Tuesday, April 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមព្រៃលិចទឹក រាប់រយហិកតារ ត្រូវភ្លើងឆេះ

ព្រៃលិចទឹក រាប់រយហិកតារ ត្រូវភ្លើងឆេះ

ខេត្តបាត់ដំបង ៖ តំបន់ព្រៃលិចទឹក ជាង៥៦០ហិកតារ នៅក្នុងស្រុកថ្មគោល និងជាង២០ហិកតារទៀត នៅក្នុងស្រុកមោងប្ញស្សី ត្រូវបានភ្លើងឆេះ ដែលកម្លាំងចម្រុះតាមបណ្តាស្រុកទាំងពីរនេះចុះល្បាតប្រទះឃើញ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ តែមិនទាន់ដឹងមូលហេតុពិតប្រាកដនៅឡើយ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មហន្តរាយភ្លើងឆេះព្រៃលិចទឹកនេះ បានកើតឡើងស្ទើរព្រមគ្នា រវាងស្រុកថ្មគោល និងស្រុកមោងប្ញស្សី ដោយតំបន់ព្រៃលិចទឹក នៅក្នុងភូមិសាស្ត្រស្រុកថ្មគោល ហាក់មានសភាពខូចខាតធ្ងន់ជាងតំបន់ព្រៃលិចទឹកនៅក្នុងភូមិសាស្ត្រស្រុកមោងប្ញស្សី ហើយព្រៃលិចទឹកដែលត្រូវភ្លើងឆេះទាំងនោះ ភាគ ច្រើនស្ថិតនៅក្នងតំបន់៣ ដែលជាតំបន់ត្រូវការពារ សម្រាប់ជាជម្រកត្រីពងកូនក្នុងរដូវវស្សា។

ប្រភពដដែល បន្តថា ព្រៃលិចទឹកដែលត្រូវភ្លើងឆេះ នៅក្នុងស្រុកថ្មគោល គឺភាគច្រើនស្ថិតនៅក្នុងតំបន់៣ ចាប់ ពីចំណុច “ខាំឆាំ” ក្នុងភូមិសាស្ត្រភូមិអង់ ឃុំតាម៉ឺន រហូតដល់ចំណុច “បឹងល្ពាក់” ក្នុងភូមិសាស្ត្រ ឃុំជ្រោយស្តៅ ដែលមានទំហំផ្ទៃដីចំនួន ៥៦៦ហិកតារ (ទំហំដីព្រៃ ដែលភ្លើងឆេះ)។

តាមប្រភពកម្លាំងចម្រុះរបស់រដ្ឋបាលស្រុកថ្មគោល បានឱ្យដឹងថា បើតាមការចុះពិនិត្យជាក់ស្តែង តំបន់ព្រៃលិច ទឹក ជាង៥៦០ហិកតារ ដែលត្រូវភ្លើងឆេះអស់ខ្ទេចនោះ ទំនងបានកើតឡើងជិតមួយសប្តាហ៍ មុនពេលកម្លាំងចម្រុះចុះពិនិត្យ។ ប៉ុន្តែមិនទាន់ហ៊ានសន្និដ្ឋានបាននៅ ឡើយទេ ចំពោះមូលហេតុដែលនាំឱ្យមានអគ្គិភ័យឆេះព្រៃលិចទឹក ក្នុងតំបន់៣នេះ។

ដោយឡែក ភ្លើងឆេះព្រៃលិចទឹក ក្នុងតំបន់៣ នៅស្រុកមោងប្ញស្សី នៅក្នងរបាយការណ៍ បានឱ្យដឹងថា ខូចខាតប្រមាណ ២០ហិកតារ ត្រង់ចំណុចខាងជើង “បឹងភ្លោះ” ស្ថិតក្នុងភូមិសាស្ត្រ ភូមិទូលព្រំ១ ឃុំកកោះ។

កម្លាំងចម្រុះដែលដឹកនាំដោយមន្ត្រីជលផល បានចេញល្បាតស្វែងរកបទល្មើសតាមតំបន់ទន្លេសាប ហើយបានប្រទះឃើញភ្លើងឆេះព្រៃលិចទឹកខាងលើនេះ ដែលទើបរលត់ នៅសល់ផ្សែងហុយៗ។ ប្រជាសហគមន៍ដែលចុះទៅពិនិត្យតំបន់ភ្លើងឆេះ បាននិយាយថា ករណីភ្លើងឆេះព្រៃលិចទឹកខាងលើនេះ ទំនងទើបឆេះបានមួយថ្ងៃប៉ុណ្ណោះ មុនពេលកម្លាំងចម្រុះចុះទៅឃើញ ព្រោះមានកន្លែងខ្លះរលត់អស់ តែកន្លែងខ្លះនៅមានផ្សែងហុយៗ នៅឡើយ តែគេពុំទាន់ដឹងថាមូលហេតុផ្តើមចេញពីអ្វីនោះទេ៕

RELATED ARTICLES