Saturday, May 4, 2024
Homeព័ត៌មានជាតិកំណើនសេដ្ឋកិច្ចខ្ពស់ អ្នកវិភាគ-អ្នកនយោបាយថា មិនមែនមានន័យជីវភាពពលរដ្ឋធូរធារ

កំណើនសេដ្ឋកិច្ចខ្ពស់ អ្នកវិភាគ-អ្នកនយោបាយថា មិនមែនមានន័យជីវភាពពលរដ្ឋធូរធារ

ភ្នំពេញ ៖ អ្នកវិភាគ និងអ្នកនយោបាយ បានលើកឡើងថា គម្លាតអ្នកមាន និងរដ្ឋ ឃ្លាតគ្នាឆ្ងាយណាស់ ដូចមេឃនិងដី ខណ:ដែលមន្ទីរពេទ្យរដ្ឋ ខ្វះសម្ភារៈ ប្រជាពលរដ្ឋក្រីក្រ មានជំងឺ រកប្រាក់ទៅព្យាបាលមិនបាន ផ្ទុយទៅវិញ អ្នកមាន ប្រឹងសម្ញែងកាបូប តម្លៃរាប់ម៉ឺនដុល្លារ ឡូយឆាយ ហ៊ឺហា លុយចាយពេញដៃ ។ ជាមួយនេះដែរ អ្នកវិភាគ និងអ្នកនយោបាយដដែល បានលើកឡើងថា ទោះបីរាជរដ្ឋាភិបាល អះអាងថា កម្ពុជា មានកំណើនសេដ្ឋកិច្ច GDP ខ្ពស់ ក៏មិនមែនមានន័យថា ពលរដ្ឋមានជីវភាពធូរធារនោះទេ ។

លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវសង្គមដើម្បីការអភិវឌ្ឍ បានបញ្ជាក់តាមរយៈគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ពេលចូលក្នុងមន្ទីរពេទ្យ ឃើញការខំប្រឹងប្រែងរបស់គ្រូពេទ្យនិងបុគ្គលិក តែមានការខ្វះខាតសម្ភារៈ ហើយងាកមកមើលសិល្បករខ្មែរល្បីៗខ្លះ សម្ញែងកាបូបស្ពាយ មួយតម្លៃរាប់ម៉ឺនដុល្លារ! គម្លាតរវាងអ្នកមាន និងរដ្ឋ!“ ។

លោកបណ្ឌិត មាស នី បញ្ជាក់បន្ថែមនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ថា ការមានកំណើនសេដ្ឋកិច្ច GDP ខ្ពស់ មិនមែនមានន័យថា ពលរដ្ឋប្រទេសនោះ មានជីវភាពធូរធារនោះឡើយ ប្រសិនបើការចែកចាយផលនៃកំណើនត្រឡប់ទៅឱ្យសង្គម និងពលរដ្ឋវិញ មិនបានធ្វើឡើងប្រកបដោយសមធម៌ និងសុចរិតភាពទេនោះ ឧទាហរណ៍ យកលុយទៅប្រើខុសផ្លូវ ពុករលួយខ្លាំងនៅក្បាលម៉ាស៊ីនខាងលើ ផលត្រូវបានគេប្រមូលតែក្នុងដៃក្រុមមនុស្សតែមួយចំនួនតូច ។ ល។ សញ្ញានៃផលវិបាក មានជាអាទិ៍ ដូចជា គម្លាតរវាងអ្នកមាន-អ្នកក្រ កើតកាន់តែធំ អំពើពុករលួយ ក្លាយជាមហារីក រីករាលដាល អំពើអយុត្តិធម៌សង្គម ដោយសារតែអ្នកប្រមូលផល ក្លាយទៅជាមានអំណាច រំលោភលើអ្នកទន់ខ្សោយ  អាចឈានទៅដល់អស្ថិរភាពសង្គម ប្រសិនបើគេមិនបានកែតម្រូវឲ្យទាន់ពេលវេលាទេនោះ ។

ដោយឡែក លោកមាជ សុវណ្ណារ៉ា អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ថា គម្លាតអ្នកមាននិងអ្នកក្រ គឺអ្នកមាន មានបានដោយខុសពីគន្លងនៃសុចរិតភាព ខុសពីភាពយុត្តិធម៌ ការជិះជាន់ គាបសង្កត់ បំផ្លាញភោគទ្រព្យរដ្ឋ  ហើយការងាររដ្ឋ ស្ថាប័នខ្លះ ដូចជាមន្ទីរពេទ្យរដ្ឋ អត់មានអ្វីជាសម្ភារៈទំនើប ពលរដ្ឋមិនមានលំនឹងក្នុងការព្យាបាល ខណៈពួកគាត់មានជីវភាពក្រីក្រ ត្រដាបត្រដួស ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំថាឈរលើទិដ្ឋភាពច្បាប់ ទិដ្ឋភាពនៃការគិតអំពីបុគ្គលម្នាក់ៗ ទៅនឹងជំនួយមនុស្ស ហើយនិងក្រុមដែលមើលឃើញអំពីអាត្មានិយម ទាក់ទងទៅនឹងលាភសក្ការៈ ។ អ៊ីចឹងយើងចែកជា ៣ចំណុច ហើយបើទោះបីជាគំនិតមនុស្សម្នាក់ៗ វាមិនដូចគ្នា តែសម្រាប់ប្រទេសមួយដែលមានអំពើពុករលួយ ប្រទេសដែលមិនបានអនុវត្តនីតិរដ្ឋឲ្យប្រាកដប្រជា គឺថាអំណាចប្រមូលផ្ដុំ អំណាចហួសព្រំដែន អំណាចលូកចូលទៅក្នុងនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ នីតិតុលាការ ដោយអ្នកដឹកនាំដែលមិនឈរលើគោលការណ៍នីតិរដ្ឋ ។ ជាពិសេសច្បាប់រដ្ឋធម្មនុញ្ញ គឺថាយើងមិនអនុវត្ត យើងប្រើនូវអំណាច មានន័យថា អំណាចធំជាងច្បាប់ អំណាចយកច្បាប់មកទ្រាប់អង្គុយ ដើម្បីបង្ហាញនូវឥទ្ធិពលនយោបាយ បង្ហាញនូវប្រជាភិថុតិនយោបាយ បង្ហាញនូវគ្រួសារ បក្ខពួកនិយម ។ អ៊ីចឹងហើយ និរន្តរភាព សុចរិតភាព តម្លាភាពក្នុងការគ្រប់គ្រងជាតិ គ្រប់គ្រងប្រជាពលរដ្ឋឲ្យមានសណ្ដាប់ធ្នាប់ មានវិន័យនៃមន្រ្តីរាជការ គឺថាវាច្របូកច្របល់គ្នា អ្វីដែលយើងមើលឃើញ គឺថាមនុស្ស សង្គមខ្មែរនេះ គឺថាដណ្ដើមគ្នារស់ បង្ហាញនូវសម្ភារនិយម ហើយបាត់នូវក្ដីមេត្តាករុណា ពួកគាត់ហាក់បីដូចជាមិនយល់អ្វីជាផ្លូវសីល៥ ។ កាលណាគាត់មិនយល់ពីផ្លូវសីល៥ គាត់ធ្លាក់ទៅក្នុងភាពអវិជ្ជា ។ ភាពអវិជ្ជា  មិនមែនមានន័យថា គាត់អត់មានចំណេះដឹងទេ ។ អ្នកមានចំណេះដឹងហើយ ក៏គេហៅថា អវិជ្ជាដែរ បើសិនជាគាត់ធ្លាក់ទៅក្នុងអ្វីជាអំពើលោភលន់ ទោសៈ លោភៈ មោហៈ ដោយអំណាច ដោយលុយកាក់ ចង់បានឥតប្រមាណ ជិះជាន់គាបសង្កត់ បឺតញើសឈាមគេ ធ្វើឲ្យគេឈឺចាប់ រងនូវភាពអយុត្តិធម៌ ពីសំណាក់ដែលពួកគាត់ហ្នឹងប្រើលុយ ប្រើបក្ខពួក អំណាចបុណ្យស័ក្ដិ លាភសក្ការៈ ។ អ៊ីចឹងហើយ យើងឃើញថា ងាកមកពីគម្លាតអ្នកមានហ្នឹង គឺអ្នកមានដោយគាត់ខុសពីគន្លងនៃសុចរិត ខុសពីភាពយុត្តិធម៌ ការជិះជាន់ ការគាបសង្កត់ ការបំផ្លាញភោគទ្រព្យរដ្ឋហ្នឹង ធ្វើឲ្យពួកគាត់ហ្នឹងលេចធ្លោ ដោយមិនមានគុណធម៌ សីលធម៌ ដោយការរកស៊ីហ្នឹង វាភាគតិចណាស់នៃសុចរិត ក្រៅតែពីផ្លូវងងឹត ក្រៅតែពីការបំផ្លាញភោគទ្រព្យជាតិ ក្រៅតែពីគាបសង្កត់ បឺតញើសឈាមរដ្ឋ តាមរយៈថវិកាជាតិអីអ៊ីចឹងទៅ យើងមើលជាទិដ្ឋភាព យើងមើលថា អ្វីជាការងាររដ្ឋ ស្ថាប័នខ្លះ ដូចជាមន្ទីរពេទ្យរដ្ឋ អីហ្នឹង គឺវាអត់មានអ្វីជាសម្ភារៈទំនើប ដោយសាររដ្ឋ មិនដាក់ថវិកា មិនពង្រឹងច្បាប់ មន្រ្តីជាគ្រូពេទ្យ បុគ្គលិក វេជ្ជបណ្ឌិតហ្នឹង គាត់ខ្វះនូវវិជ្ជាជីវៈ ប្រកបទៅដោយក្រមសីលធម៌ ក្រៅតែពីគិតគូរថា ក្រុមគ្រួសារខ្លួន បើកគី្លនិក បើកអីអ៊ីចឹងទៅ គឺថាមិនបានមានរបៀបសណ្ដាប់ធ្នាប់ មើលពិនិត្យដល់អ្នកជំងឺដែលជាប្រជារាស្រ្តស្លូតត្រង់ ដែលគាត់ក្រ គាត់មិនបានទៅមានអ្វីជាតម្លាភាព មានអ្វីជាយុត្តិធម៌សម្រាប់ឲ្យគាត់ហ្នឹងមានលំនឹងក្នុងការព្យាបាល ខណៈគាត់មានជីវភាពក្រីក្រ ត្រដាបត្រដួស គ្មានលុយកាក់ហ្នឹង ហើយទៅមើលជំងឺ លុយមិនដល់ ការយកចិត្តទុកដាក់ហ្នឹង វាបាត់នូវក្រមសីលធម៌ សម្ដីសំដៅហ្នឹងគ្មានសុជីវធម៌ ក្នុងនាមជាបុគ្គលិក ជាគ្រូពេទ្យហ្នឹង ហាក់បីដូចជាកន្លែងពេទ្យរដ្ឋហ្នឹង ជាពេទ្យរបស់ពួកគាត់ គ្មានការរាក់ទាក់ទំនាក់ទំនងអីហ្នឹង“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងហើយ ធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច ប្រជាពលរដ្ឋក្រ ត្រូវការពុករលួយ សូកលុយ សូកកាក់ ធ្វើឲ្យគាត់ហ្នឹងមើលជំងឺ ចិញ្ចឹមជំងឺ ឬក៏មិនមើលក្នុងកិច្ចការរបស់ប្រទេសជាតិ ជាការងារមន្ទីរពេទ្យរដ្ឋ បែរជាទៅមើលខាងគ្លីនិករបស់ពួកគាត់ គាត់យកម៉ោងរដ្ឋ ទៅធ្វើកិច្ចការងារនៅក្នុងមន្ទីរពេទ្យឯកជនអីអ៊ីចឹង ។ អាហ្នឹងហើយជាការមើលឃើញថា ការដែលមិនមានវប្បធម៌នៃក្ដីសន្ដោស ក្ដីអត់ឱន មេត្តាករុណាឲ្យគ្នាហ្នឹងហើយ វាបាត់នូវវប្បធម៌នៃការចែករំលែក ការជួយគ្នាជាសង្គហធម៌ សង្រ្គោះ ដោយអភ័យទាន ដោយការផ្ដល់នូវទាន បច្ច័យ ផ្ដល់នូវសម្ភារៈទាន ផ្ដល់នូវកម្លាំងលើកទឹកចិត្តអីហ្នឹង វាអត់មានអាជាសុជីវធម៌ ជាពលរដ្ឋដែលត្រូវដឹងអំពីអ្វីជាផ្លូវសីលធម៌ គុណធម៌ ការចែករំលែកជួយសង្រ្គោះគ្នា វាអត់មាន មានតែការដណ្ដើមគ្នារស់ ការជាន់ថែមនៃការគាបសង្កត់ ការបង្កើតអំពើពុករលួយ ការជិះជាន់នៃគ្រួសារ បក្ខពួក ហើយប្រើប្រជាភិថុតិនយោបាយ រើសអើងនិន្នាការបក្សទៅទៀត ។ អាហ្នឹងហើយ ធ្វើឲ្យសង្គមវាទៅជាអនាធិបតេយ្យ គ្មានសីលធម៌ គុណធម៌ ការរស់នៅបាត់នូវសណ្ដាប់ធ្នាប់ បាត់នូវវិន័យ បាត់នូវសុជីវធម៌រវាងក្មេងចាស់ រវាងអ្នកមាន អ្នកក្រ រវាងអ្នកធំ អ្នកតូច វាអត់មានថា សិទ្ធិស្មើគ្នាដែលធានានិងការពារដោយរដ្ឋធម្មនុញ្ញ គឺថាជឿជាក់ទៅលើសាសនា សិទ្ធិជឿជាក់ទៅលើការនិយាយស្ដី សិទ្ធិដែលមិនមានការអត់ឃ្លាន សិទ្ធិដែលមិនមានការគំរាមកំហែង បំភិតបំភ័យហ្នឹង គឺវាទៅជាប៉ាតណាប៉ាតណីនៅក្នុងសង្គមមួយ បែបសក់អ្នកណា ក្បាលអ្នកហ្នឹងហើយ ខ្ញុំថា យើងត្រូវការកែទម្រង់ កែប្រែ ផ្លាស់ប្ដូររបៀបរបបនយោបាយ ។ មានន័យថា ផ្លាស់ប្ដូររបបសណ្ដាប់ធ្នាប់ មិនមែនយើងទៅដូររបបប្រទេសដឹកនាំទេ ពីព្រះរាជាណាចក្រ ទៅសាធារណរដ្ឋទេ យើងនិយាយអំពីផ្លាស់ប្ដូររបៀបរបបដឹកនាំ ឲ្យមានការគោរពនីតិរដ្ឋ វាមានគុណធម៌ សីលធម៌ វាមានបញ្ជាផ្ទៃក្នុង អង្គភាព ក្រសួង ស្ថាប័នណា ហើយកុំលូករវាងអ្នកនយោបាយ ទៅនឹងអ្នកបច្ចេកទេស អ្នកជំនាញឯកទេស ។ អ៊ីចឹងហើយវាមានសណ្ដាប់ធ្នាប់ហើយ ហើយអ្នកដឹកនាំកុំកាងមនុស្សដែលវាខូច ទុច្ចរិត យើងចិញ្ចឹមតែមនុស្សខូច មនុស្សទុចរិត អាហ្នឹងហើយ ដែលជារឿងដែលយើងត្រូវនាំគ្នាគិតពិចារណាសម្រាប់សណ្ដាប់ធ្នាប់នៃអ្នកជំនាន់ថ្មី ឈាមថ្មី គំនិតថ្មី ត្រូវធ្វើអីជាការគិតថ្មី ធ្វើថ្មី ដើម្បីជាផលប្រយោជន៍ប្រជាជន ផលប្រយោជន៍ប្រជារាស្រ្ត ផលប្រយោជន៍ជាតិ ហើយមានសុខដុមរមនា សុភមង្គលឲ្យគ្នារវាងរដ្ឋ រវាងមន្ត្រីរាជការ រវាងប្រជារាស្រ្ត ទៅនឹងបណ្ដុះនៃទំនាក់ទំនងមហាជនសាធារណៈនោះ“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “កាលណាគេនិយាយពីកំណើនសេដ្ឋកិច្ច GDP គេមើលអំពីសក្ដានុពលនៃខឿនសេដ្ឋកិច្ច នៃអារហ័ណនីហរ័ណ វិនិយោគនៅក្នុងស្រុក និងវិនិយោគក្រៅស្រុក ហើយនិងចង្វាក់ផលិតកម្មនាំចេញ និងចរាចរទំនិញចូល ដើម្បីសេវាកម្មចែកចាយគ្នាលក់ដូរយកចំណេញសម្រាប់រៀងៗខ្លួន ។ អ៊ីចឹងកាលណាប្រទេសមានជីវភាពធូរធារ គេមិនមើលកំណើនសេដ្ឋកិច្ចទេ ។ សេដ្ឋកិច្ចជាកំណើននៃការចូលរបស់អ្នកវិនិយោគទុនរកស៊ី ក៏ដូចជាកំណើននៃការបង់ពន្ធដារ រវាងរដ្ឋាភិបាលសហព័ន្ធ ឬក៏រដ្ឋាភិបាលតំបន់ ។ ប៉ុន្តែប្រទេសកម្ពុជាយើង យើងអត់មានរដ្ឋាភិបាលតំបន់ ឬក៏រដ្ឋាភិបាលសហព័ន្ធទេ ។ អ៊ីចឹងនៅស្រុកខ្មែរ ខ្ញុំមើលឃើញថា ការវិនិយោគទុនពីបរទេស គឺមានន័យថា អ្នកគេយកលុយមកដាក់ក្នុងស្រុក គេរកស៊ី គេត្រូវការចំណេញ គេត្រូវការមានស្ថិរភាព មានភាពលំនឹងទៅនឹងផ្នែកច្បាប់ ទៅនឹងការមិនមានអំពើពុករលួយ ទឹកតែ ការបង្កើតនូវភាពស្មុគស្មាញនៃសេវាកម្មរកស៊ីហ្នឹង គឺថា ពួកគាត់ហ្នឹងគឺថាត្រូវការដាក់លុយមកវិនិយោគទុន ។ អ៊ីចឹងកំណើនសេដ្ឋកិច្ចបង់ពន្ធដារចូលថវិកាជាតិ ហើយនិងវិនិយោគទុនក្នុងស្រុកខ្មែរយើងហ្នឹង គឺថា រកស៊ីទៅ បង់ពន្ធដារ ពន្ធអីទៅ វាមានចំណេញ មានខាត វាមានផ្នែកអី? ផ្នែកពាណិជ្ជកម្ម ទំនិញចូលពីបរទេស និងផលិតផលក្នុងស្រុក ផលិតជាចង្វាក់ផលិតកម្មនាំចេញទៅក្រៅប្រទេស ប៉ុន្តែកម្ពុជា យើងវាមានកម្រិតតិចណាស់នៃចង្វាក់ផលិតកម្ម ដែលយកវត្ថុធាតុដើមរបស់ខ្លួនហ្នឹង នាំចេញទៅក្រៅប្រទេស ក្រៅពីយកធនធានរបស់គេ យកមកផលិត ហើយនាំចេញ ហើយក្រៅតែពីនាំទំនិញ មិនថាគ្រឿងសំណង់ មិនថាគ្រឿងទាក់ទងទៅនឹងការហូបចុក គ្រឿងទេស ចាប់ហួយ ឬក៏ផ្នែកការអភិវឌ្ឍន៍អចលនទ្រព្យ សាងសង់អីផ្សេងជាដើមហ្នឹង គឺថាកំណើនហ្នឹង គឺវាកំណើនរបស់ពន្ធដារ តែបើយើងប្រៀបធៀបថា កំណើនសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋមានជីវភាពធូរធារ គេអត់មានអ៊ីចឹងទេ គេមើលថា ប្រជាពលរដ្ឋនេះមានការងារធ្វើ ទទួលបានប្រាក់ខែល្មមដែលគាត់ចាយ ចរាចរនៅលើទីផ្សារ គាត់ចាយចិញ្ចឹមក្នុងជីវភាពគ្រួសារប្រចាំថ្ងៃ កូនរៀន បង់បំណុល ចាក់សាំង ទិញខោអាវ សម្លៀកបំពាក់ ទិញម្ហូបអាហារហូបចុក និងសម្រាប់ការចំណាយផ្សេងៗទៅនឹងសេវាកម្មមើលជំងឺនៅក្នុងគ្រួសារគាត់ ហើយគាត់នឹងសល់លុយសម្រាប់ទុកបម្រុងនៅពេលដែលគាត់មានហានិភ័យអី ហើយទីផ្សារផលិតផលរបស់ប្រជាកសិករហ្នឹង គឺត្រូវមានទីផ្សារ មិនធ្វើឲ្យគាត់ខាតបង់ មិនជំពាក់បំណុល ហើយប្រជាពលរដ្ឋ ពលករ កម្មករខ្មែរហ្នឹង មានការងារធ្វើនៅក្នុងប្រទេស ដោយមិនចំណាក់ស្រុក ។ អាហ្នឹងហើយដែលគេថា នៅពេលជីវភាពប្រជាពលរដ្ឋធូរធារ ដូចនៅប្រទេសថៃ យើងមិនបាច់និយាយទៅដល់អាមេរិក កាលណាប្រជាពលរដ្ឋគេមានការងារធ្វើ មានទីផ្សារ ជំនួញជួញដូរហ្នឹង វាជាចង្វាក់ផលិតកម្ម មិនមានការស្ទះ មិនមានការបញ្ចុះតម្លៃ ឬក៏កកស្ទះក្នុងទំនិញនាំចេញណា នាំចូលណា ចរាចរក្នុងសេដ្ឋកិច្ចពាណិជ្ជកម្ម ។ មានន័យថា នៅក្នុងតំបន់ ក៏ដូចជាសកលភាវូបនីយកម្ម ។ អ៊ីចឹងហើយ យើងឃើញប្រជាពលរដ្ឋគាត់ធូរធារ អ៊ីចឹង GDP ប្រជាពលរដ្ឋ បង់ពន្ធដារទៅរដ្ឋផង ប្រជាពលរដ្ឋរកស៊ីនឹងកសិផលគាត់លក់ដូរ ចេញពីធ្វើស្រែ ធ្វើចម្ការ កសិឧស្សាហកម្ម និងរោងចក្រវាយនភណ្ឌ ដែលគាត់ទៅធ្វើកម្មករនៅទីរាជធានីភ្នំពេញ អី វាទាល់តែគាត់បានអាហ្នឹង ។ បានអាហ្នឹងមក គាត់ដោះបំណុលដោយគ្មានការជាប់ជំពាក់ ដោយអត់ការងារធ្វើ គាត់មានការងារធ្វើជាប្រចាំ ក្នុងគ្រួសារមួយមានតែ១នាក់ ពីរនាក់ធ្វើការ អ៊ីចឹងគាត់អាចដោះស្រាយជីវភាពគ្រួសារគាត់ ប្ដីប្រពន្ធ ឪពុកម្ដាយ តាយាយ ។ អាហ្នឹងហើយបានគេហៅថាប្រទេសដែលមានកំណើន  GDP  ខ្ពស់ គឺវាត្រូវទាក់ទងទៅនឹងប្រទេសដែលធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ អាចរស់ដោយមិនជាប់បំណុល មិនចំណាកស្រុក ហើយមានការងារធ្វើ ដោយមិនមានអត្រាអ្នកដែលអត់ការងារធ្វើច្រើន“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងនៅកម្ពុជា ខ្ញុំមើលឃើញអ្វីដែល GDP  ថាអាចឡើងប៉ុណ្ណេះ ឡើងប៉ុណ្ណោះ វាអត់មានអ្វីដែលវាស់ស្ទង់ទេ ក្រៅតែពីគេមើលកត្តាជីវភាពរបស់ប្រជាពលរដ្ឋ គេមើលអំពីការអនុវត្តនីតិរដ្ឋ ។ មានន័យថា ការគោរពច្បាប់ ការបំបាត់អំពើពុករលួយ ការដែលធ្វើឲ្យប្រព័ន្ធយុត្តិធម៌ កុំឲ្យមានស្ដង់ដារពីរ ការដែលកុំឲ្យមានការជិះជាន់ផ្នែកនយោបាយ គំរាមកំហែង ឬការរំលោភបំពានដីធ្លីណា គាបសង្កត់ បឺតញើសឈាមជនស្លូតត្រង់ដែលជាប្រជារាស្រ្ត ពលរដ្ឋម្ចាស់ប្រទេស ម្ចាស់ឆ្នោត ដែលត្រូវការឲ្យមានការកសាងឡើង ដែលមានអ្នកដឹកនាំជាអ្នកបម្រើប្រជារាស្រ្ត ។ អាទាំងអស់ហ្នឹងហើយ ដែលយើងត្រូវមើលឃើញ។ ប៉ុន្តែផ្ទុយទៅពីបញ្ហានេះ យើងឃើញថា ប្រទេសកម្ពុជា ពលរដ្ឋស្ទើរតែ ៨៥% ដែលជំពាក់បំណុល មិនថាធនាគារ និងមីក្រូហិរញ្ញវត្ថុឯកជនអីហ្នឹង គឺសឹងតែថា ១គ្រួសារ យ៉ាងហោចណាស់ក៏ជំពាក់ពីរស្ថាប័នដែរ ពីរស្ថាប័នទៅនឹងការខ្ចីលុយ ទៅនឹងការរកស៊ី ហើយទៅនឹងវិបត្តិសេដ្ឋកិច្ចអ៊ីចឹងទៀត ជំពាក់បំណុល ត្រូវការដូរបំណុលដោះ អាចធ្វើឲ្យគាត់ហ្នឹងជួបនឹងបញ្ហាអស់ដីស្រែ អស់ដីចម្ការ អស់ដីផ្ទះ អស់សម្ភារៈ ដែលខ្លួនរំពឹង ដូចជាមាសពេជ្រ អីជាដើមហ្នឹង គឺដោយសារតែបញ្ហាសេដ្ឋកិច្ច ដែលវាមិនប្រដមប្រសងទៅនឹងស្ថានភាពជាក់ស្ដែង នៃវិបត្តិអចលនទ្រព្យនៅប្រទេសចិន ក៏ដូចជាវិបត្តិសេដ្ឋកិច្ចនៅសហភាពអឺរ៉ុប យើងឃើញថា អាទាំងអស់ហ្នឹងហើយ ដែលវាធ្វើឲ្យវាមានភាពរលូនទាក់គ្នាក្នុងឧបសគ្គនៃវិបត្តិសេដ្ឋកិច្ច វិបត្តិហិរញ្ញវត្ថុ ។ អ៊ីចឹងអាកត្តាជីវភាព ទៅនឹងការដែលពួកគាត់បង្កបង្កើនផល ធ្វើស្រែ ធ្វើចម្ការ ឬក៏ក្រុមហ៊ុនរោងចក្រកាត់ដេរអីហ្នឹង ត្រូវបន្ថយការនាំទំនិញចេញទៅលក់នៅអឺរ៉ុប នៅសហរដ្ឋអាមេរិក ដូចជាស្បែកជើង សម្លៀកបំពាក់ កាបូបអីហ្នឹង គឺថាការបញ្ជាទិញហ្នឹង របស់អ្នកបញ្ជាទិញ គឺគេបន្ថយការទិញ ហើយពាក់ព័ន្ធទៅនឹងប្រទេសយើងរំលោភសិទ្ធិមនុស្ស ចោទប្រកាន់ពីការរំលាយគណបក្សប្រឆាំង សង្រ្គោះជាតិ ចាប់មេបក្សសង្រ្គោះជាតិ ដាក់គុក ដាក់អីទៅទៀត ហើយយើងរំលោភទៅលើអង្គការសង្គមស៊ីវិល ក្នុងការដែលមិនមានការទំនាក់ទំនងកិច្ចការងារពាក់ព័ន្ធទៅនឹងគោលការណ៍ប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាពរបស់ប្រជាពលរដ្ឋ ត្រូវបានជាន់ឈ្លី អំណាចសារព័ត៌មានឯករាជ្យ ត្រូវបានបិទ យកហេតុផលនៃកិច្ចការពន្ធដារ ហេតុផលនៃព្រហ្មទណ្ឌ ហេតុផលនយោបាយណាផ្សេងៗ អាហ្នឹងហើយជាឱនភាពថវិកា ឱនភាពសេដ្ឋកិច្ច ។ អ៊ីចឹងចែកគ្នាឲ្យដាច់រវាង  GDP កំណើនថវិកាជាតិ មិនប្រាកដថា កំណើនថវិកាជាតិហ្នឹង ធ្វើឲ្យប្រទេសមានកត្តាជីវភាពប្រជាពលរដ្ឋធូរធារ មានការងារធ្វើ មិនចំណាកចោលស្រុក មានសេដ្ឋកិច្ចទីផ្សារហ្នឹងដើរ មិនថាតំបន់ មិនថាសកលលោក ។ យើងប្រៀបធៀបរវាងប្រទេសថៃ ទៅនឹងប្រទេសកម្ពុជា គឺថា សេដ្ឋកិច្ចខុសគ្នាដាច់ ហើយកម្ពុជា ត្រូវធ្វើជាខ្ញុំគេ កម្មករនៅស្រុកសៀម ប៉ុន្មាន? ជិត ៣លាននាក់ ទាំងខុសច្បាប់ ទាំងស្របច្បាប់“ ។

លោកមាជ សុណ្ណារ៉ា បានមានប្រសាសន៍បន្ថែមថា “អ៊ីចឹងសេដ្ឋកិច្ចយើងនេះ អត់បានជួយទៅកម្មករខ្មែរយើងប៉ុន្មានទេ គ្រាន់តែកម្មករជាង ១លាននាក់ រោងចាក់កាត់ដេរហ្នឹងក៏កាត់បន្ថយនៅសល់មិនបាន ៧០ម៉ឺននាក់ផង ដោយសារតែរោងចក្របិទ រោងចក្រខ្លះក៏បោកប្រាស់ រោងចក្រខ្លះក៏ឈប់បញ្ជាទិញ បន្ថយការទិញអីអ៊ីចឹងទៅ គឺកាត់បន្ថយកម្មករដែលធ្វើកិច្ចការងាររោងចក្រហ្នឹងក៏អត់ការងារធ្វើ ចំណាកចោលស្រុកអ៊ីចឹងទៅ ហើយអ្វីដែលសំខាន់ ខ្ញុំមើលឃើញសេដ្ឋកិច្ចនៅតាមស្រុកស្រែ ក្នុងនាមខ្ញុំជាអ្នកសិក្សាស្រាវជ្រាវគោលនយោបាយ មិនថាផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម កសិ-ឧស្សាហកម្ម ឬក៏ផ្នែកផ្សេងៗ ខ្ញុំមើលឃើញថា ពលរដ្ឋខ្មែរ នៅភូមិភាគពាយ័ព្យ ក៏ដូចជានៅភាគខាងកើត បូព៌ាអីហ្នឹង គឺថា រស់ដោយសារប្រទេសថៃ មានរោងចក្រឲ្យធ្វើការ ។ អ៊ីចឹងគាត់បានពីកូន ពីចៅគាត់ធ្វើការនៅថៃ ផ្ញើយកមកសងបំណុលផង យកមកបង់ធនាគារ បង់អី ហើយនិងជួយជីវភាពឪពុកម្ដាយ តាយាយ កូនប្រពន្ធ ប្ដី បងប្អូនហ្នឹងនៅឯស្រុកស្រែចម្ការ ជួលអាចអ្នកទីក្រុងដែរ នៅតាមទីក្រុង គឺថាបានមួយយកមកដោះបំណុល យកមករស់ប្រចាំថ្ងៃ ពីមួយថ្ងៃ ទៅមួយថ្ងៃ ហើយបង្កបង្កើនផលឲ្យតែធ្វើម៉េចរស់ ហើយរស់នេះ រស់ទាំងយថាកម្ម រស់ដោយមានជំងឺក្នុងខ្លួន ចង់ទៅពេទ្យ ក៏ពេទ្យមិនមានសីលធម៌ ទំនាក់ទំនងពាក្យសម្ដីគំរោះគំរើយ បាត់នូវវិជ្ជាជីវៈ ក្រមសីលធម៌ ទៅចិញ្ចឹមជំងឺ អត់មានលុយច្រើន អ៊ីចឹងនៅតែឈឺក្នុងខ្លួន ហូបចុកក៏មិនមានសុខភាព អនាម័យ ឲ្យគ្រប់ ២៥០០កាឡូរី ក្នុង១ថ្ងៃ គឺថាគាត់ហូបឲ្យតែរស់ មានន័យថា ស្លាប់ថ្ងៃណាក៏ស្លាប់ទៅ គាត់មានជំងឺ ។ អ៊ីចឹងហើយ ធ្វើឲ្យវាទាក់នៃឧបសគ្គ ។ ឧបសគ្គនៃប្រព័ន្ធសុខាភិបាល យើងត្រូវមានអភិបាលកិច្ចល្អ កំណែទម្រង់រដ្ឋបាលសាធារណៈ ហើយការអប់រំនោះ វាបាត់នូវសីលធម៌ គុណធម៌ យើងឃើញសិស្សហើយបង្ហោះម៉ូតូ សិស្សអាយុ ១៤-១៥ឆ្នាំហ្នឹង ជក់ថ្នាំញៀន ជក់អីហ្នឹង ហិតកាវ ហិតអីហ្នឹងទៅ ហើយកើតជាក្រុមបងធំ បងតូច បង្ហោះម៉ូតូ អាចទៅចោរលួច ចោរប្លន់អីអ៊ីចឹង វាហាក់បីដូចធ្វើឲ្យការគ្របដណ្ដប់នៃការដឹកនាំហ្នឹងវាបាត់សណ្ដាប់ធ្នាប់ វាបាត់វិន័យ ។ មានន័យថា តាមដំណើរ អ្នកណាយ៉ាងម៉េចៗទៅ សក់អ្នកណា ក្បាលអ្នកហ្នឹង ។ អ៊ីចឹងការដឹកនាំរបស់យើង វាពឹងទៅលើសណ្ដាប់ វិន័យនយោបាយ ទៅនឹងរដ្ឋបាលសាធារណៈ និងអភិបាលកិច្ចល្អ វាធ្វើឲ្យមានរបៀបនៃការជួញដូរសេដ្ឋកិច្ចហ្នឹង គឺមិនមានការប៉ះពាល់ដល់គ្នា ឧបសគ្គ ការគាបសង្កត់ បាត់នូវអ្វីជាការអនុវត្តនីតិរដ្ឋ បង្កើតតែស្ដង់ដារពីរ វាអត់មានស្ដង់ដារមួយ ទាល់តែក្រុមអញបានរីកចម្រើន បានអភិវឌ្ឍ បានហ៊ឺហា មានការងារធ្វើឯកជន សម្ភារនិយម មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ពួកឯងប្រឆាំង បានត្រឹមតែឈឺចាប់ បានត្រឹមតែទុកព្រួយ រត់ចោលស្រុក ឬក៏ចាប់ដាក់គុក ចោទពីបទព្រហ្មទណ្ឌ កម្រិតស្រាល កម្រិតធ្ងន់យ៉ាងម៉េច ខ្ញុំថាដល់ពេលវេលាដែលអ្នកបន្តវេន អ្នកជំនាន់ថ្មី ឈាមថ្មី គំនិតថ្មី ធ្វើថ្មីហ្នឹង ត្រូវតែកែទម្រង់ កុំឲ្យវិបត្តិសេដ្ឋកិច្ច វិបត្តិនយោបាយ វិបត្តិអយុត្តិធម៌ វិបត្តិឈឺចាប់ ជាន់គរឡើងៗ គ្មានដំណោះស្រាយ ក្រៅតែបង្កើតបញ្ហាជាន់លើបញ្ហាៗ នោះហើយសង្គមជាតិ នឹងក្លាយជាអនាធិបតេយ្យ មនុស្សលែងជឿជាក់លើច្បាប់ មនុស្សលែងជឿជាក់លើប្រព័ន្ធយុត្តិធម៌ តុលាការ មនុស្សលែងជឿជាក់លើមេដឹកនាំ អនាគតខ្ញុំថាអាចហានិភ័យ គឺថាមនុស្សកាលណាតែដល់កហើយ ទីណាមានការជិះជាន់ ទីនោះមានការរើបម្រះ យើងអត់ចង់ឃើញរបៀបរើបម្រះតាមបែបហិង្សា ឬក៏មនោគមន៍វិជ្ជាជ្រុលនិយមណាក្រៅពីរើបម្រះតាមបែបសន្លឹកឆ្នោត ប្រកួតប្រជែងគ្នានៃគណបក្សនយោបាយ តែសូមឲ្យមានតម្លាភាព មានសុចរិតភាព អាចទទួលយកបាន សេរីនិងយុត្តិធម៌ត្រឹមត្រូវ គឺចេញពីការដឹកនាំមួយស្អាតស្អំ អ្នកឈ្នះ ឈ្នះដោយថ្លៃថ្នូរ អ្នកចាញ់ ចាញ់ដោយអស់ចិត្ត ហើយធ្វើការជាមួយគ្នាក្នុងទិដ្ឋភាពនីតិប្បញ្ញតិ្ត នីតិប្រតិបត្តិ នីតិតុលាការ យើងរួមកសាងជាតិ ផលប្រយោជន៍រួម សម្រាប់ជាតិ សម្រាប់ប្រជាពលរដ្ឋ ហើយធ្វើយ៉ាងម៉េចឲ្យសង្គមហ្នឹងមានសុភមង្គល មានសុខដុមរមនាសម្រាប់មនុស្សជាតិ ។ មានន័យថា យើងរក្សានូវសុវត្ថិភាព សន្តិសុខឲ្យមនុស្សជាតិ គឺសេចក្ដីសុខ សេចក្ដីល្អ សេចក្ដីប្រសើរ សង្គមមានសណ្ដាប់ធ្នាប់ ប្រទេសមានវិន័យ ប្រជាពលរដ្ឋគោរពច្បាប់ មន្រ្តីរាជការបម្រើរាស្រ្ត ខ្ញុំថាអាហ្នឹងហើយជាកត្តាដែលអ្នកជំនាន់ថ្មី ត្រូវបង្កើតនូវសករាជថ្មី ប្រវត្តិសាស្រ្តថ្មី ។ មានន័យថា ជំនាន់ថ្មី ឈាមថ្មី គំនិតថ្មី គិតថ្មី ធ្វើថ្មីណាជាសុភមង្គល ជាសុខដុមរមនាសម្រាប់ជាតិ សម្រាប់ប្រជាពលរដ្ឋ“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្ថែមទៀតថា “ខ្ញុំមើលសង្គមជាតិ ត្រូវបានគេបំផ្លាញ ។ បំផ្លាញភោគទ្រព្យជាតិ ហើយភាពអយុត្តិធម៌នៃការជិះជាន់ផ្នែកនយោបាយក្ដី ផ្នែកជួញដូរសេដ្ឋកិច្ច ពាណិជ្ជកម្មក្ដីហ្នឹង ច្រើនតែបង្កើតនូវស្ដង់ដារពីរ ធ្វើឲ្យនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច ចែកចាយផលកំណើនត្រលប់មកឲ្យសង្គមជាតិ មកឲ្យប្រជាពលរដ្ឋហ្នឹង គឺថា យើងនៅជួបភាពអយុត្តិធម៌ ភាពមិនស្មើភាពគ្នា