Wednesday, May 1, 2024
Homeតារាខ្មែរលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានឈរឈ្មោះបោះឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ រួចហើយ

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានឈរឈ្មោះបោះឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ រួចហើយ

ភ្នំពេញ៖លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ហៅស្រីតូចចំណាន បានបំពេញគ្រប់ល័ក្ខខណ្ឌឈរឈ្មោះបោះ ឆ្នោតជាប្រធានសមាគមសិល្បករខ្មែររួចហើយកាលពីពេលថ្មីៗនេះ។ នេះបើយោងតាមគណៈកម្មការបណ្ដោះ អាសន្នរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិ​ល្ប​ករខ្មែរដឹកនាំដោយក្រ​សួងវប្បធម៌ និងវិចិត្រសិ ល្បៈ។

បើតាមគណៈកម្មការរៀបចំការបោះឆ្នោតបានបញ្ជាក់ថា លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានបំពេញនូវល័ក្ខខណ្ឌដែលគណៈកម្មការកំណត់រួចរាល់ហើយដូចជាពាក្យស្នើសុំឈរឈ្មោះ និងការបំពេញប្រវត្តិរូបជាដើម។ ដោយឡែក អ្នកមានបំណងឈរឈ្មោះសម្រាប់ការបោះឆ្នោតមួយចំនួនទៀត បានសាកសួរព័ត៌មាន និងទទួលពាក្យពីគណៈកម្មការ ដើម្បីបំពេញក្នុងការចូលរួមផងដែរ ប៉ុន្តែក្រុមការងារមិនទាន់បានទទួលត្រឡប់មកវិញនៅឡើយ។

ទោះបីជាយ៉ាងណា គណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ ការដាក់ពាក្យ និងទទួលពាក្យបន្តរហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ បើតាមគណៈកម្មការបានបន្តថា ប្រសិន បើអ្នកឧកញ៉ា ឧកញ៉ា ឯកឧត្ដមលោកជំទាវ អស់លោកលោកស្រី និងសិល្បករ សិល្បការិនីទាំងអស់ មានបំ ណងឈរឈ្មោះជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦នេះ អាចទៅទទួលពាក្យស្នើសុំនៅទីស្នាក់ការបណ្ដោះអាសន្ននៃរបស់គណៈកម្មការដែលមានអាស័យដ្ឋានផ្ទះលេខ២ មហាវិថី ម៉ៅសេទុង(ក្រោយក្រសួងកសិកម្ម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមក រាជធានីភ្នំពេញ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្ររៀងរាល់ម៉ោងធ្វើការ។ ឬអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០១៦ ២២២ ៩២៩។

គួរបញ្ជាក់ថាសមាគមសិល្បករខ្មែរ ត្រូវបានបង្កើតឡើងជាដំបូងនៅក្នុងឆ្នាំ២០០៦ ដោយមានការផ្ដួចផ្ដើមគំនិតរបស់អ្នកស្នេហាវិស័យសិល្បៈមួយចំនួន ក្នុងគោលបំណង អភិរក្ស អភិវឌ្ឍន៍ លើកស្ទួយវិស័យសិល្បៈជាតិ និងជួយដោះស្រាយរាល់បញ្ហារបស់អ្នកសិល្បៈ ជាពិសេសជួយដល់អ្នកសិល្បៈចាស់ជរា ពិការបាត់បង់សមត្ថភាព និងបាត់បង់ជីវិត និងរួមចំណែកជួយដល់សង្គមជាតិជាដើម ។

 ប៉ុន្មានឆ្នាំចុងក្រោយនេះ សមាគមសិល្បករខែ្មរក៍បានដើរតួរនាទីដ៏សំខាន់មួយជាសេនាធិកាឱ្យក្រសួងវប្បធម៌ និង វិចិត្រសិល្បៈក្នុងការចូលរួមបង្កើតសកម្មភាពសិល្បៈនានាដើម្បីការលើកស្ទួយនូវវប្បធម៌ជាតិ ក៍ដូចជាការជួយសំរួលនូវកិច្ចការលំបាកផ្សេងៗមួយចំនួនរបស់សិល្បករ សិល្បការិនីដែលបានជួបនូវបញ្ហាដូចអ្វីដែលជាគោលការណ៍របស់សមាគមផងដែរ ។

គណៈកម្មការដឹកនាំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងដំណើរការរៀបចំការបោះឆ្នោតជាផ្លូវការជ្រើសប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មីនៅថ្ងៃទី២ខែឧសភាឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ។ ដោយឡែកដោយយោងតាមសេចក្ដីជូនដំណឹងរបស់សមាគមកន្លងមកបញ្ជាក់ថា ការដាក់ពាក្យនិងទទួលពាក្យឈរឈ្មោះបោះ ឆ្នោតត្រូវបានគណៈកម្មការកំណត់យកពីថ្ងៃទី៤ដល់ថ្ងៃទី១៩ខែមេសា២០២៤។ ទោះបីជាយ៉ាងណារហូតមកដល់ពេលនេះ ក្រៅពីលោកជំទាវឧកញ៉ា ម៉ៅ ចំណាន នៅមិនទាន់មានបេក្ខភាពដទៃទៀតដាក់ពាក្យឈរឈ្មោះនៅ ឡើយ។ប៉ុន្ដែតាមប្រភពថានឹងមានសិល្បករជើងចាស់ អ្នកជំនាញសិល្បៈ និងអ្នកធ្លាប់ធ្វើការក្នុងវិស័យសិល្បៈជាច្រើនទៀតកំពុងត្រៀមខ្លួននឹងពិចារណាដាក់ខ្លួនចូលជាបេក្ខភាពជាប្រធានសិល្បករអាណត្តិថ្មីនេះបន្ដពីប្រ ធានចាស់ដឹកនាំដោយលោកជំទាវចន ច័ន្ទលក្ខិណា ។សម្រាប់លោកជំទាវអ្នកឧកញ៉ាម៉ៅ ចំណាន វិញទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសិល្បករនិងមហាជនជាច្រើន ជុំវិញការឈរឈ្មោះជាបេក្ខភាពប្រធានសិល្បករអាណត្តិថ្មីនេះ ប៉ុន្ដែលទ្ធផលនឹងបង្ហាញច្បាស់ថាបេក្ខភាពរូបណានឹងទទួលបានជ័យជំនះនឹងបង្ហាញនៅដើមខែឧសភា ឆ្នាំ២០២៤ នេះហើយ ៕

RELATED ARTICLES