Tuesday, April 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចគាស់ដេប៉ូគ្រឿងសំណង់និងភេសជ្ជៈ ជាប់ខ្នោះ 

លួចគាស់ដេប៉ូគ្រឿងសំណង់និងភេសជ្ជៈ ជាប់ខ្នោះ 

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពគាស់ដេប៉ូលក់គ្រឿងសំណង់ និងភេសជ្ជៈ មួយកន្លែង លួចយកទ្រព្យសម្បត្តិនិងសម្ភារៈបានមួយចំនួនធំ និងព្យាយាមរត់គេចខ្លួន តែមិនបានប៉ុន្មាន ក៏ត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់វាយខ្នោះ នាំយកមកចាត់ការតាមច្បាប់។

ករណីគាស់លួចទ្រពសម្បត្តិនេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ នៅចំណុចដេប៉ូលក់គ្រឿងសំណង់ និងភេសជ្ជៈ មួយកន្លែង ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិស្វាយចេក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសម្ភស្ស ភារម្យ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ (មានសារធាតុញៀន)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ សមត្ថកិច្ចកម្លាំងជំនាញអធិការដ្ឋាន នគរបាលខណ្ឌព្រែកព្នៅ និងកម្លាំងនគរ បាលរដ្ឋបាលប៉ុស្តិ៍គោករកា បានធ្វើការស្រាវជ្រាវបង្ក្រាប ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស ដោយ សារការគាស់ទម្លុះទម្លាយយកទ្រពសម្បត្តិ និងសម្ភារៈ នៅចំណុចដេប៉ូលក់គ្រឿងសំណង់ និងភេសជ្ជៈ ផ្លូវ បេតុង ភូមិស្វាយចេក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះសម្ភស្ស ភារម្យ ព្រមទាំងដកហូតវត្ថុតាង រួមមាន ១-ម៉ូទ័រកាត់ ពណ៌លឿង ចំនួន២គ្រឿង។ ២-ស្រាបៀរកំប៉ុង ចំនួន៩កេស។ ៣-ទឹកដោះគោកំប៉ុងក្រ ដាស ៣កេស។ ៤-ទឹកសណ្តែកកំប៉ុង ១កេស។ ៥-ទឹកក្រូច (អាយ) ដបជ័រ ១កេស។

ដោយឡែកសម្ភារៈបាត់បង់ រួមមាន ១-ខ្សែភ្លើងស្ពាន់ ពណ៌ស ប្រហែល១៥ដុំ។ ២-ប្រាក់ ចំនួន ១៨ម៉ឺនរៀល។ ៣-ក្រវិលកំប៉ុងស្រាបៀរ ត្រូវរង្វាន់ ៣៦១ដុល្លារ។ ៤-ក្រវិលកំប៉ុងស្រាបៀរ ៧៣កេស។ ៥-ស្រាបៀរ ABC ចំនួន២កេស។ ៦-ទុយោស្ពាន់ម៉ាស៊ីនត្រជាក់ ប្រវែង ១៣ម៉ែត្រ។ ៧-ម៉ូទ័រកាត់ពណ៌លឿង ចំនួន៤គ្រឿង។ ៨-ផ្លែកាត់ ចំនួន៤ដុំ។ ៩-សោតាន់ ២ឈុត។ ១០-ម៉ាឡេត ចំនួន២ និង១១-សម្ភារៈសំណង់ មួយចំនួន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES