលាការសម្រេចដាក់គុកទាំង២

ប្តីប្រពន្ធមេតុងទីន ៥០លានដុល្លារ តុលាការសម្រេចដាក់គុកទាំង២

ខេត្តកំពង់ចាម ៖ មេតុងទីន ២នាក់ប្តីប្រពន្ធ ដែលត្រូវក្រុមអាជីវករផ្សារស្ពឺ ស្រុកចម្ការលើ ប្តឹងចោទប្រកាន់ថា បានប្រមូលលុយតុងទីន ប្រមាណ៥០លានដុល្លារ រត់គេចខ្លួននោះ ទីបំផុត ត្រូវបានសាលាដំបូងខេត្តកំពង់ចាម សម្រេចឃុំខ្លួនទាំង២នាក់ប្តីប្រពន្ធ ជាបណ្តោះអាសន្ន និងបានបញ្ជូនទៅពន្ធនាគារខេត្តកំពង់ចាម ដើម្បីបន្តចាត់ការស៊ើបសួរតាមច្បាប់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកំពង់ចាម ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ស្តីពីចំណាត់ការសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងឈ្មោះសាន សុវណ្ណាលីស និង ឈ្មោះណេង ស៊ុនហេង បានបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពង់ចាម បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌ លេខ ៣២៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ដែលមានជនត្រូវចោទ ឈ្មោះសាន សុវណ្ណាលីស ភេទស្រី អាយុ៣០ឆ្នាំ និងឈ្មោះណេង ស៊ុនហេង ភេទប្រុស អាយុ ៣២ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ៖ ឆបោក និង រំលោភលើទំនុកចិត្ត មានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនល្មើស ប្រព្រឹត្តនៅចំណុចភូមិស្តីលិច ឃុំស្ពឺ ស្រុកចម្ការលើ ខេត្តកំពង់ចាម កាលពី អំឡុងឆ្នាំ២០២២ រហូតដល់ ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងនិងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧៧, ៣៧៨ និងមាត្រា ៣៩១, ៣៩៤ កឋាខណ្ឌ១ ចំណុចទី១ នៃក្រមព្រហ្មទណ្ឌ។

បន្ទាប់ពីបានធ្វើការសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ឯកសារពាក់ព័ន្ធនានានៅក្នុង សំណុំរឿង ព្រមទាំងបានពិចារណាលើ អង្គហេតុ និងអង្គច្បាប់គ្រប់ជ្រុងជ្រោយ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម បានសម្រេចធ្វើការឃុំខ្លួនជនត្រូវចោទទាំង០២រូបខាងលើ ជាបណ្តោះអាសន្ន និងបានបញ្ជូនទៅពន្ធនាគារខេត្តកំពង់ចាម ដើម្បីបន្តចាត់ការស៊ើបសួរតាមនីតិវិធីច្បាប់។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ចាម សូមបញ្ជាក់បន្ថែមថា សាលាដំបូងខេត្តកំពង់ចាម នឹងបន្ត ចាត់ការសំណុំរឿងនេះឱ្យបានត្រឹមត្រូវ តាមនីតិវិធីជាធរមាន។ សាលាដំបូងខេត្តកំពង់ចាមនឹងប្រកាស ព័ត៌មានជូនសាធារណៈជនជាបន្តបន្ទាប់ក្រោយទៀត នៅពេលមានចំណាត់ការថ្មី។

គួររំលឹកថា ប្តីប្រពន្ធជាមេតុងទីន ២នាក់ ដែលត្រូវក្រុមអាជីវករផ្សារស្ពឺ ស្រុកចម្ការលើ ប្តឹងចោទប្រកាន់ថា បានប្រមូលលុយតុងទីន ប្រមាណ ៥០លានដុល្លារ រត់គេចខ្លួនបាត់នោះ ត្រូវបានកម្លាំងជំនាញអាវុធហត្ថ ស្រាវជ្រាវឃាត់ខ្លួនបាន កាលពីវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅចំណុចខុនដូ ១កន្លែង ម្តុំបឹងទំពុន ស្ថិតនៅក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ ដែលត្រូវបានឃាត់ខ្លួន ស្ត្រីជាប្រពន្ធ មានឈ្មោះសាន សុវណ្ណាលីស ភេទស្រី អាយុ៣០ឆ្នាំ ចំណែក បុរសជាប្តី មានឈ្មោះណេង ស៊ុនហេង ភេទប្រុស អាយុ៣២ឆ្នាំ។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា ក្រោមកិច្ចសហប្រតិបត្តិការរវាងអាវុធហត្ថខេត្តកំពង់ចាម និងកងរាជអាវុធហត្ថរាជ ធានីភ្នំពេញ ទីបំផុតកម្លាំងជំនាញអាវុធហត្ថបានតាមចាប់ខ្លួនមេទុងទីន ២នាក់ប្តីប្រពន្ធបាន ខណៈដែលពួកគេកំពុងតែសម្ងំលាក់ខ្លួននៅខុនដូ ១កន្លែង ពាក់ព័ន្ធករណីឆបោកលុយកូនតុងទីន រហូតដល់រាប់សិបលានដុល្លារ នៅស្រុកចម្ការលើ។

លោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តកំពង់ ចាម បានឱ្យដឹងកាលពី រសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ថា ក្រោយពីមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ដោយបងប្អូនអាជីវករផ្សារស្ពឺ ស្រុកចម្ការលើ រាប់រយនាក់ បានឆោឡោរឿងចាញ់បោកមេតុងទីន ឈ្មោះសុវណ្ណាលីស បានគ្នាមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកចម្ការលើ ជាហូរហែ។

ជាមួយនោះ ដោយទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឱ្យកម្លាំងមន្ត្រីក្រោម ឱវាទ ចុះស្រាវជ្រាវជាបន្ទាន់ ដើម្បីតាមចាប់ខ្លួនមេតុងទីន ពាក់ព័ន្ធករណីឆបោកលុយរាប់លានដុល្លារ។ ទីបំផុតនៅវេលាម៉ោង១ និង៤០នាទី រសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ កម្លាំងកងរាជ អាវុធហត្ថខេត្តកំពង់ចាម បានពន្លាតដែនសមត្ថកិច្ច ដោយសហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ទាំង២នាក់ប្តីប្រពន្ធ (ឈ្មោះសាន សុវណ្ណាលីស និងប្តីឈ្មោះណេង ស៊ុនហេង) នៅចំណុចខុនដូមួយកន្លែង ម្តុំបឹងទំពុន ស្ថិតក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ការឃាត់ខ្លួនជនសង្ស័យទាំង២ នាក់ប្តីប្រពន្ធខាងលើ ធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួន លេខ០២ និងលេខ០៣ អ.យ.ជ/២០២៤ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ចេញដោយ លោកសេង រិទ្ធី ព្រះរាជ អាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងឆបោក (តុងទីនអនឡាញ)។

ក្រោយឃាត់ខ្លួន កម្លាំងជំនាញបានបញ្ជូនជនសង្ស័យទាំង២នាក់ប្តីប្រពន្ធខាងលើ ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES