ខេត្តបាត់ដំបង ៖ ដីចម្ការស្វាយមួយកន្លែង មានទំហំប្រមាណ៨០ហិកតារ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យខូចខាតអស់ប្រមាណជាង ៤០ភាគរយ ដោយមូលហេតុ នៅមិនទាន់ដឹងច្បាស់នៅឡើយ។

ហេតុការណ៍ភ្លើងឆេះចម្ការស្វាយនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤និង៤៥នាទីរសៀល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចស្រែព្រីង ស្ថិតក្នុងភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់។ដីចម្ការស្វាយដែលត្រូវភ្លើងឆេះ មានទំហំផ្ទៃដីសរុប ចំនួន៨០ហិកតារ ហើយត្រូវបានឆេះអស់ប្រហែល ៤០ភាគ រយ មានម្ចាស់ឈ្មោះឡុង សយសុធី ភេទប្រុស មានលំនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នៅក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះដែរ ភ្លាមៗសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង ចុះអន្តរាគមន៍ពន្លត់ តែពេលទៅដល់ បានដើរមើលស្ថានភាពផ្លូវ មានព្រៃស្តុក ផ្លូវចង្អៀត មិនអាចចូលបាន ទើបសមត្ថកិច្ចបានប្រើត្រាក់ទ័រឈូសទប់ស្កាត់ កាត់ផ្តាច់ផ្លូវភ្លើង កុំឱ្យភ្លើងឆេះរាលបន្តទៅទៀតបាន ១០០ភាគរយ ដោយប្រតិបត្តិពន្លត់អគ្គិភ័យខាងលើ បានគ្រប់គ្រងទាំងស្រុង នៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃដដែល៕
