Tuesday, April 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានដេក ក្រឡាប់ធ្លាក់ប្រឡាយ

បើកឡានដេក ក្រឡាប់ធ្លាក់ប្រឡាយ

ខេត្តប៉ៃលិន ៖ បុរសម្នាក់ បើកបររថយន្តយីឌុប ដឹកស្វាយកែវរមៀត ធ្វើដំណើរក្នុងល្បឿនលឿន លុះងងុយដេក ងោកមួយភាំង ធ្វើឱ្យរថយន្តរេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ចូលប្រឡាយអត់ទឹក បណ្តាលឱ្យចាក់ចោលផ្លែស្វាយ ប្រមា ណជាង ២០តោន ពេញដងផ្លូវ តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង២០នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិដីក្រហម សង្កាត់អូរតាវៅ ក្រុងប៉ៃលិន។

អ្នកបើកបររថយន្ត មានឈ្មោះបឿក ភេទប្រុស អាយុ២៥ឆ្នាំ (មិនមានរងរបួស)។ ចំណែកអ្នករួមដំណើរ (ព្រូ រថយន្ត) ភេទប្រុស មិនស្គាល់អត្តសញ្ញាណ (មិនមានរងរបួស)។ អ្នកទាំងពីរ មានលំនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តយីឌុប ១គ្រឿង ម៉ាកហ៊ីណូ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-3865 មានដឹកផ្លែស្វាយពេញទ្រុង បើកបរក្នុងទិសដៅពីកើត ទៅលិច យកទៅលក់នៅប្រទេសថៃ តាមច្រកទ្វារអន្តរជាតិព្រំ។ ប៉ុន្តែដោយអ្នកបើកបរងងុយដេក ទើបពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ តៃកុងដេកលក់មួយភាំង ធ្វើឱ្យរេចង្កូតទៅខាងឆ្វេងដៃ ធ្លាក់ផ្លូវ ជាតិលេខ៥៧ រួចជ្រុលចូលក្នុងប្រឡាយអត់ទឹក បណ្តាលឱ្យផ្ងារជើង ចាក់ផ្លែស្វាយចោលតែម្តង។

ក្រោយពេលកើតហេតុ អ្នកបើកបរថយន្ត បានទាក់ទងទៅម្ចាស់ផ្លែស្វាយ ឱ្យយករថយន្តផ្សេង មកផ្ទេរ ដើម្បីដឹកយកទៅលក់បន្តនៅប្រទេសថៃ។ ចំណែកអ្នកបើកបរ និងព្រូរថយន្តខាងលើ ត្រូវបានមន្ត្រីនគរបាលចរាចរណ៍ខេត្តប៉ៃលិន ហៅទៅអប់រំណែនាំ មិនត្រូវបើកបររថយន្តក្នុងស្ថានភាពងងុយដេក ឬស្ថានភាពស្រវឹងនោះឡើយ ព្រោះអាចនឹងបង្កគ្រោះថ្នាក់ចំពោះខ្លួនឯង និងអ្នករួមដំណើរតាមដងផ្លូវជាមួយផងដែរ៕

RELATED ARTICLES