ខេត្តព្រះសីហនុ ៖ ទីតាំងហាងខារ៉ាអូខេ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះបង្កឱ្យរងការខូចខាតស្ទើរទាំង ស្រុង និងត្រូវបានកម្លាំង សមត្ថកិច្ចជំនាញ គ្រប់ស្ថាប័នសហការគ្នាអន្តរាគមន៍ បញ្ជូនរថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់ អស់សរុបចំនួន៦៨ឡាន ទើបអាចគ្រប់គ្រងស្ថាន ការណ៍បានទាំងស្រុង។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ នៅចំណុច ហាងខារ៉ាអូខេ ស៊ីនហាយ មានទីតាំងស្ថិតនៅម្តុំជិតរង្វង់មូលតោ២ ក្រុមទី១២ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

បន្ទាប់ពីទទួលបានព័ត៌មានថាមានហេតុការណ៍អគ្គិភ័យភ្លាមៗ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំកងកម្លាំងនគរបាល នៃការិយាល័យបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ ចំណុះស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ក្រុមសង្គ្រោះ៧១១ ព្រលានយន្តហោះកងកេង កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្រុមហ៊ុន GTVC បានធ្វើការពន្លត់អគ្គិភ័យខាងលើ រហូតដល់ភ្លើងបានរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង៣រសៀលថ្ងៃដដែល ដោយបានប្រើប្រាស់ទឹកបាញ់ពន្លត់ សរុបចំនួន៦៨ឡាន។

តាមការបញ្ជាក់ឱ្យដឹងពីសមត្ថកិច្ច ករណីអគ្គិភ័យនេះ មិនរាលដាលប៉ះពាល់ដល់អគារក្បែរខាងឡើយ និងមិនមានមនុស្សរងគ្រោះនោះទេ។ ចំពោះ ទ្រព្យសម្បត្តិ និងសម្ភារៈក្នុងហាងខារ៉ាអូខេ រងការខូចខាតស្ទើរទាំងស្រុង។ ដោយឡែកមូលហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ នៅឡើយ៕




