Tuesday, April 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកោះហៅប៉ូលិសចរាចរណ៍១០នាក់ ក្រោយរងការរិះគន់ ចាប់សម្លុត ផាកពិន័យ

កោះហៅប៉ូលិសចរាចរណ៍១០នាក់ ក្រោយរងការរិះគន់ ចាប់សម្លុត ផាកពិន័យ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យការិយាល័យជំនាញ កោះហៅក្រុមមន្ត្រីនគរបាលចរាចរណ៍ ទាំង១០នាក់ ដែលដាក់គោលដៅចាប់ផាកពិន័យប្រជាពលរដ្ឋ នៅលើផ្លូវហាណូយ ក្បែរស្ពានអាកាសផ្សារដីហុយ មកធ្វើការសាកសួរ ក្រោយមានការរិះគន់ខ្លាំងនិងច្រើនដង ពីសំណាកបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលធ្លាប់ទទួលរងការសម្លុត និងចាប់ផាកពិន័យ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់កាលពីរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ថា ក្រោយទទួលបានព័ត៌មាននិងការរិះគន់យ៉ាងខ្លាំងនិងជាច្រើនដង ចំពោះការចាប់ផាកពិន័យប្រជាពលរដ្ឋនៅគោលដៅលើផ្លូវ ហាណូយ ក្បែរស្ពានអាកាសផ្សារដីហុយ (បត់ឆ្វេងពីផ្លូវសហ ព័ន្ធរុស្ស៊ី ក្រោមស្ពានអាកាស មកផ្លូវហាណូយ) លោកឧត្តមសេនីយ៍ឯកស្នងការ បានឱ្យជំនាញហៅមន្ត្រីនគរ បាលចរចរណ៍ទាំង១០នាក់ មកសាកសួរម្នាក់ម្តងៗ ដើម្បីមានចំណាត់ការបន្តទៀត។

សូមបញ្ជាក់ថា នៅគោលដៅចរាចរណ៍លើផ្លូវហាណូយ បត់ពីក្រោមស្ពានអាកាសផ្សារដីហុយមកបន្តិច ប្រជា ពលរដ្ឋជាច្រើននាក់ បានជាប់នៅគោលដៅនេះ ហើយត្រូវបានមន្ត្រីនគរបាលចរាចរណ៍ផាកពិន័យ មូលហេតុយកហេតុផលជាន់គំនូស ខណៈអ្នកបើកបរតវ៉ាស្ទើរគ្រប់គ្នា។

បើតាមប្រជាពលរដ្ឋ មន្ត្រីនគរបាលចរាចរណ៍នៅគោលដៅនោះ បានបែងចែកឱ្យមន្ត្រីខ្លះអង្គុយចាំថតរូប រួចបាញ់ទៅខាងក្រុមមន្ត្រីដែលដាក់នៅគោលដៅខាងមុខ ដើម្បីចេញមកស្ទាក់ចាប់។ ជាមួយគ្នានេះ ប្រជាពលរដ្ឋបានរិះគន់យ៉ាងខ្លាំង ចំពោះមន្ត្រីនគរបាលម្នាក់មាឌធំ ពាក់ម៉ាក់ តែងតែប្រើពាក្យសំដីសម្លុត គំរាមកំហែងយកម៉ូតូ ឡាន ទៅស្នងការដ្ឋាន ហើយមិនដែលប្រើពាក្យសមរម្យជាមួយប្រជាពលរដ្ឋនោះទេ។

ប្រជាពលរដ្ឋដែលធ្លាប់ជាប់នៅគោលដៅនេះ បាននិយាយថា ពេលត្រូវបានចាប់ផាក គឺក្រុមមន្ត្រីទាំងនេះ ទារលុយគ្មានការយោគយល់ឡើយ ហើយបើអ្នកមិនចង់វែងឆ្ងាយ ក៏ហុច១០ដុល្លារ ៥ម៉ឺន ឬលើសហ្នឹងក៏មាន។ តែបើអ្នកដែលមិនមានលុយទេ ទោះអង្វរយ៉ាងណា ក៏មិនមានការយោគយល់ដែរ ដោយប្រាប់ឱ្យអ្នកផ្ទះបាញ់លុយមកទៀតផង។

បើតាមប្រជាពលរដ្ឋ ពួកគាត់ថា ការចាប់ភាគច្រើន គឺយកហេតុផលជាន់គំនូស ខណៈពួកគាត់មិនបានដឹង ហើយក៏ពេលខ្លះអះអាងថា ខ្លួនមិនបានបើកខុសនោះទេ។ តែទោះជាយ៉ាងណាក៏ដោយ អ្នកខ្លះប្រកែកមិនឈ្នះឡើយ ក៏សុខចិត្តបង់លុយពេញ ឬបង់លុយមួយចំនួន ដើម្បីបានធ្វើដំណើរទៅមុខទៀត ៕

RELATED ARTICLES