Tuesday, April 30, 2024
Homeព័ត៌មានអន្តរជាតិពលករខ្មែរ នៅប្រទេសថៃ រាប់ម៉ឺននាក់ សម្រុកត្រឡប់ស្រុក ចូលរួមបុណ្យចូលឆ្នាំថ្មី

ពលករខ្មែរ នៅប្រទេសថៃ រាប់ម៉ឺននាក់ សម្រុកត្រឡប់ស្រុក ចូលរួមបុណ្យចូលឆ្នាំថ្មី

ស្រះកែវ (ប្រទេសថៃ) ៖ ពលករខ្មែរ ចំនួនរាប់ម៉ឺននាក់ បានសម្រុកត្រឡប់មកស្រុក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ហើយបើតាមអាជ្ញាធរមានសមត្ថកិច្ចថៃ រំពឹងថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ មុនចូលឆ្នាំ១ថ្ងៃ នឹងជាពេលវេលាដែលនឹងមានពលរដ្ឋខ្មែរ ត្រឡប់ទៅស្រុកកំណើតវិញ កើនឡើងច្រើន រហូតដល់ ១០ម៉ឺននាក់។

  នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មានថៃ បានរាយការណ៍ថា ចាប់តាំងពីប៉ុស្តិ៍ត្រួតពិនិត្យ បានបើកការិ យាល័យអន្តោប្រវេសន៍ អារញ្ញ ចំណុចឆ្លងកាត់ព្រំដែនអចិន្ត្រៃយ៍ នៅបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ចាប់ពីវេលាម៉ោង ៦ព្រឹក ពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ រាប់ម៉ឺននាក់ បានសម្រុកធ្វើដំណើរទៅស្រុកកំណើត ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅស្រុកកំណើត ក្នុងប្រទេសកម្ពុជា។

លោកវរសេនីយ៍ឯក ណាផាត់ថាភុង្ស សុផាផន ប្រធានការិយាល័យអន្តោប្រវេសន៍ ខេត្តស្រះកែវ បានបញ្ជាឲ្យបើកច្រកត្រួតពិនិត្យលិខិតឆ្លងដែនក្រៅប្រទេស ជាង២០កន្លែង នៅគ្រប់ប៉ុស្តិ៍ ហើយបានដាក់ពង្រាយមន្ត្រីអន្តោប្រវេសន៍ មករួមគ្នាជួយសម្រួលការងារ ដោយមានការសម្របសម្រួលពីលោកវរសេនីយ៍ទោ អណូថ័យ ចិន្តាមណី នាយប៉ុស្តិ៍នគរបាលខ្លងលឹក លោកវរសេនីយ៍ទោ អាសាវីន សៅថង មេបញ្ជាការកងវរសេនាតូច ១២០១ និងមន្ត្រីរដ្ឋបាលស្រុកអារញ្ញ រួមគ្នាយផ្តល់ភាពងាយស្រួល និងការរៀបចំដល់ពលករកម្ពុជា ត្រឡប់មកប្រទេសវិញ បានឆាប់រហ័ស។

 លោកវរសេនីយ៍ឯក ណាផាត់ថាភុង្ស សុផាផន អគ្គនាយកអន្តោប្រវេសន៍ខេត្តស្រះកែវ បានឲ្យដឹងថា ចាប់ពីថ្ងៃទី០១-០៩ ខែមេសា ឆ្នាំ២០២៤ មានពលករខ្មែរ ទៅធ្វើការនៅប្រទេសថៃ។ ធ្វើដំណើរឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍ អារញ្ញ បានវិលមកចូលរួមពិធីបុណ្យសង្ក្រាន្ត (ចូលឆ្នាំខ្មែរ) នៅស្រុកកំណើត ប្រទេសកម្ពុជា ប្រមាណ ៥ម៉ឺននាក់ ហើយតាមការរំពឹងទុក ចាប់ពីថ្ងៃទី១០-១៣ ខែមេសា ឆ្នាំ២០២៤ នឹងមានពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ ប្រមាណជាង ១០ម៉ឺននាក់ ត្រឡប់មកស្រុកកំណើត ចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ជាពិសេសនៅថ្ងៃចុងក្រោយ គឺថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ នៅពេលដែលរោងចក្រផ្សេងៗនៅប្រទេសថៃ ឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ហើយគេរំពឹងថា ពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ ភាគច្រើននឹងត្រឡប់ទៅស្រុកកំណើតវិញ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ៕

RELATED ARTICLES