Tuesday, April 30, 2024
Homeព័ត៌មានជាតិបណ្តឹងរាជរដ្ឋាភិបាល មេបក្សភ្លើងទៀន សម្ងំក្រៅប្រទេស មិនចូលបំភ្លឺតុលាការ លើកទី២

បណ្តឹងរាជរដ្ឋាភិបាល មេបក្សភ្លើងទៀន សម្ងំក្រៅប្រទេស មិនចូលបំភ្លឺតុលាការ លើកទី២

ភ្នំពេញ ៖ មេបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) លោកទាវ វណ្ណុល បានបន្តសម្ងំនៅក្រៅប្រទេស មិនចូលបំភ្លឺតុលាការ តាមដីកាកោះលើកទី២ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងបណ្ដឹងរបស់មេធាវីតំណាងរាជរដ្ឋាភិបាល ពីបទធ្វើឱ្យប៉ះពាល់ដល់កិត្តិយសប្រមុខរដ្ឋាភិបាល និងរាជរដ្ឋាភិបាល នោះទេ ដោយមេធាវីរបស់មេបក្សប្រឆាំងរូបនេះ បានដាក់ពាក្យស្នើសុំពន្យារពេលឆ្លើយបំភ្លឺនេះ ទៅពេលក្រោយ ។

គួរបញ្ជាក់ថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពេលថ្មីៗនេះ បានចេញដីកាកោះលើកទី២ ឲ្យលោកទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ចូលខ្លួនបំភ្លឺតាមពាក្យបណ្តឹងមេធាវីតំណាងរាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធការអត្ថាធិប្បាយរបស់លោក ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសជប៉ុន កាលពីខែកុម្ភៈ ឆ្នាំ២០២៤​ អំពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

គណបក្សភ្លើងទៀន បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ថា លោកទាវ វណ្ណុល ត្រូវបានមេធាវីតំណាងរដ្ឋាភិបាលកម្ពុជា ប្តឹងពីបទធ្វើឱ្យប៉ះពាល់ដល់កិត្តិយសប្រមុខរដ្ឋាភិបាល ពាក់ព័ន្ធការផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន Nikkei Asia របស់ជប៉ុន និងអង្គភាពព័ត៌មានមួយទៀត គឺវិទ្យុបារាំងអន្តរជាតិ (RFI) ក្នុងអំឡុងពេលលោកមានវត្តមាននៅប្រទេសជប៉ុន។ ប្រធានគណបក្សភ្លើងទៀន រូបនេះ នឹងត្រូវចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

ប៉ុន្តែមកដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ លោកទាវ វណ្ណុល នៅតែមានវត្តមាននៅក្រៅប្រទេសនៅឡើយ ។ ដូច្នេះហើយទើបលោកជូង ជូងី ដែលជាមេធាវីការពារសិទ្ធិលោកទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន បានដាក់ពាក្យស្នើសុំពន្យារពេលចូលឆ្លើយបំភ្លឺរបស់លោកទាវ វណ្ណុល ទៅកាលបរិច្ឆេទពេលក្រោយ ដោយមូលហេតុ លោកទាវ វណ្ណុល មានភារកិច្ចនៅក្រៅប្រទេស មិនអាចវិលត្រឡប់មកប្រទេសកម្ពុជា វិញទាន់ពេលវេលាចូលទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដល់ការឆ្លើយបំភ្លឺ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានទេ ។ អាស្រ័យហេតុនេះ លោកមេធាវី ស្នើសុំព្រះរាជអាជ្ញា ពន្យារពេលការចូលឆ្លើយបំភ្លឺ របស់លោកទាវ វណ្ណុល ទៅកាលបរិច្ឆេទលើកក្រោយ ដោយសេចក្ដីអនុគ្រោះ ។

នៅថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០២៤ គណបក្សភ្លើងទៀន បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា លោកមេធាវី ជូង ជូងី ដែលជាមេធាវីការពារសិទ្ធិជូនលោកទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន បានដាក់ពាក្យស្នើសុំពន្យារពេលចូលឆ្លើយបំភ្លឺរបស់លោកទាវ វណ្ណុល ទៅកាលបរិច្ឆេទពេលក្រោយ ដោយមូលហេតុលោកទាវ វណ្ណុល មានភារកិច្ចនៅក្រៅប្រទេស មិនអាចវិលត្រឡប់មកប្រទេសកម្ពុជា វិញទាន់ពេលវេលាចូលទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដល់ការឆ្លើយបំភ្លឺ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានទេ។           

សេចក្ដីប្រកាសព័ត៌មាន របស់គណបក្សភ្លើងទៀន ខាងលើនេះ បានធ្វើឡើងក្រោយពីលោកប្លង់ សុផល តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះ (លើកទី២) ចុះថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ អញ្ជើញឈ្មោះទាវ វណ្ណុល ជាជនសង្ស័យ មានអាសយដ្ឋានស្នាក់នៅផ្ទះលេខ ៣២០ ផ្លូវលេខ១០ម៉ែត្រថ្មី បុរីពិភពថ្មី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៨និង៣០នាទីព្រឹក ដើម្បីសាកសួរពីដំណើររឿងដែលលោក ផូ សុផល និងលោកម៉ម ចាន់ណែត ជាមេធាវីតំណាងរាជរដ្ឋាភិបាលកម្ពុជា ប្ដឹងពីករណីដែលឈ្មោះទាវ វណ្ណុល បានផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មាន Nikkei Asia របស់ជប៉ុន និងវិទ្យុបារាំងអន្តរជាតិ RFI បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសប្រមុខរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ។

            ជុំវិញពាក្យសុំពន្យារពេលចូលឆ្លើយបំភ្លឺ របស់មេធាវីការពារក្តីលោកទាវ វណ្ណុល ខាងលើនេះ “នគរធំ” មិនអាចសុំការឆ្លើយតបបញ្ជាក់ពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទេ កាលពីម្សិលមិញ ។

គួររំលឹកថា ក្នុងបទសម្ភាសជាមួយសារព័ត៌មានជប៉ុន Nikkei Asia ដែលចុះផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោកទាវ វណ្ណុល បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរឹតត្បិត គ្រប់គ្រងលើគូប្រជែង និងចាប់ខ្លួនអ្នកប្រឆាំងនយោបាយ ហើយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បាននិងកំពុងដើរថយក្រោយ ចាប់តាំងពីសម្ដេចហ៊ុន ម៉ាណែត ឡើងកាន់តំណែងនាយករដ្ឋមន្ត្រី។ លោកបានសម្តែងការព្រួយបារម្ភអំពីសុវត្ថិភាពរបស់លោក ដោយនិយាយថា លោកត្រូវបានឃ្លាំមើលដោយកាមេរ៉ា ២៤ម៉ោង។

ទោះបីជាយ៉ាងណា ឆ្លើយតបការលើកឡើងនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានច្រានចោលការលើកឡើងរបស់លោកទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន តាមសារព័ត៌មាន Nikkei របស់ជប៉ុន និង RFI នោះ ដោយថា មានចេតនាអាក្រក់ បង្ខូចកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាល មានលក្ខណៈជាការចោទប្រកាន់មកលើរាជរដ្ឋាភិបាល ទាំងបំពាននិងដោយខុសពីការពិត។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសបដិសេធទាំងស្រុង ចំពោះការអះអាងរបស់លោកទាវ វណ្ណុល និងសូមបញ្ជាក់ជូនសាធារណមតិជាតិនិងអន្តរជាតិ ជ្រាបដូចខាងក្រោម ៖

ទី១- គ្មានការដាក់កាមេរ៉ា ដើម្បីឃ្លាំមើលសកម្មភាពរបស់លោកទាវ វណ្ណុល ដូចការអះអាងមួលបង្កាច់របស់គាត់នោះឡើយ។ កាមេរ៉ានានាដែលបានដាក់នៅតាមទីសាធារណៈ ទូទាំងប្រទេស ក៏ដូចជានៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺក្រោមមូលហេតុរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់សាធារណៈ និងចរាចរណ៍ ជូនប្រជាពលរដ្ឋទូទៅតែប៉ុណ្ណោះ ហើយក៏គ្មានគោលការណ៍ដាក់កាមេរ៉ាដោយឡែក ដើម្បីឃ្លាំមើលសកម្មភាពរបស់បុគ្គលណាមួយនោះឡើយ។

ទី២- ការអនុវត្តច្បាប់ ត្រូវបានធ្វើឡើងចំពោះជនទាំងឡាយណាដែលបានប្រព្រឹត្តិល្មើសច្បាប់ ដោយគ្មានការបែងចែកថា អ្នកនោះមានឋានៈតួនាទីអ្វី ឬជាអ្នកនយោបាយនោះឡើយ។ នៅកម្ពុជា គ្មានទេអ្នកទោសនយោបាយ គឺមានតែអ្នកនយោបាយដែលប្រព្រឹត្តខុសច្បាប់ ហើយត្រូវបានច្បាប់ផ្តន្ទាទោស។

ទី៣- ការអនុវត្តច្បាប់ គឺជាការងារសំខាន់ចាំបាច់ដើម្បីពង្រឹងនីតិរដ្ឋ។ នៅគ្រប់ប្រទេសទាំងអស់ ជាពិសេសក្នុងបណ្តាប្រទេសប្រជាធិបតេយ្យជឿនលឿន ការពង្រឹងនីតិរដ្ឋ គឺជារឿងមិនអាចខ្វះបាន ដើម្បីឱ្យប្រជាធិបតេយ្យ ដំណើរការនិងរីកលូតលាស់ទៅមុខ។ គ្មានការគោរពច្បាប់ គ្មានប្រជាធិបតេយ្យ តែវាជាប្រភពនៃភាពអនាធិបតេយ្យទៅវិញទេ ពោលគឺប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់បុគ្គល ត្រូវតែស្ថិតនៅក្រោមច្បាប់។

ទី៤- រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៤១ ចែងថា ប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការជួបជុំ។ ជនណាក៏ដោយ មិនអាចឆ្លៀតប្រើប្រាស់សិទ្ធិនេះ ដោយរំលោភបំពាន នាំឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។ របបសារព័ត៌មាន ត្រូវរៀបចំឡើងដោយច្បាប់។

ទី៥- នៅកម្ពុជា ការបញ្ចេញមតិដែលស្ថិតនៅក្នុងក្របខ័ណ្ឌនៃរដ្ឋធម្មនុញ្ញ ដូចបានលើកឡើងខាងដើម និងការរិះគន់ដោយស្ថាបនា ត្រូវបានគោរពនិងធានាយ៉ាងខ្ជាប់ខ្ជួន។ ប៉ុន្តែ ការរំលោភបំពានដែលត្រូវបានហាមដោយរដ្ឋធម្មនុញ្ញ គឺជាអំពើខុសច្បាប់ ហើយការអនុវត្តច្បាប់ មិនត្រូវបានបកស្រាយថា ជាការបំបិទសិទ្ធិបញ្ចេញមតិ ឬការធ្វើទុក្ខបុកម្នេញឡើយ៕ កុលបុត្រ

RELATED ARTICLES