Tuesday, April 30, 2024
Homeព័ត៌មានជាតិបណ្តាញសហគមន៍ព្រៃឡង់ព្រះវិហារ បន្តរកឃើញបទល្មើសកាប់ឈើ ដុតព្រៃ ទន្ទា្រនដី

បណ្តាញសហគមន៍ព្រៃឡង់ព្រះវិហារ បន្តរកឃើញបទល្មើសកាប់ឈើ ដុតព្រៃ ទន្ទា្រនដី

ខេត្តព្រះវិហារ ៖ បន្ទាប់ពីបានចុះល្បាត អស់រយៈពេលជាច្រើនថ្ងៃ កាលពីដើមខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ បណ្ដាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ អះអាងថា បានបន្តរកឃើញបទល្មើសកាប់ឈើ ដុតព្រៃ ទន្រ្ទានដី ហើយក្នុងនោះ បទល្មើសទន្រ្ទានដី មានការកើនឡើងខ្លាំង នៅក្នុងឆ្នាំនេះ ដោយសារមិនទាន់មានការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង ។

បណ្តាញសហគមន៍ព្រៃឡង់ ព្រះវិហារ បានចុះស៊ើបអង្គេតបទល្មើសក្នុងតំបន់ព្រៃឡង់ រយៈពេល៣យប់៤ថ្ងៃ ដោយចាប់ពីថ្ងៃទី០៤ ដល់ទី០៧ ខែមេសា ឆ្នាំ២០២៤ បានប្រទះឃើញបទល្មើសជាច្រើនករណីដូចជា គល់ឈើកាត់រួចថ្មី ចំនួន៣៦គល់ ប្រភេទឈើខ្លុង រាំងខ្វាវ ដែលស្ថិតនៅចំណុចព្រៃស្រុកចាស់ បុសរាំង ការកាប់រានដីព្រៃ មានចំនួន៦កន្លែង គឺ១ ភ្នំដំណាក់ភ្ញៀវ ២ ក្បាលអូអាស្រង់ ៣ ជាំរិទ្ធ ៤ ស្រែជាំរិទ្ធ ៥ អូរចង្ហា និង៦ បុសស្បូវ។ ក្នុងនោះក៏បានជួបគោយន្ត ១២គ្រឿង មនុស្សចំនួន១៦នាក់ ម៉ូតូ ចំនួន៧គ្រឿង ។

លោកខេម សុឃី តំណាងសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ថា ក្នុងចំណោមបទល្មើសឈើ ដុតព្រៃ និងទន្រ្ទានដី គឺការទន្ទា្រនរានយកដី មានការកើនឡើងច្រើនជាងគេ ដែលធ្វើឲ្យបណ្ដាញសង្គមព្រៃឡង់ មានការព្រួយបារម្ភ ខ្លាចព្រៃឈើនៅទីតាំងទាំងនោះ ក្នុងតំបន់ព្រៃឡង់ វិនាសហិនហោចអស់ ។ ដូច្នេះបណ្ដាញសហគមន៍ព្រៃឡង់ នៅតែបន្តអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសអភិបាលខេត្ត មេត្តាយកចិត្តទុកដាក់ទប់ស្កាត់ករណីនេះឲ្យបានខ្លាំងក្លា ដើម្បីថែរក្សាព្រៃឡង់ ឲ្យបានគង់វង្ស ។

លោកខេម សុឃី បានមានប្រសាសន៍ថា “ប្រជាសហគមន៍បណ្ដាញព្រៃឡង់ ក៏ដូចជារូបខ្ញុំផ្ទាល់ បានចុះទៅឃើញផ្ទាល់នឹងភ្នែកអ៊ីចឹងមែន នៃការកាប់រាន ការកាប់ធ្វើចម្ការ ហើយក៏កាប់ផង ដុតផង នៅនឹងដែនជម្រកសត្វព្រៃ ព្រៃឡង់យើងហ្នឹង ហើយក៏មានជនដែលដឹកឈើដែលអារច្រៀកហើយ ចេញទៅតំបន់ហ្នឹងក៏មានដែរ ហើយម៉ាស៊ីនកំពុងតែអារនៅក្នុងតំបន់ហ្នឹងក៏មាន ។ ចំពោះអ្នកដែលមកកាប់ ដុត ទន្ទ្រានពៃ្រទាំងអស់នោះ ខ្ញុំមិនដឹងមកពីណាខ្លះទេ គឺខ្ញុំដូចជាមិនទាន់ច្បាស់រឿងហ្នឹងទេ ប៉ុន្តែបើតាមខាងសង្កេតឃើញ គឺមានប្រជាពលរដ្ឋនៅនឹងមូលដ្ឋានផង ប្រជាពលរដ្ឋមកពីខាងក្រៅផង ដែលមានខ្លះក៏ទៅស៊ីឈ្នួលឲ្យគេទៅ ខ្លះគេក៏កាប់ឆ្ការយកផ្ទាល់ខ្លួនឯងទៅ ។ បើគិតពីទំហំនៃការកាប ដុត ទន្រ្ទានបំផ្លាញនេះ ខ្ញុំមិនបានវាស់ទេ ដោយសារពួកខ្ញុំដើរទៅក៏មិនបានវាស់ ប៉ុន្តែឃើញ ៦ចំណុច នៅតំបន់នោះ ដូចជា ភ្នំដំណាក់ភ្ញៀវ ក្បាលអូអាស្រង់ ជាំរិទ្ធ  ស្រែជាំរិទ្ធ អូរចង្ហា និងបុសស្បូវ ។ ក្រៅពីទីតាំង៦ចំណុចនេះ ដូចជាមាននៅចំណុចច្រាំងបាក់ ដែលជាព្រំប្រទល់ព្រះវិហារ កំពង់ធំដែរ ដែលមានការកាប់រាន“ ។

លោកខេម សុឃី បន្តថា “ក្រោយរកឃើញបទល្មើសទាំងនោះ ពួកខ្ញុំមិនបានរាយការណ៍ផ្ទាល់ទៅដល់អាជ្ញាធរមានសមត្ថកិច្ចទេ គ្រាន់តែបានរាយការណ៍តាមប្រព័ន្ធស្មាតហ្វូន ទៅមន្រ្តី ដោយបាញ់រូបភាពបទល្មើស មាននិយាមការ ឲ្យពួកគាត់ចុះទៅមើលអ៊ីចឹងទៅ គឺចង់ឲ្យខាងជំនាញចុះទៅមើល ។ ប៉ុន្តែដូចអត់ទាន់ឃើញពួកគាត់ចុះទៅមើលទេ តាំងពីថ្ងៃនោះមក ខណៈដែលពួកយើងឲ្យពួកគាត់ដឹងថា បទល្មើសនៅតែមានអ៊ីចឹង ហើយបើទោះបីការកាប់ឈើ ហាក់រាងថយចុះបន្តិចមែន ប៉ុន្តែនៅការកាប់រានដីនៅតំបន់អភិរក្សច្រើន ។ អ៊ីចឹងការកាប់រានដី ច្រើនជាងយើងកាប់ឈើ១ដើមៗទៅទៀត ។ បានន័យថា ការទន្ទ្រានដីហ្នឹង គឺកើនឡើង ក្នុងឆ្នាំនេះ កើនមែនទែន ។ កើនឡើងនេះ ដោយសារយើងអត់ទាន់បានអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងនៅក្នុងតំបន់ ។ អ៊ីចឹងទទូចឲ្យការអនុវត្តច្បាប់ហ្នឹងឲ្យបានតឹងរ៉ឹង នៅក្នុងតំបន់អភិរក្សរបស់យើង ។ សរុបទៅ ខ្ញុំសូមអំពាវនាវ ឬក៏ចង់សំណូមពរឲ្យលោកអភិបាលខេត្ត ទាំង៤ខេត្ត មិនថាខេត្តព្រះវិហារទេ ខេត្តដែលជាប់ជុំវិញព្រៃឡង់ហ្នឹង ឲ្យលោកចាត់គណៈកម្មការ ហើយចុះឲ្យបានដូចនៅខេត្តផ្សេង ដូចនៅខេត្តពោធិ៍សាត់អ៊ីចឹង ចុះស្រាវជ្រាវរកបទល្មើស“ ។

គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០២៣ ប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក សៅ សុខា បានចោទថា បទល្មើសព្រៃឈើដែលតែងតែកើតមាននៅកម្ពុជា ទប់ស្កាត់មិនបាន គឺដោយសារតែមន្ត្រីមូលដ្ឋានជាអ្នកបើកដៃឱ្យឈ្មួញពីខាងក្រៅតែប៉ុណ្ណោះ។

លោក សៅ សុខា អះអាងថា មន្ត្រីជំនាញតែងផ្ដេកផ្ដួលចំពោះបញ្ហានេះ ព្រោះថាឈើដឹកតែលើផ្លូវ មិនដែលដឹកខុសពីលើផ្លូវទេ ហើយទីស្នាក់ការរដ្ឋបាលព្រៃឈើ ក៏នៅលើផ្លូវ ទីស្នាក់ការបរិស្ថាន ក៏នៅលើផ្លូវដែរ ដូច្នេះបើមន្ត្រីទាំងនោះមិនផ្សំគំនិតគ្នាទេ បទល្មើសព្រៃឈើក៏មិនកើតឡើងដែរ។ លោកសង្កត់ធ្ងន់ថា បើនៅតែបែបនេះទៀត ប្រទេសកម្ពុជានឹងរលាយហិនហោចជាមិនខាន។

ទោះជាបែបនេះក្តី រដ្ឋមន្ត្រីថ្មី នៃក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត កាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ បានប្រកាសដាក់ចេញវិធានការ ដើម្បីទប់ស្កាត់ និងការការពារធនធានធម្មជាតិ ឲ្យបាន ១០០ភាគរយ ដែលត្រូវអនុវត្តច្បាប់មិនលើកលែងឲ្យជនល្មើសទៀតនោះទេ និងជំរុញឲ្យការដាំដុះគម្របព្រៃឈើឡើងវិញ ឲ្យបាន ៦០% នៅឆ្នាំ២០៥០ ផងដែរ។

យ៉ាងណាក៏ដោយ សកម្មជនបរិស្ថាន និងក្រុមអង្គការជាតិ-អន្តរជាតិ នៅតែមើលឃើញថា ការបង្ក្រាបបទល្មើសព្រៃឈើនៅកម្ពុជា នៅតែមិនមានប្រសិទ្ធភាព។ ផ្ទុយទៅវិញ បទល្មើសព្រៃឈើ នៅតែបន្តកើនឡើងទ្រង់ទ្រាយធំ ហើយអ្នកប្រព្រឹត្តទាំងនោះភាគច្រើនជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារសាច់ញាតិអ្នកធំ។

ទាក់ទិននឹងបញ្ហានេះ កាលពីចុងឆ្នាំ២០២១ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានផ្តាច់ជំនួយពីរដ្ឋាភិបាលកម្ពុជា លើគម្រោង «ព្រៃឡង់បៃតង» ដែលជាការឆ្លើយតបនឹងវិធានការរបស់រដ្ឋាភិបាល ដែលបិទខ្ទប់សកម្មភាពរបស់សកម្មជនការពារព្រៃឈើ មិនឱ្យចូលល្បាតបទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ ស្របពេលដែលព្រៃឈើក្នុងតំបន់ការពារមួយនេះ នៅតែបន្តរងនូវការកាប់បំផ្លាញ ដោយគ្មានវិធានការទប់ស្កាត់ដើមឈើរលំដួលឲ្យរពុយ ។

អង្គការឃ្លាំមើលព្រៃឈើពិភពលោក បានចេញរបាយការណ៍របស់ខ្លួនកាលពីអំឡុងឆ្នាំ២០២១ ស្ដីពីឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជា ថាការវិនាសព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ របស់កម្ពុជា សព្វថ្ងៃនេះ គឺបង្កឡើងដោយក្រុមហ៊ុនមួយចំនួនដែលរកស៊ីកាប់ឈើខុសច្បាប់ បច្ចុប្បន្ននេះ ដូចជា ក្រុមហ៊ុន Think Biotech ក្រុមហ៊ុន Angkor Plywood ក្រុមហ៊ុន Sam Oeun Sovann ក្រុមហ៊ុន PNT និងក្រុមហ៊ុន Thy Ngan Development ជាដើម ៕ កុលបុត្រ

RELATED ARTICLES