Saturday, September 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានបុករង្វង់មូលព្រហ្មមុខ៤ រត់អត់រួច

បើកឡានបុករង្វង់មូលព្រហ្មមុខ៤ រត់អត់រួច

ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្ត ១គ្រឿង ក្នុងល្បឿនលឿន មិនប្រយ័ត្ន ខណៈមកដល់ផ្លូវកោង បុកសួនច្បារពុះចែកទ្រូងផ្លូវ និងហោះទៅបុកឡើងសួនរង្វង់មូលព្រហ្មមុខបួន បណ្តាលឱ្យខូចខាតយ៉ាងដំណំ រួចហើយមិនព្រមឈប់ដោះស្រាយ បែរជាព្យាយាមបើករត់ទៅមុខ ទាំងបែកកង់ និងត្រូវសមត្ថកិច្ចប្រដេញតាមឃាត់បាន។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

 តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តទំនើប ១គ្រឿង ម៉ាក Ford Ranger XLT ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BT-3931 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើង ទៅត្បូង ក្នុង ល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ ផ្លូវរាងកោងបន្តិច អ្នកបើកបរមិនបន្ថយល្បឿន ជ្រុលទៅបុកឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៦ បណ្តាលឱ្យបាក់បង្គោលបង្ហាញចរាចរណ៍ មួយដើម និងហោះទៅបុកបង្គោលភ្លើង ឡើងរង្វង់មូលព្រហ្មមុខបួន បន្ថែមទៀត ធ្វើឱ្យរងការខូចខាត។ ភ្លាមៗនោះ អ្នកបើករថយន្តបង្កហេតុ មិនឈប់ទទួលខុសត្រូវនៅកន្លែងកើតហេតុនោះទេ គឺបានបើកត្រឡប់មកក្រោយវិញ រហូតដល់ម្តុំវត្តកៀនឃ្លាំង ទើបត្រូវសមត្ថកិច្ចឃាត់បានទាំងតៃកុង និងរថយន្ត។

    ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់នោះឡើយ។ បន្ទាប់មក សមត្ថកិច្ចចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះធ្វើការវាស់វែង យករថយន្តបង្កហេតុ ទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕

RELATED ARTICLES