Wednesday, May 1, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកើតកូនបាន១០ថ្ងៃ ដាច់បាយ ម្តាយបីកូនខ្ចី ដើរសុំទាន

កើតកូនបាន១០ថ្ងៃ ដាច់បាយ ម្តាយបីកូនខ្ចី ដើរសុំទាន

ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ ទើបនឹងសម្រាលកូនបាន ១០ថ្ងៃ មិនទាន់រឹងដៃជើងផង ប៉ុន្តែដោយទីទ័លក្រ អត់អង្កដាំបាយស៊ី ក៏ដាច់ចិត្តបីកូនខ្ចី ដើរក្រោមកណ្តាលថ្ងៃត្រង់ ក្តៅហែង សុំទានគេ ដើម្បីបានលុយទិញបាយហូប ដោះទ័លមួយគ្រាៗ។

ស្ត្រីអភ័ព្វ ទើបនឹងមានអាយុ១៩ឆ្នាំប៉ុណ្ណោះ សព្វថ្ងៃស្នាក់នៅខាងក្រោយវត្តច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ បានឱ្យដឹងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ថា ស្ត្រីវ័យ ១៩ឆ្នាំម្នាក់នោះ ទើបនឹងសម្រាលកូនបាន១០ថ្ងៃ កំពុងរស់នៅក្នុងទីជម្រកដែលចងបិទបាំងនិងហ៊ុមព័ទ្ធដោយកាកសំណល់និងសំរាម នៅក្រោយវត្តច្បារអំពៅ យ៉ាងលំបាកវេទនា ហើយអ្វីដែលកាន់តែអាណិតខ្លោចចិត្តទៅទៀតនោះ គឺពេលសម្រាលកូនបាន ១០ថ្ងៃ  អត់អង្កដាំបាយហូប ក៏បានបីកូនខ្ចី ដើរហាលថ្ងៃ សុំទានគេ។

លោកផន ផល្លា ប្រធានមណ្ឌលមែកឈើ ដែលបានទៅជួប និងឃើញទីជម្រកដ៏សែនកម្សត់របស់ស្ត្រីខាងលើ បានបញ្ជាក់ថា “ការពិតគ្នារស់នៅជាមួយសំរាម និងកាកសំណល់ដែលគេចោលសល់តែប៉ុណ្ណោះ ខ្ញុំបានលូនចូលទៅបីទារក ចេញពីកន្លែងដែលបានចងបិទបាំងដោយហ៊ុមព័ទ្ធដោយកាកសំណល់ និងសំរាមទាំងនោះ ចេញមកខាងក្រៅ…”។

លោក ផន ផល្លា បានបន្តថា “ខ្ញុំបានកត់សម្គាល់ឃើញថា ទាំងកម្រាលដេក និងអ្វីៗដែលជាជម្រករបស់គេនោះ ពោរពេញដោយភាពកខ្វក់ និងក្លិនមិនល្អគ្រប់បែបយ៉ាង។ ខ្ញុំស្រណោះតែទារកតូចនោះទេ ដែលត្រូវដាក់ឱ្យដេកនៅទីនោះ ហើយក្នុងស្ថានភាពបែបនោះ ខែនេះក្តៅណាស់ អ្វីដែលកាន់តែខ្លោចចិត្ត គឺប្អូនស្រីដែលត្រូវជាម្តាយនេះ បានយកទឹក ចាក់ពីលើក្រណាត់ភួយដែលបានយកចងធ្វើជាដំបូលនោះ ដើម្បីកុំឱ្យវាឆួលកម្តៅក្តៅខ្លាំងពេក នាពេលថ្ងៃ…”។

លោក ផន ផល្លា បានបញ្ជាក់បន្តថា “កើតកូនបានពីរថ្ងៃ ប្អូនបានបីកូន ដើរសុំអីគេហូបទៅហើយ រហូតមកដល់ថ្ងៃនេះ ទារកតូច គឺមានអាយុ ១០ថ្ងៃត្រឹម។ យ៉ាងណា ការទៅជាលើកទី២ របស់ខ្ញុំ នៅថ្ងៃខានស្អែក ទើបជាដំណោះស្រាយសម្រាប់ប្អូនស្រី ហើយនិងកូនរបស់ប្អូន។ ល្ងាចនេះ ខ្ញុំបានមករាងយប់ដែរហើយ…”។

បន្ទាប់ពីបានឃើញនូវស្ថានភាពជីវភាពរបស់ស្ត្រីជាម្តាយ និងកូនតូចខាងលើរួចមក មហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ជាច្រើន បានសម្តែងនូវទឹកចិត្តអាណិតអាសូរ និងអំពាវនាវសុំឱ្យសប្បុរសជន មេត្តាជួយដល់ក្រុមគ្រួសារទុរគតមួយនេះផង៕

RELATED ARTICLES