វាអត់មានសុចរិតភាព សមធម៌ ។ មិនមែនមានន័យថា វាមិនទុច្ចរិតទាំងអស់ទេ គ្រាន់តែថាវាមិនសមធម៌ សុចរិតភាព ទាំងនយោបាយ ទាំងសេដ្ឋកិច្ច គឺយើងនៅតែបក្ខពួក គ្រួសារនិយម នៅតែបង្កើតភាពអយុត្តិធម៌ នៅតែច្បាប់ គឺគ្របដណ្ដប់ទៅដោយអ្នកមានអំណាច គ្របដណ្ដប់ទៅដោយបក្ខពួក ជាពិសេសបក្សកាន់អំណាច យើងឃើញថា ប៉ុន្មានខែចុងក្រោយនេះ យើងមើលទៅ ឃើញថា ពួកឧកញ៉ា ពួកអ្នកមានលុយ ពួកគ្រូជោគជ័យអីហ្នឹង គឺថាគាត់ច្រើនតែប្រើឥទ្ធិពលរបស់អ្នកដឹកនាំបក្សកាន់អំណាច ទាំងគណបក្សប្រជាជន ទាំងអ្នកដឹកនាំរដ្ឋាភិបាលអាណត្តិទី៧ យើងឃើញតាមរូបភាពថតរូបពាក់អាវគណបក្សប្រជាជន និងធ្វើវិធីយ៉ាងម៉េចៗជាមួយ ស.ស.យ.ក អីហ្នឹង គឺថាពួកគាត់ដែលជាឧកញ៉ា ពួកគាត់ដែលជាគ្រូជោគជ័យហ្នឹង គឺថាគាត់គាំទ្របក្សកាន់អំណាច ដោយចំហ ពាក់អាវគណបក្សប្រជាជន ប៉ុន្តែគាត់យកឥទ្ធិពលហ្នឹង មកបង្ហាញជារបៀបប្រជាភិថុតិផង ជារបៀបចំណេះនៃការបោកប្រាស់ដោយសន្តិវិធី ធ្វើឲ្យទិដ្ឋភាពនៃការបោកសម្រាប់ប្រជាពលរដ្ឋ បោកសម្រាប់មហាជន ។ សូម្បីតែឧកញ៉ាដែលត្រឹមត្រូវខ្លះ ក៏អស់លុយដោយក្រុមគ្រូជោគជ័យ ដូចយើងឃើញជាក់ស្ដែង ប៉ុន្មានថ្ងៃចុងក្រោយ ក្រុមគ្រូជោគជ័យ ក្រុមវិនិយោគស៊ីអាយស៊ី យើងមើលឃើញថា រាប់រយលានដុល្លារ ហើយឧកញ៉ាឡេង ចាន់ណា អីជាដើមហ្នឹង យើងឃើញស្រស់ៗ ប៉ុន្តែតើពួកគាត់ត្រូវបានទទួលនូវការកាត់ទោស ត្រូវបានស្វែងរកនូវការស៊ើបអង្កេតឲ្យមានភាពយុត្តិធម៌ឯករាជ្យទេ ក្រៅតែពីមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលខ្លះ រហូតនៅដល់ក្រសួងយុត្តិធម៌ទៅទៀត ចេញមកការពារ មិនទាន់បានស៊ើបអង្កេត មិនទាន់បានអី ។ អាហ្នឹងហើយ គេថាលូកអំណាច លូកអំណាចរវាងនីតិរដ្ឋ នីតិប្បញ្ញតិ្ត នីតិប្រតិបត្តិ នីតិតុលាការ ដោយសារយកអំណាចបក្ស យកអំណាចដែលខ្លួនជាអ្នកដឹកនាំ មកគ្របដណ្ដប់ ដើម្បីលាងកំហុសនៃអញជួយឯង ឯងជួយអញ ។ អ៊ីចឹងអានេះភាពអយុត្តិធម៌សម្រាប់ពលរដ្ឋ សម្រាប់សង្គមជាតិ គឺការអនុវត្តស្ដង់ដារពីរ ដែលធ្វើឲ្យមនុស្សឈឺចាប់ ភាពអយុត្តិធម៌ ដែលបាត់នូវសមធម៌ បាត់នូវសុចរិត ក្រៅតែពីទុច្ចរិត បង្កើតនូវភាពអនាធិបតេយ្យ មិនមានន័យថា ការអនុវត្តមួយដែលមិនមែនជាការអនុវត្តបែបរបៀបជាទាសករ ជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ បែរជាការអនុវត្តមួយ គឺថា វ៉ៃឆ្នាំងបាយប្រជាពលរដ្ឋ វ៉ៃក្បាលប្រជាពលរដ្ឋ ដែលប្រជាពលរដ្ឋជាពលរដ្ឋម្ចាស់ឆ្នោត បោះឆ្នោតឲ្យថ្នាក់ដឹកនាំ ជាទាសករ ជាខ្ញុំបម្រើរបស់ប្រជាពលរដ្ឋ ទៅជាចៅហ្វាយរបស់ប្រជាពលរដ្ឋទៅវិញ ។ ប្រជាពលរដ្ឋជាចៅហ្វាយរបស់អ្នកដឹកនាំ ដែលត្រូវបម្រើប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតឲ្យជាប់ ។ អ៊ីចឹងអានេះត្រូវយល់អំពីអ្វីជាកិច្ចការងារសម្រាប់ដឹកនាំប្រទេសជាតិ ដែលកុំឲ្យមានវិប្បដិសារ:សម្រាប់ជាតិឯង សម្រាប់ពលរដ្ឋឯង ដែលប្រាសចាកអំពីសមធម៌ សុចរិតធម៌ តម្លាភាព និងគណនេយ្យភាព“ ៕ កុលបុត្រ 

RELATED ARTICLES