Thursday, May 2, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ក្មេងទំនើង៣នាក់ បង្ហោះម៉ូតូ

ចាប់ក្មេងទំនើង៣នាក់ បង្ហោះម៉ូតូ

ខេត្តឧត្តរមានជ័យ ៖ ក្មេងទំនើង ចំនួន៣នាក់ បានធ្វើសកម្មភាពជិះម៉ូតូ បង្ហោះតាមដងផ្លូវសាធារណៈ នៅអំឡុងពេលប្រជាពលរដ្ឋកំពុងជួបជុំលេងកម្សាន្តសប្បាយថ្ងៃចូលឆ្នាំ ទីបំផុតត្រូវកម្លាំងអាវុធហត្ថ ចាប់ក្របួចជាប់ ទាំង៣នាក់។

ការឃាត់ខ្លួនក្រុមក្មេងទំនើងនេះ ធ្វើឡើងកាលពីវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិកូនក្រៀល សង្កាត់កូនក្រៀល ក្រុងសំរោង។

ក្មេងទំនើងទាំង៣នាក់ ដែលត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសោម ជីងហួរ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិចម្ការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង។ ទី២-ឈ្មោះហុង ចាន់ថៃ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងកាត់សក់ មានលំនៅ ភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង និងទី៣-ឈ្មោះស៊្រី ប៊ុនសួរ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ចាត់បញ្ជាឱ្យកម្លាំងអាវុធហត្ថស្នាក់ការផ្អុង ចំនួន២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជ័យ រ៉ា នាយរងការិយាល័យព្រហ្មទណ្ឌ បានឃាត់ខ្លួនក្មេងទំនើង ៣នាក់ និងម៉ូតូ ១គ្រឿង មកកាន់ទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំរោង ដើម្បីសាកសួរតាមនីតិវិធី។

យោងតាមរបាយការណ៍របស់ជំនាញអាវុធហត្ថ បានបញ្ជាក់ថា ក្មេងទំនើងទាំង៣នាក់ខាងលើនេះ ត្រូវបានឃាត់ខ្លួនពីបទបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ (ជិះម៉ូតូបង្ហោះ) នៅចំណុចភូមិកូនក្រៀល សង្កាត់កូនក្រៀល ក្រុងសំរោង។ នៅចំពោះមុខ មន្ត្រីជំនាញ បានដកហូតវត្ថុតាង ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1B-8640។

ក្មេងទំនើងទាំង៣នាក់ខាងលើ ត្រូវបានជំនាញអាវុធហត្ថក្រុងសំរោង ធ្វើការអប់រំ រួចអនុញ្ញាតឱ្យអាណាព្យាបាលមកធានា យកទៅអប់រំបន្តនៅលំនៅឋានវិញ៕

RELATED ARTICLES