Tuesday, April 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដេកផ្ទះសំណាក់ ប៉ូលិសចុះចាប់ ១បន្ទប់ ប្រុស១០ ស្រី១

ដេកផ្ទះសំណាក់ ប៉ូលិសចុះចាប់ ១បន្ទប់ ប្រុស១០ ស្រី១

ភ្នំពេញ ៖ ជនជាតិឥណ្ឌូនេស៊ី សរុបចំនួន១១នាក់ (ស្រី១) បានជួលបន្ទប់ផ្ទះសំណាក់ ស្នាក់នៅជុំគ្នា ធ្វើឱ្យម្ចាស់ផ្ទះសំណាក់ មានការសង្ស័យ តែមិនហ៊ានរាយការណ៍ប្រាប់សមត្ថកិច្ច លុះគាប់ជួនកម្លាំងសមត្ថកិច្ចចុះធ្វើរដ្ឋបាល ចូលទៅត្រួតពិនិត្យ ឆែកឆេរ និងរកឃើញគ្រឿងញៀន និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយ ចំនួន ទើបឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យ ទាំង១១នាក់ នាំយកទៅសាកសួរ។

ប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួនក្រុមជនជាតិឥណ្ឌូនេស៊ី ១១នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀននេះ បានធ្វើឡើងកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្ទះសំណាក់មួយកន្លែង បន្ទប់លេខ៤០៥ និង៤០៦ ជាន់ទី៤ តាមផ្លូវបេតុង ក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យជាជនជាតិឥណ្ឌូនេស៊ី ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានចំនួនសរុប ១១នាក់ (ស្រី១) ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួមជាមួយតំណាងស្ថានទូតឥណ្ឌូនេស៊ី ចាប់ឃាត់ខ្លួនបាន ពាក់ ព័ន្ធទៅនឹងប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន ដោយខុសច្បាប់។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីទទួលបានបណ្តឹងពីតំណាងស្ថានទូតឥណ្ឌូនេស៊ី មានជនសង្ស័យមួយក្រុម ពាក់ព័ន្ធទៅនឹងបទល្មើសគ្រឿងញៀន បានគេចខ្លួនពីខណ្ឌចម្ការមន មកសម្ងំលាក់ខ្លួនក្នុងភូមិសាស្ត្រសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ទើបកម្លាំង ជំនាញ ក្រោមបញ្ជាពីលោកវរសេនីយ៍ឯក ម៉ន វុធី អធិការខណ្ឌ ធ្វើការស្រាវជ្រាវ ដោយមានការសហការពីតំណាងស្ថានទូតឥណ្ឌនេស៊ី និងសេចក្តីរាយការណ៍ពីម្ចាស់ផ្ទះសំណាក់ មានជនបរទេសកំពុងសម្ងំលាក់ខ្លួន ទីបំផុតនៅល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ កម្លាំងជំនាញខណ្ឌ កម្លាំងបណ្តាប៉ុស្តិ៍រដ្ឋបាល បានចុះចាប់ខ្លួនជនសង្ស័យ ចំនួន១០នាក់ នៅក្នុងបន្ទប់លេខ៤០៦ ដកហូតបានវត្ថុតាង គ្រឿងញៀន ឧបករណ៍ជក់ មួយចំនួន និងនៅបន្ទប់លេខ៤០៥ ឃាត់ខ្លួនស្ត្រីជនជាតិឥណ្ឌូនេស៊ី ម្នាក់ ដែលក្រុមជនសង្ស័យនាំមកដេកនៅក្នុងបន្ទប់នោះ។

តាមប្រភពម្ចាស់ផ្ទះសំណាក់ បានឱ្យដឹងថា គាត់មិនដែលស្គាល់ក្រុមជនសង្ស័យទាំងនោះទេ ទើបតែនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ក្រុមជនបរទេសទាំងនោះ ចំនួន១០នាក់ មកជួលមួយបន្ទប់ស្នាក់នៅ ឆ្ងល់ថាមនុស្សដល់ទៅ១០នាក់ ជួលតែមួយបន្ទប់ បន្ទាប់មកក្រុមទាំងនោះ បានហៅស្ត្រីម្នាក់ទៀត ដោយជួលបន្ទប់ទល់មុខគ្នា កាន់តែសង្ស័យ តែមិនហ៊ានរាយការណ៍ភ្លាមទេ រហូតដល់ខាងសមត្ថកិច្ចស្រាវជ្រាវ សាកសួររឿងជនបរទេសស្នាក់នៅ រាយការណ៍ប្រាប់ជាតម្រុយមួយដល់កម្លាំងជំនាញ និងតំណាងស្ថានទូត ស្រាវជ្រាវរហូតដល់ចាប់ ឃាត់ខ្លួនបានចំនួន ១១នាក់ (ស្រី១នាក់) ដកហូតបានថ្នាំញៀន និងឧបករណ៍សម្រាប់ជក់គ្រឿងញៀន មួយ ចំនួន។

ជនសង្ស័យទាំង១១នាក់ បន្ទាប់ពីត្រូវបានចាប់ឃាត់ខ្លួន នគរបាលបាននាំទៅកាន់ផ្នែកជំនាញខណ្ឌ ដើម្បីធ្វើការសាកសួរ និងចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES