Thursday, May 2, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមថតជាមួយសង្សារគេ ខឹងគេ...ជេរ ដេ...ញ...វ៉ៃដេកពេទ្យ២ ជាប់ខ្នោះ៣

ថតជាមួយសង្សារគេ ខឹងគេ…ជេរ ដេ…ញ…វ៉ៃដេកពេទ្យ២ ជាប់ខ្នោះ៣

ខេត្តក្រចេះ ៖ ក្មេងទំនើងឈាមរាវម្នាក់ បានថតរូបជាមួយយុវតីម្នាក់ ដែលមានសង្សាររួចទៅហើយ លុះត្រូវបានយុវជនជាសង្សារគេឃើញ ក៏ឆាតមកជេរ ធ្វើឱ្យយុវជននោះ ខឹងសម្បា ក៏ហៅបក្ខពួកដេញវាយនិងគប់ដុំថ្មដាក់ជនរងគ្រោះ បណ្តាលឱ្យដួលម៉ូតូ រងរបួសធ្ងន់ ២នាក់។  បន្ទាប់មក ក្រុមជនសង្ស័យ បាននាំគ្នារត់គេចទៅលាក់ ខ្លួននៅរាជធានីភ្នំពេញ ទីបំផុតត្រវបានកម្លាំងសមត្ថកិច្ចជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវឃាត់ ខ្លួនបានជាបន្តបន្ទាប់ ចំនួន៣នាក់។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះស៊ុន ដាលីត ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅ ភូមិបុស្ស ឃុំដំរីផុង ស្រុកឆ្លូង ឃាត់ខ្លួនបានត្រង់ចំណុចភូមិដីថ្មី ឃុំព្រែសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។ ទី២-ឈ្មោះលី វុទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ ឃាត់ខ្លួន បាននៅត្រង់ចំណុចភូមិបុស ឃុំដំរីផុង ស្រុកឆ្លូង និងទី៣-ឈ្មោះណាំ រតនា ភេទប្រុស អាយុ១៧ឆ្នាំ ឃាត់ខ្លួនបានត្រង់ចំណុចសង្កាត់ទួលស្វាយ ព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះ មានចំនួន ២នាក់ ទី១-ឈ្មោះហ៊ួរ ភេទប្រុស អាយុ១៧ឆ្នាំ ជាអ្នកបើកម៉ូតូ (រងរបួសរបកស្បែកក្បាលខាងមុខ លើថ្ងាស ដាច់ចេញឈាម) និងទី២-ឈ្មោះកញ្ញា ភេទស្រី អាយុ១៦ឆ្នាំ ជាសង្សារ និងជាអ្នករួមដំណើរ (រងរបួសបាក់ថ្គាម និងបែកក្បាលផ្នែកខាងក្រោយ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកឆ្លូង)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ប៉ុស្តិ៍រដ្ឋបាលដំរីផុង បានទទួលបណ្តឹងពីឈ្មោះវណ្ណ ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅ ភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង រាយការណ៍ថា នៅវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ខ្លួនជិះម៉ូតូ ចំនួន២គ្រឿង មានគ្នាចំនួន៤នាក់ ធ្វើដំណើរត្រឡប់មកផ្ទះ។ លុះមកដល់ចំណុចមណ្ឌលសុខភាពដំរីផុង ស្រាប់តែមានក្រុមក្មេងស្ទាវ ចំនួន៦នាក់ ជិះម៉ូតូ ៣គ្រឿង បានដេញវាយ និងយកដំថ្មដេញគប់ពួកខ្លួន រហូតដល់ចំណុចអូរស្វា ភូមិព្រហួត ឃុំដំរីផុង ស្រុកឆ្លូង ក្រុមក្មេងស្ទាវខាងលើ បានគប់មកលើពួកខ្លួន បណ្តាលឱ្យម៉ូតូ ១គ្រឿង ជិះធ្លាក់ផ្លូវ ទៅបុកដើមស្វាយ ដែលបើកបរដោយឈ្មោះហ៊ួរ ភេទប្រុស និងឈ្មោះកញ្ញា ភេទស្រី រងរបួសធ្ងន់។

ក្រោយពីធ្វើសកម្មភាពរួច ក្រុមក្មេងស្ទាវខាងលើ បាននាំគ្នារត់គេចខ្លួនបាត់អស់។ ក្រោយពីទទួលបានពាក្យបណ្តឹង ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានស្នើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសុំសហការស្រាវជ្រាវ ដោយតាមនីតិវិធីនិងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជន សង្ស័យខាងលើ។

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១២និង១០នាទី កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យ ចំនួន៣នាក់ (១-ឈ្មោះស៊ុន ដាលីត ២-ឈ្មោះ លី វុទ្ធី ៣-ឈ្មោះណាំ រតនា)។

ក្រោយពីបានធ្វើការសាកសួរបឋម ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូតូដេញគប់ដុំថ្ម ទៅលើជនរងគ្រោះប្រាកដមែន មូលហេតុដោយសារតែខ្លួនបានថតរូបជាមួយសង្សាររបស់ជនរងគ្រោះ។ បន្ទាប់មកជនរងគ្រោះបានឆាតមកជេរខ្លួន ទើបឈានដល់ការធ្វើសកម្មភាពនេះឡើង ដោយមានគ្នាចំនួន៦ ជិះម៉ូតូ ចំនួន៣គ្រឿង។

ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនអធិការដ្ឋាននគរបាលស្រុកឆ្លូង ដើម្បីកសាងសំណុំរឿង តាមនីតិវិធី៕

RELATED ARTICLES