Wednesday, May 1, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចលុយបងថ្លៃ ១០ម៉ឺនដុល្លារ លេងល្បែងចាញ់អស់ ជាប់ខ្នោះ

លួចលុយបងថ្លៃ ១០ម៉ឺនដុល្លារ លេងល្បែងចាញ់អស់ ជាប់ខ្នោះ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ ត្រូវបានបងថ្លៃរបស់ខ្លួន ដែលបើករកស៊ីដីឡូត៍ ទុកចិត្ត ប្រគល់ឱ្យកាន់លុយចំណូលចំណាយ ស្រាប់បែកគំនិតកិបកេងលុយបងថ្លៃរបស់ខ្លួន សរុបជាង១០ម៉ឺនដុល្លារ យកមកប្រើប្រាស់ផ្ទាល់ខ្លួន និងលេងល្បែងចាញ់អស់ លុះរឿងរ៉ាវបែកធ្លាយ ត្រូវបងថ្លៃប្តឹងកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

បានឃាត់ស្ត្រីសង្ស័យ ធ្វើឡើងកាលពីវេលាម៉ោង ៧និង១២នាទីយប់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ស្ត្រីសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះវិន សុភក្ត្រា អាយុ៣៧ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា ស្ត្រីឈ្មោះវិន សុភក្ត្រា ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន ពាក់ព័ន្ធករណីលួចលុយបងថ្លៃ ដែលជាម្ចាស់ក្រុមហ៊ុនពុះដីឡូត៍លក់ ចំនួនជាង ១០ម៉ឺនដុល្លារ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០២០ រហូតដល់ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ប្រភពដដែល បន្តថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឃាត់ស្ត្រីសង្ស័យឈ្មោះវិន សុភក្ត្រា កាលពីវេលាម៉ោង ៧និង១២នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ តាមពាក្យបណ្តឹង ជនរងគ្រោះចំនួន២នាក់ ទី១-ឈ្មោះងួន ប៊ុនរី ភេទប្រុស អាយុ៣៩ឆ្នាំ មានលំនៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងទី២-ឈ្មោះ ខេង សេងថៃ ភេទប្រុស អាយុ៣៨ឆ្នាំ មានលំនៅក្នុងក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា តាមការបំភ្លឺរបស់ដើមបណ្តឹងទាំង២នាក់ បានបញ្ជាក់ថា នៅអំឡុងឆ្នាំ២០១៨ ជនរងគ្រោះទាំង២នាក់ បានចូលហ៊ុនគ្នាបើកក្រុម ហ៊ុនពុះដីឡូត៍លក់ ដែលមានទីតាំងនៅសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ហើយបានឱ្យឈ្មោះវិន សុភក្ត្រា (ជន សង្ស័យ) ត្រូវជាប្អូនថ្លៃរបស់ពួកខ្លួន ជាអ្នកទទួលប្រាក់ពីអតិថិជន ដែលទិញដីឡូត៍របស់ក្រុមហ៊ុនខាងលើ ហើយខាងក្រុមហ៊ុន បានលក់ដីឡូត៍អស់ តែមិនឃើញមានប្រាក់ក្នុងគណនេយ្យ ទើបមានការសង្ស័យ រហូតនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ខាងក្រុមហ៊ុនពុះដីឡូត៍ បានត្រួតពិនិត្យមើលក្នុងគណនេយ្យ ទើបដឹងថា ជន សង្ស័យបានលួចប្រាក់របស់ក្រុមហ៊ុនអស់សរុបចំនួន ១០១ ៦៩៣ដុល្លារ ដោយជនសង្ស័យបានលួចយកប្រាក់ថ្លៃឈ្នួលផ្ទះមួយចំនួនទៀត មិនបានបាញ់ចូលគណនីរបស់ក្រុមហ៊ុនឡើយ ។ ក្រោយមកខាងក្រុមហ៊ុនដីឡូត៍ បានហៅជនសង្ស័យ មកទូទាត់ប្រាក់ តែជនសង្ស័យបាននិយាយថា ប្រាក់ទាំងអស់នោះ បានយកទៅប្រើ ប្រាស់រកស៊ីផ្ទាល់ខ្លួន និងលេងល្បែងអស់ហើយ។

ក្រោយពីទទួលបានរបាយការណ៍សុំបើកការស៊ើបអង្កេតបឋមរបស់មូលដ្ឋានកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែត នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ការិយាល័យជំនាញ បានធ្វើរបាយការណ៍សុំបើកការស៊ើបអង្កេតបឋម ទៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ តាម នីតិវិធី ដោយទទួលបានដីកាសម្រេចឱ្យបើកការស៊ើប អង្កេតបឋម លេខ៤៧១ អយ.ក ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២៤ របស់លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា ក្រោយពីទទួលបានដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋម ការិយា ល័យជំនាញបានបញ្ជូន ដីកាទៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីចំណាត់ការតាមនីតិវិធី។ រហូតដល់វេលាម៉ោង២រសៀល ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ដើមបណ្តឹងខាងលើ បាននាំឈ្មោះវិន សុភក្ត្រា មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរពាក់ព័ន្ធករណីរឿងហេតុខាងលើ ហើយធ្វើការឃាត់ខ្លួនតែម្តង។

ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានយកប្រាក់របស់ក្រុមហ៊ុនប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿង បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការ បន្តតាមនីតិវិធី។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES