Tuesday, April 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ស្ត្រីមេតុងទីន ពិបាកចិត្តកូនងាប់បោក រត់ទៅច...ង...ក...ផ្ទះកូនរស់

 ស្ត្រីមេតុងទីន ពិបាកចិត្តកូនងាប់បោក រត់ទៅច…ង…ក…ផ្ទះកូនរស់

ភ្នំពេញ ៖ ស្ត្រីម្នាក់ ជាមេតុងទីន ពិបាកចិត្តរឿងកូនតុងទីនដែលដេញហើយ (អ្នកងាប់) មិនព្រមបង់លុយមកវិញ ធ្វើឱ្យខ្លួនត្រូវរងថ្មបាក់ បង់សងជំនួស ឯកូនតុងទីនផ្សេងទៀត ចេះតែទារលុយពេលដេញបាន រហូតដល់អស់លទ្ធភាពសង ក៏រត់មកផ្ទះកូនបង្កើត រួចចងកបញ្ចប់ជីវិតខ្លួនឯង។

ករណីមេតុងទីនចងកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ E2 ផ្លូវលេខ១ បុរី VIP ស្ថិតនៅក្នុងភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។

ស្ត្រីជាមេតុងទីនដែលចងកបញ្ចប់ជីវិតខ្លួនឯង មានឈ្មោះចាន់ ណារី អាយុ៥៦ឆ្នាំ មុខរបរលក់ដូរ មានលំនៅ ផ្ទះលេខ 1E0 ផ្លូវលេខ២៧៦ ភូមិ៨ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង។ ស្ត្រីរងគ្រោះ បានយកខ្សែអង្រឹង ចងកជាប់នឹងដែកទ្វារផ្ទះកូនរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីឈ្មោះ ថន ឡង់ឌី អាយុ៣២ឆ្នាំ ត្រូវជាកូនប្រសារបស់ស្ត្រីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា កាលពីវេលាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ម្តាយក្មេករបស់គាត់ (ស្ត្រីរងគ្រោះ) បានមកលេងផ្ទះគាត់ ប៉ុន្តែមិនបានជួបប្តីគាត់ទេ ព្រោះប្តីគាត់មិននៅផ្ទះ បានចេញទៅរត់តាក់ស៊ីបាត់ហើយ។ ពេលនោះគាត់បានឃើញម្តាយក្មេក មានទឹកមុខស្រពាប់ស្រពោនខ្លាំងណាស់ និងត្អូញថា គាត់ត្រូវបានកូនតុងទីន បោកលុយអស់ជាច្រើន ធ្វើឱ្យគាត់ពិបាកចិត្តយ៉ាងខ្លាំង។

កូនប្រសាស្ត្រីរងគ្រោះ បានបន្តថា លុះដល់វេលាម៉ោងប្រហែល ៩និង៣០នាទីយប់ ថ្ងៃដដែល ម្តាយក្មេករបស់គាត់បានសម្រាកនៅខាងក្រោម ចំណែកគាត់បាននាំកូនឡើងទៅដេកក្នុងបន្ទប់ខាងលើ។ រហូតដល់វេលាម៉ោងប្រហែលជាង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ខណៈដែលគាត់ចុះទៅបើកទ្វារឱ្យប្តីដែលទើបត្រឡប់មកដល់ផ្ទះ ហើយបញ្ចាំងពិលចំម្តាយក្មេក បានឃើញគាត់កំពុងយំ។

ស្ត្រីជាកូនប្រសា បានបញ្ជាក់ថា ពេលនោះនាងនិងប្តី បាននិយាយលួងលោមអ្នកម្តាយ ឲ្យស្ងប់ចិត្ត រហូតគាត់សម្រាក ទើបនាំគ្នាឡើងទៅដេកនៅក្នុងបន្ទប់ខាងលើ ។ រហូតដល់វេលាម៉ោង ៦ព្រឹក ថ្ងៃដដែល ប្តីនាងភ្ញាក់ពីដេក ដើរចុះទៅខាងក្រោម បានប្រទះឃើញម្តាយចងកនឹងខ្សែអង្រឹងជាប់ដែកទ្វារខាងក្រោយ ទើបប្តីគាត់ស្រែកហៅគាត់ឱ្យមកមើល ហើយនាំស្រាយខ្សែដាក់ចុះ ដើម្បីនាំទៅសង្គ្រោះដែរ ប៉ុន្តែអកុសល ម្តាយក្មេកបានស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ ក្រុមគ្រួសារបានរាយការណ៍ជូនអាជ្ញាធរនិងនគរបាលប៉ុស្តិ៍ស្ពានថ្ម និងនគរបាលខណ្ឌដង្កោ ឱ្យចុះទៅពិនិត្យ។

បន្ទាប់ពីសមត្ថកិច្ចជំនាញការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះពិនិត្យនិងធ្វើកោសល្យវិច័យរួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយការធ្វើអត្តឃាត (ចងក) ប្រាកដមែន។ មូលហេតុ ដោយសារតូចចិត្តរឿងកូនតុងទីនបោក។

សពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES