Tuesday, April 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះបក្ខពួកក្រុមឆបោកអនឡាញ ដាក់លុយតិច ចំណេញច្រើន

វ៉ៃខ្នោះបក្ខពួកក្រុមឆបោកអនឡាញ ដាក់លុយតិច ចំណេញច្រើន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ទៀត ក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀត ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ ករណីប្រព្រឹត្តបទល្មើសឆបោកតាមតេឡេក្រាម ក្រោមរូបភាពវិនិយោគរយៈពេលខ្លី ចំណេញច្រើន។

យោងតាមប្រភពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹង កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ស.ឃ ភេទប្រុស អាយុ៥១ឆ្នាំ ពាក់ព័ន្ធនឹងករណីឆបោក ក្រោមរូបភាពដាក់ប្រាក់វិនិយោគដែលផ្តល់ប្រាក់ចំណេញច្រើនត្រលប់មកវិញ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងទៀតថា ជាលទ្ធផល ជនសង្ស័យជាសហចារី ដែលប្រើ ប្រាស់គណនីធនាគាររបស់ខ្លួនផ្ទាល់ ជាមធ្យោបាយសម្រាប់ទទួលប្រាក់ឆបោកពីអ្នកវិនិយោគផ្សេងៗ រួចផ្ទេរប្រាក់ទាំងនោះ ទៅឱ្យបក្ខពួករបស់ខ្លួន តាមរយៈគណនីធនាគារ ជាច្រើន។ បក្ខពួករបស់ជនសង្ស័យ ប្រើប្រាស់បណ្តាញសង្គម ដោយដាក់តាំងរូបក្នុងប្រូហ្វាល (Profile) ក្លែង ជារូបស្រីស្អាត តាមគោលដៅដែលពួកគេតាមប្រមាញ់ ដោយនិយាយលួងលោមជនរងគ្រោះ ឱ្យជឿជាក់ព្រមដាក់ប្រាក់វិនិយោគ។

បច្ចុប្បន្ន នាយកដ្ឋានបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរម្លឹកដល់ជនទូទៅ កុំឱ្យចូលរួមសកម្មភាពទទួលនិងដក ប្រាក់ដែលគ្មានប្រភពច្បាស់លាស់ និងប្រមូលទិញ-លក់គណនីធនាគារ យកទៅឱ្យតតិយជន ដែលអំពើនេះ គឺជាបទល្មើសធ្វើឱ្យសាមីខ្លួនត្រូវតែទទួលខុសត្រូវចំពោះមុខ ច្បាប់៕

RELATED ARTICLES