Tuesday, April 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះ២នាក់ ដកហូតថ្នាំញៀន ១៧គីឡូ

វ៉ៃខ្នោះ២នាក់ ដកហូតថ្នាំញៀន ១៧គីឡូ

ភ្នំពេញ ៖ ថ្នាំញៀនជាង ១៧គីឡូក្រាម និងជនល្មើសប្រុសស្រី ចំនួន២នាក់ ត្រូវបានកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបបាន នៅគោលដៅ២ផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ។

ប្រតិបត្តិការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរង ទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

តាមប្រភពមន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ថា កាលពីវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៦) សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំនិងសម្របសម្រួលពីលោកគឹម ហុងសាន ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ ស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅ២គោលដៅ ក្នុងនោះគោលដៅទី១-មុខខារ៉ាអូខេមួយកន្លែង ផ្លូវបេតុង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងគោលដៅទី២-នៅបន្ទប់ជួលលេខ១១ ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ជុំវិញប្រតិបត្តិការនេះ កម្លាំងជំនាញឃាត់ខ្លួនជនល្មើស ២នាក់ ទី១-ឈ្មោះគ្រុយ សុខផាត ភេទប្រុស ឆ្នាំកំណើត១៩៨១ និងទី២-ឈ្មោះក្រាយ ស្រីមុំ ភេទស្រី ឆ្នាំកំណើត១៩៨២ ព្រមទាំងដកហូតវត្ថុតាង រួមមាន សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់១៥គីឡូ ១៩៤ក្រាម សារធាតុញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់១គីឡូ ៣៩៩,៩៦ក្រាម សារធាតុញៀន ប្រភេទ កេតាមីន (Ketamine) ទម្ងន់ ៥៥៤ក្រាម។ សារធាតុញៀន សរុបទម្ងន់ ១៧គីឡូ ១៤៧,៩៦ក្រាម និងសារធាតុមិនច្បាស់ ទម្ងន់ ៨៥២,៣១ក្រាម។

ជនល្មើសទាំង២នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្តស្រាវជ្រាវរកមេខ្លោង និងអ្នកពាក់ព័ន្ធផ្សេងទៀត៕

RELATED ARTICLES