Tuesday, April 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ែឪនាំកូន៥ឆ្នាំ រាវលៀស លង់ទឹក ២០ម៉ោង ទើបរកសពឃើញ

ម៉ែឪនាំកូន៥ឆ្នាំ រាវលៀស លង់ទឹក ២០ម៉ោង ទើបរកសពឃើញ

ភ្នំពេញ ៖ ប្តីប្រពន្ធ ២នាក់ ឆ្លៀតពេលទំនេរពីការងាររោងចក្រ នាំកូនប្រុសតូចម្នាក់ អាយុ៥ឆ្នាំ ទៅរាវលៀស នៅក្នុងទឹករណ្តៅដីដ៏ជ្រៅមួយកន្លែង ដើម្បីធ្វើម្ហូប លុះទៅដល់ ឪពុកម្តាយបានចុះរាវលៀស ដោយទុកកូនតូចឱ្យនៅលើគោក ក្បែរមាត់រណ្តៅដី តែម្នាក់ឯង ស្រាប់តែភ្លេចខ្លួនបន្តិច កូនប្រុសបានចុះទឹកដែរ បណ្តាលឱ្យលិចបាត់ក្នុងទឹក បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងក្រុមអ្នកមុជទឹកកងទ័ពពិសេសឆត្រយោង ៩១១ ទៅជួយរាវរក អស់រយៈពេលប្រមាណ២០ម៉ោង ទើបប្រទះឃើញសព។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៤៥នាទីរសៀល ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ នៅចំណុចទឹករណ្តៅដី មួយកន្លែង ស្ថិតក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល។ រហូតមកដល់វេលាម៉ោង ១០និង៤៥នាទីព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ទើបរកឃើញសពក្មេងប្រុសរងគ្រោះ។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះវ៉ាន់ សុខម៉េងលាង ហៅត្រងោល អាយុ៥ឆ្នាំ មានម្តាយឈ្មោះខ្លឹង វណ្ណា អាយុ៤០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ឪពុកឈ្មោះវ៉ាន់ ច័ន្ទពេជ្រ អាយុ៣២ឆ្នាំ មុខរបមុខរបរកម្មកររោងចក្រ មានលំនៅ ភូមិត្រពាំងទ្រា ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមប្រភពឪពុកម្តាយក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ក្រោយទំនេរពីការងារធ្វើការរោងចក្រ ពួកគាត់បាននាំគ្នាទៅរាវលៀស នៅក្នុងទឹករណ្តៅដីខាងលើដើម្បីយកធ្វើម្ហូប ដោយបាននាំកូនប្រុស រងគ្រោះ នោះទៅជាមួយផងដែរ។ ពេលទៅដល់ ពួកគាត់បានទុកកូនឱ្យឈរនៅមាត់រណ្តៅដីនោះ បន្ទាប់មក ពួកគាត់បាននាំគ្នាចុះរាវលៀស ទាំង២នាក់ប្តីប្រពន្ធ រហូតភ្លេចមើលកូន។

ប្រភពដដែល បន្តថា ក្រោយមក ស្រាប់តែកូនប្រុស បានចុះទៅតាម ប៉ុន្តែពួកគាត់អត់ដឹងឡើយ ទើបបណ្តាលឱ្យលង់លិចបាត់ទៅក្នុងទឹក ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ នាំគ្នាជួយចុះមុជរាវរកដែរ ប៉ុន្តែរកមិនឃើញឡើយ ទើបសុំជំនួយពីក្រុមអ្នកមុជទឹក កងពលតូចទ័ពពិសេសឆត្រយោង ៩១១ ឱ្យជួយមុជរាវរក រហូតដល់វេលាម៉ោង ១០និង៤៥នាទីព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ទើបរកឃើញសពកូនប្រុសគាត់ និងស្រង់ឡើងគោក។

អ្នកភូមិ បាននិយាយថា រណ្តៅដីនោះជ្រៅណាស់ ដោយឈ្មួញជីកយកអាចម៍ដីលក់ កាលពីប៉ុន្មានឆ្នាំមុន ដូច្នេះនៅពេលដែលក្មេងប្រុសខាងលើ លង់លិចបាត់ មិនងាយនឹងរាវរកឃើញភ្លាមៗនោះឡើយ ហើយបើគ្មានក្រុមអ្នកមុជទឹក កងពលតូចទ័ពពិសេសឆត្រយោង ៩១១ ជួយរវរកទេ មិនងាយរកឃើញទេ។

សពក្មេងរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ ចុះពិនិត្យនិងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចក៏ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES