Wednesday, May 1, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគូស្នេហ៍លក់ថ្នាំញៀន ប៉ូលិសចុះចាប់ដល់ផ្ទះ

គូស្នេហ៍លក់ថ្នាំញៀន ប៉ូលិសចុះចាប់ដល់ផ្ទះ

ខេត្តកណ្តាល ៖ គូស្នេហ៍១គូ បានទិញថ្នាំញៀន តម្លៃ៣០ម៉ឺនរៀល យកមកចែករំលែកលក់បន្ត ចំនួន៦ដង រួចមកហើយ ស្រាប់តែលើកចុងក្រោយ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវ ចុះបង្ក្រាបឃាត់ខ្លួនទាំង២នាក់ ដល់ក្នុងផ្ទះតែម្តង។

ករណីបង្ក្រាបការជួញដូរដោយខុសច្បាប់នូវសារធាតុញៀននេះ បានធ្វើឡើងកាលពីវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ។

ជនសង្ស័យជាគូស្នេហ៍ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះរឿន វិសាល ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ (ធ្លាប់ជាប់ពន្ធនាគារ២ឆ្នាំ) និងទី២-ឈ្មោះរីម ចំរើន ភេទស្រី អាយុ១៩ឆ្នាំ មុខរបរមិនពិត ប្រាកដ មានស្រុកកំណើតនៅភូមិច្រេះ ឃុំចន្ទ្រា ស្រុកត្រពាំងធ្លក ខេត្តស្វាយរៀង សព្វថ្ងៃស្នាក់នៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ។ រីឯ វត្ថុតាងចាប់យក រួមមាន ៖ ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកក) ចំនួន៥កញ្ចប់ (មធ្យម៣កញ្ចប់  តូច២កញ្ចប់) ទម្ងន់ ១,៨២ក្រាម។ ២-សម្ភារៈប្រើប្រាស់និងវេចខ្ចប់ថ្នាំញៀន មួយចំនួន។ ៣-ទូរស័ព្ទ ចំនួន១គ្រឿង ម៉ាក Oppo ពណ៌ទឹកប៊ិក។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដំបូងមានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានសកម្មភាពជួញដូរនិងប្រើប្រាស់ថ្នាំញៀន នៅផ្ទះរបស់ឈ្មោះរឿន វិសាល។ ភ្លាមៗសមត្ថកិច្ចបានចុះមកដល់ផ្ទះកើតហេតុ បានឃើញឈ្មោះ រឿន វិសាល និងឈ្មោះ រីម ចំរើន ភេទស្រី និងបានឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ម៉ាទឹកកក ចំនួន៥កញ្ចប់ និងសម្ភារៈវេចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន រួចកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង យកមកផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ថ្នាំញៀន ទាំង៥កញ្ចប់នេះ ពិតជារបស់ពួកខ្លួនមែន ដោយពួកខ្លួន ទើបតែទិញពីឈ្មោះឡុង ដាលីន ហៅជ្រូក (រត់គេចខ្លួន) ក្នុង១កញ្ចប់ធំ តម្លៃ ៣០ម៉ឺនរៀល យកមកវេចខ្ចប់ជាកញ្ចប់តូចៗ ទុកលក់បន្ត។ ហើយកន្លងមក ខ្លួនធ្លាប់ទិញថ្នាំញៀន (ម៉ាទឹកកក) ពីឈ្មោះឡុង ដាលីន ហៅជ្រូក ចំនួន៦ដងមកហើយ ដោយទិញក្នុង ១ដងៗ តម្លៃ៣០ម៉ឺនរៀល។

ក្រោយបានចម្លើយសារភាពរបស់ជនសង្សយ័ទាំង២នាក់រួច កម្លាំងសមត្ថកិច្ចបានបន្តស្វែងរកជនសង្ស័យឈ្មោះឡុង ដាលីន ហៅជ្រូក អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ តែជនសង្ស័យ បានគេចខ្លួនបាត់ មុនពេលសមត្ថកិច្ចចុះទៅដល់។

ជនសង្ស័យទាំង២នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES