Tuesday, April 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆក់ទូរស័ព្ទអត់បាន ជាប់ខ្នោះ៤នាក់

ឆក់ទូរស័ព្ទអត់បាន ជាប់ខ្នោះ៤នាក់

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន៤នាក់ ជិះម៉ូតូ ២គ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទជនបរទេសម្នាក់ កំពុងជិះម៉ូតូកង់បី តែមិនបានសម្រេច ហើយព្យាយាមរត់គេចខ្លួន តែភ្លាមនោះត្រូវកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងចេញល្បាត ប្រទះឃើញ ប្រដេញតាមចាប់ឃាត់ខ្លួនបានចំនួន ៤នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីឆក់ទូរស័ព្ទនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ នៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ បន្ទាប់មក កម្លាំងសមត្ថកិច្ចជំនាញ បានប្រដេញតាមក្រុមជនសង្ស័យ រហូតដល់ចំណុចស្តុបចូលបឹងកក់ តាមផ្លូវលេខ៧០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ទើបចាប់ក្របួចជាប់ជនសង្ស័យទាំង៤នាក់តែម្តង។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះទី ឃាងហុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំ ផ្លូវជាតិ៦អា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា (ជាអ្នកបើកម៉ូតូដឹកជនដៃដល់)។ ទី២-ឈ្មោះមុំ ចិត្រា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៩៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ (ជាជនដៃដល់)។ ទី៣-ឈ្មោះមុំ សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ១៦១ ផ្លូវលេខ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ (អ្នកបិទគូទ) និងទី៤-ឈ្មោះឌីណូ មុនិណុល ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះ៩២អា ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ (អ្នកបិទគូទ)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោក វរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យ ចុះល្បាតតាមបណ្តោយផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រទះឃើញជនសង្ស័យ ជិះម៉ូតូ ចំនួន២គ្រឿង មានគ្នាចំនួន៤នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបុរសរងគ្រោះ (ជាជនជាតិអង់គ្លេស) ដែលកំពុងជិះកង់បីឥណ្ឌា តែមិនបានសម្រេច។

ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វើការប្រដេញនិងឃាត់ខ្លួនជនសង្ស័យបានទាំង៤នាក់ នៅចំណុចស្តុបចូលបឹងកក់ ផ្លូវលេខ៧០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ព្រមទាំងដកហូតសម្ភារៈ រួមមាន ម៉ូតូម៉ាកស៊ុយស៊ូគី និច ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1IZ-3234 (ជារបស់ជនសង្ស័យ) និងម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KM-0661 (ជារបស់ជនសង្ស័យ)។

ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES