Tuesday, April 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងប្អូនអត់ទុកបាយឱ្យស៊ី គប់ឡានគេ ជាប់ខ្នោះ

ខឹងប្អូនអត់ទុកបាយឱ្យស៊ី គប់ឡានគេ ជាប់ខ្នោះ

ខេត្តតាកែវ ៖ យុវជនម្នាក់ ខឹងប្អូនស្រី មិនទុកបាយម្ហូបឱ្យស៊ី បានកាន់ចម្ពាមកៅស៊ូ និងដុំថ្ម ទៅចាំស្ទាក់បាញ់និងគប់រថយន្តអ្នកដំណើរតាមផ្លូវ ធ្វើឱ្យត្រូវរថយន្ត ១គ្រឿង និងត្រូវផ្ទះប្រជាពលរដ្ឋ លុះម្ចាស់ផ្ទះរាយការណ៍ប្រាប់សមត្ថកិច្ច ចុះអន្តរាគមន៍ ចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិវាយឈ្នះ ឃុំរវៀង ស្រុកសំរោង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះត្រេន ថានុង អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចខេត្តតាកែវ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតដោយចេតនា លើទ្រព្យសម្បត្តិអ្នកដទៃ (ប្រើដុំថ្មគប់លំនៅ ឋានរបស់ប្រជាពលរដ្ឋ និងប្រើចម្ពាមកៅស៊ូបាញ់ទៅលើរថយន្តអ្នកដំណើរ) បណ្តាលឱ្យខូចខាត។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិវាយឈ្នះ ឃុំរវៀង ស្រុករោង ខេត្តតាកែវ មានករណីធ្វើឱ្យខូចខាតដោយចេតនា គប់ផ្ទះប្រជាពលរដ្ឋ និងបាញ់រថយន្តអ្នកដំណើរ ដែលបង្កឡើងដោយយុវជនម្នាក់ បណ្តាលឱ្យត្រូវរថយន្តហាយឡែនដឺរ ពណ៌ទឹកប្រាក់ ១គ្រឿង កំពុងបើកបរពីទិសខាងត្បូង ទៅជើង លើបណ្តោយផ្លូវជាតិលេខ២។ ភ្លាមៗនោះ ជនរងគ្រោះជាម្ចាស់រថយន្ត មិនបានរាយការណ៍ជូនសមត្ថកិច្ចទេ។ បន្ទាប់មកជនសង្ស័យបានប្រើដុំថ្មគប់ និងចម្ពាមកៅស៊ូបាញ់ទៅលើអ្នកដំណើរតាមផ្លូវទៀត តែមិនត្រូវ ហើយបានទៅត្រូវផ្ទះរបស់ប្រជាពលរដ្ឋ ទើបប្រជាពលរដ្ឋជាម្ចាស់ផ្ទះ បានរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ក្រោយពីទទួលបានព័ត៌មាននោះភ្លាម លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាទៅលោកស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ឱ្យកម្លាំងជំនាញសហការជាមួយនគរបាលមូលដ្ឋាន ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូង ចុះធ្វើការស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យភ្លាមៗ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចការចោទប្រកាន់នោះមែន មូលហេតុដោយសារតែខ្លួនខឹងនឹងប្អូនស្រី មិនទុកបាយឲ្យស៊ី។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យរូបនេះ ក៏ជាជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់មណ្ឌលកែប្រែម្តងរួចមកហើយ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES