Wednesday, May 1, 2024
Homeព័ត៌មានជាតិអន្ទិតសាន សុជា មន្ត្រីយោធារិះគន់

អន្ទិតសាន សុជា មន្ត្រីយោធារិះគន់

ភ្នំពេញ ៖ មន្រ្តីយោធា និងមជ្ឈដ្ឋានមហាជន បានរិះគន់អន្ទិតសាន សុជា ថាបានប្រមាថគ្រឿងឥស្សរិយយស ជាតូបការ ដែលជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត បន្ទាប់ពីគាត់ទទួលបានពីរាជរដ្ឋាភិបាល ដើម្បីតបស្នងទៅនឹងគុណបំណាច់ដែលលោកបានកសាងព្រះបទុមចេតិយ ដើម្បីតម្កល់ព្រះបរមសារីរិកធាតុ នៅវត្តមណីរតនារាម ខេត្តពោធិ៍សាត់ ។

លោកខ័ណ្ឌ ច័ន្ទសុផល មន្រ្តីយោធាមួយរូប បានសរសេរនៅក្នុងគណនីបណ្ដាញសង្កម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ថា “សាន សុជា ៖ មេដាយជាតូបការ ខ្ញុំមិនចង់បានឯណា ណាស់តែចៅអធិការវត្ត គាត់ស្នើធ្វើឲ្យខ្ញុំ ! ខ្ញុំពាក់ ១ភ្លែត ខ្ញុំដោះឲ្យម្តាយខ្ញុំបាត់ហើយ» ។

ហ៊ឹម! ស្តាប់សម្តីរបស់អ្នកប្រាជ្ញស្រុកខ្មែរហើយ ធ្លាក់ថ្លើមក្តុក! ជាតូបការ គឺគ្រឿងឥស្សរិយយសផុតលេខ ក្នុងប្រទេស ដែលបានឡាយព្រះហស្តពីអង្គព្រះមហាក្សត្រ តែបែរជាគ្មានតម្លៃពិតប្រាកដសម្រាប់អ្នកមិនប្រាថ្នាលាភការសរសើររូបនេះឡើយ ។ តែបើច្បាស់ថា ដូចមាត់ខ្លួន ម៉េចក៏ប្រកាច់ឡើងពាក់ធ្វើស្អី? ដល់លើឆាកកិត្តិយស កុំពាក់ទៅ ចប់ហើយ ។ យោធាការពារជាតិ ខ្លះផ្កាយ១ ២ និង ៣ មិនទាន់ស្គាល់មហាសេរីវឌ្ឍន៍ផង លោកមានសំណាងហើយ បានស្គាល់រសជាតិ ជាតូបការ ទាំងលុយសាងសង់ មិនមែនជាលុយរបស់លោកចូល ១ដុល្លារផងនោះ ។ មនុស្សមានអំនួតលើថ្វីមាត់ថា មានបញ្ញា ដោះក្នុងការនិយាយរឿងធម៌! តែស្តាប់យូរៗទៅ ជាន់តែលើសម្តីខ្លួនឯងជាញឹកញយ“ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកខ័ណ្ឌ ច័ន្ទសុផល បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ថា មានការកត់សម្គាល់ ២ចំណុច ដែលលោកសាន សុជា មិនឲ្យតម្លៃមេដាយជាតូបការ ដែលជាមេដាយថ្នាក់ខ្ពស់បំផុត គឺទី១ កាលណាគាត់ឲ្យតម្លៃមេដាយជាតូបការ ដែលបំពាក់ដោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត  គាត់ខ្លាចបក្សប្រឆាំងដែលធ្លាប់ចិញ្ចឹមគាត់ វ៉ៃប្រហារថាគាត់លក់ក្បាល និងទី២ គាត់ចង់បង្ហាញថា ជាអ្នកអស់កិលេស គឺអស់ការចង់បានអំណាច បុណ្យស័ក្ដិ លាភសក្ការៈ និងអ្វីផ្សេងទៀត សុខចិត្តធ្វើសាមញ្ញជន តែធាតុពិត គាត់មនុស្សជាប់ជំពាក់ ព្រោះបើមិនអ៊ីចឹង មិនមែនជាន់សម្ដីខ្លួនឯង សឹកយកប្រពន្ធនោះទេ ។

លោកខ័ណ្ឌ ច័ន្ទសុផល បានមានប្រសាសន៍ថា “ខ្ញុំសោកស្ដាយដែលគាត់ធ្លាប់ជាអ្នករៀនចេះដឹងមួយរូបដែរ គាត់បែរជាមិនឲ្យតម្លៃគ្រឿងឥស្សរិយយសជាន់ខ្ពស់ផុតលេខក្នុងប្រទេសកម្ពុជា សម្រាប់អ្នកមានស្នាដៃ ដែលជាមន្រ្តីរាជការ ដល់ថ្នាក់រដ្ឋលេខាធិការ ផ្កាយ៣ឡើង មានស្នាដៃ បានគេឲ្យមេដាយជាតូបការ ហើយស្រួលៗសម្រាប់គាត់អ៊ីចឹង គាត់អត់ដឹងតម្លៃហ្នឹងទេ បានជានៅក្នុងពេលសម្ពោធព្រះបទុមចេតិយ នៅខាងពោធិ៍សាត់ហ្នឹង គាត់ថា មេដាយហ្នឹង គាត់មិនចង់បានទេ គ្រាន់តែពាក់ភ្លាម គាត់ដោះឲ្យម្ដាយគាត់ភ្លាម ។ អ៊ីចឹងមានន័យថា មិនបានឲ្យតម្លៃនៃការយល់ដឹងពីស្នាដៃ ក៏ដូចជាមេដាយជាតូបការជាន់ខ្ពស់ ។ តាមពិត គាត់ចង់បង្ហាញខ្លួនគាត់ថា គាត់មានជាប់ជំពាក់នៅក្នុងផ្លូវព្រះធម៌ មានន័យថា គាត់គឺជាជនស្អាតស្អំ កាលណាគាត់ឲ្យតម្លៃលើជាតូបការ ឬក៏ការបំពាក់មេដាយពីសម្ដេចហ៊ុន ម៉ាណែត គាត់ខ្លាចបក្សប្រឆាំង ដែលធ្លាប់ចិញ្ចឹមគាត់ ចិញ្ចឹមអីហ្នឹង គេវ៉ៃប្រហារថា គាត់លក់ក្បាលឲ្យរដ្ឋាភិបាល អីអ៊ីចឹង ។ អ៊ីចឹងសូម្បីតែរូបបំពាក់មេដាយ ១សន្លឹក ក៏គាត់មិនបង្ហោះដែរ គាត់មិនបង្ហោះទេ ថែមទាំងវ៉ៃទៅតាមផ្លូវព្រះធម៌ ថាគាត់មនុស្សអស្ចារ្យ មិនជាប់ជំពាក់នៅក្នុងលាភ ក៏ដូចជាយសអីអ៊ីចឹង ចង់បញ្ជាក់ថា គាត់ជាមនុស្សដើរតាមព្រះធម៌ អ៊ីចឹងទៅ“ ។

លោកខ័ណ្ឌ ច័ន្ទសុផល បន្តថា “មេដាយជាតូបការនេះ បើនៅក្នុងផ្លូវពុទ្ធចក្រ គេសម្រាប់ថា អ្នកធំ ឬក៏អ្នកមានលុយ ពុទ្ធសាសនូបត្ថម្ភណាទៅ គេចូលទៅកំណត់គេ ដូចថា វត្តហ្នឹង គេកសាងអស់ចាប់ពី ២០ម៉ឺនដុល្លារឡើង សង្រ្គាជវត្តហ្នឹង គាត់មានសិទ្ធិស្នើទៅក្រសួងធម្មការ ។ ក្រសួងធម្មការ ស្នើទៅទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីសម្រេចយក ហ្នឹងបំពាក់តាមអ្នកមានស្នាដៃ ។ ដូច្នេះខ្ញុំដឹងពីជម្រៅចិត្តរបស់គាត់ (សាន សុជា) មានន័យថា កាលបួសនៅជាសង្ឃ ជាគ្រូអភិធម្ម គាត់ជាអ្នកចេះដឹងក្នុងផ្លូវពុទ្ធចក្រ ជ្រាលជ្រៅអ៊ីចឹងទៅ តែតាមពិត គាត់ចង់បង្ហាញថា គាត់អស់កិលេស ។ អស់កិលេសហ្នឹង គឺអស់ការចង់បាន ក្នុងជួរ បើឲ្យអំណាចទៅគាត់ ក៏គាត់មិនធ្វើដែរ រដ្ឋាភិបាល ឲ្យគាត់ធ្វើអនុរដ្ឋលេខាធិការ ឬរដ្ឋលេខាធិការ អ៊ីចឹងគាត់សុខចិត្តដើរធ្វើសាមញ្ញជន តែធាតុពិត គឺមិនមែនទេ មនុស្សតែជាប់ជំពាក់ហើយ គាត់មិនមែនរត់ទៅយកប្រពន្ធ មានប្រពន្ធ មានអីឡើងវិញទេ នេះគឺថាស្អីក៏ដោយ វាមានមុខមួយសម្ដែង តែមុខក្រោយ ដូចក្នុងវីដេអូមួយៗ គេតែងតែជាន់ជើង ជាន់ដានគាត់រហូត ។ បងប្អូនឃើញហើយ ក្នុងហ្វេសប៊ុក និយាយថា មិនទៅយកប្រពន្ធអីទេ អ្នកណាសឹកពីភេទសង្ឃ ទៅជាគ្រហស្ថ ជាជនថោកទាបអី ដែលសឹកពីសង្ឃ ទៅធ្វើគ្រហស្ថ មនុស្សធម្មតានោះ គេហៅហីនភេទ ។ ក្នុងន័យនេះ ដល់អស់កិលេស បាននៅក្នុងធម៌ គេហៅថា ព្រះអរហន្ត តែគាត់នៅជាប់កិលេសពេញខ្លួន គ្រាន់តែថា អ្នកដែលរៀនជ្រៅជ្រះទៅ បានអាចមើលឃើញថា គាត់ធ្វើហ្នឹង គឺចង់បានអី? ល្មមៗមើលអត់ឃើញទេ“ ។

លោកខ័ណ្ឌ ច័ន្ទសុផល បន្តទៀតថា “អ៊ីចឹងហើយបានខ្ញុំលើកឡើងថា មនុស្សមានអំនួតលើថ្វីមាត់ ថាមានបញ្ញាដោះក្នុងការនិយាយរឿងធម៌ តែស្តាប់យូរៗទៅ ជាន់តែលើសម្តីខ្លួនឯងជាញឹកញយនោះ គឺខ្ញុំចង់សង្កត់ធ្ងន់ថា នៅក្នុងហ្នឹង ឃើញបងប្អូនយើងដាក់វីដេអូដែលគាត់និយាយពីផ្លូវខ្លួនឯងហើយ ចុងក្រោយគាត់មកជាន់នឹងផ្លូវខ្លួនឯងដដែលហ្នឹង ។ បានន័យថា ការប្រមាថមេដាយជាតូបការនេះ មិនមានតែខ្ញុំទេដែលរិះគន់គាត់ គឺមិនមែនមានតែខ្ញុំទេ គឺមានច្រើន ជាពិសេសអ្នកដែលគាត់ធ្វើការធំៗ មន្រ្តីរាជការខ្លះ មកដល់ម៉ោងនេះ ក៏គាត់មិនទាន់បានទទួល សូម្បីតែមេដាយមាស ឬក៏គ្រឿងឥស្សរិយយសផ្នែកមហាសេរីវឌ្ឍន៍ ឬមុនីសារភ័ណ្ឌ ថ្នាក់ទាបៗហ្នឹង ក្រោមៗមិនទាន់បានផង ដល់គាត់បានអាផុតលេខ ផុតកំពូលអស់តែម្ដង គាត់គិតថា រឿងហ្នឹង ជារឿងអន់ ជារឿងថោកទាបវិញអ៊ីចឹង គឺមើលទៅដូចជាមិនសម ខាងរាជការយើងក៏មិនសប្បាយចិត្តដែរ ។ ភ្ជាប់ជាមួយចំណុចនេះ ខ្ញុំអត់មានអីអំពាវនាវទេ គ្រាន់តែថា សំខាន់អ្នកឲ្យមេដាយហ្នឹង គួរតែសួរថា បុគ្គលហ្នឹង គួរតែទទួលបាន ឬក៏ចង់បានអត់? ធម្មតាដូចមាស ដូចពេជ្រ កាលណាយើងឲ្យទៅមនុស្សមានតម្លៃវាល្អ ពាក់ល្អ វាមានតម្លៃដែរ តែបើយកទៅពាក់ឲ្យគោ ពាក់ឲ្យក្របី វាអត់តម្លៃតាមហ្នឹងដែរ“ ។

ជុំវិញការរិះគន់របស់មន្រ្តីយោធា និងមជ្ឈដ្ឋានមហាជន ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំប្រតិកម្ម ការឆ្លើយតបពីលោកសាន សុជា បានទេ កាលពីម្សិលមិញ ។

គួរបញ្ជាក់ដែរថា គ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាល នៅក្នុងអាណត្តិទី១ តាមព្រះរាជក្រឹត្យលេខ នស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ដើម្បីទទួលស្គាល់នូវគុណបំណាច់ និងស្នាដៃមន្ត្រីរាជការស៊ីវិល យោធិន នគរបាលជាតិ ប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ ។

យោងតាមព្រះរាជក្រឹត្យនេះ មានមេដាយ ចំនួន១៥មុខ ដែលចែកជាបួនប្រភេទ គឺ ៖ ប្រភេទទី១ ជាប្រភេទមាតុប្រទេស មានមេដាយជាតូបការ មេដាយព្រះជាណាចក្រកម្ពុជា និង មេដាយឯករាជ្យជាតិ ។ ប្រភេទទី២ ជាប្រភេទរាជបល្ល័ង្ក មានមេដាយរាជសម្បត្តិ មេដាយសម្តេចព្រះមហាក្សត្រិយានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរ័ត្ន មេដាយរជ្ជកាល និងមេដាយអនុស្សរា។ ប្រភេទទី៣ ជាប្រភេទការពារជាតិ មានមេដាយសេនាជ័យសិទ្ធិ និងមេដាយការពារជាតិ ។ ប្រភេទទី៤ ជាប្រភេទចម្រុះ មានមេដាយសហមេត្រី មេដាយសុវត្ថារា មេដាយមុនីសារាភ័ណ្ឌ មេដាយការងារ មេដាយស្ថាបនាជាតិ មេដាយខេមរាកីឡារិទ្ធិ និងមេដាយស្ត្រីវឌ្ឍនា ។

ចំពោះមេដាយជាតូបការ ដែលលោកសាន សុជា អតីតភិក្ខុវជិរប្បញ្ញោ ព្រះធម្មកថិកល្បីឈ្មោះ បានទទួលនោះ ត្រូវបានបំពាក់ដោយសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធព្រះបទុមចេតិយ និងសមិទ្ធផលនានា ក្នុងវត្តមណីរតនារាម នាខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤៕ កុលបុត្រ

RELATED ARTICLES