Thursday, May 2, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានតូចវ៉ាអាធំ ក្រ...ឡា...ប់របួ...ស...១១នាក់

ឡានតូចវ៉ាអាធំ ក្រ…ឡា…ប់របួ…ស…១១នាក់

ខេត្តសៀមរាប ៖ រថយន្តឡិចស៊ីស ១គ្រឿង បើកបរក្នុងល្បឿនលឿន និងព្យាយាមវ៉ាជែងរថយន្តក្រុងដឹកអ្នកដំណើរ ១គ្រឿង ទាំងស្ថានភាពគ្រោះថ្នាក់ ក៏ប៉ះជាមួយនឹងរថយន្តក្រុង បណ្តាលឱ្យរថយន្តឡិចស៊ីស ក្រឡាប់ផ្ងារជើង និងធ្វើឱ្យអ្នករួមដំណើរក្នុងរថយន្តឡិចស៊ីស សរុប១១នាក់ រងរបួសធ្ងន់-ស្រាល និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង០៥នាទីព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែតលេខ ៣៥៤-៣៥៥ ស្ថិតនៅភូមិល្ហុង ឃុំស្រណាល ស្រុកក្រឡាញ់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា រថយន្តបង្កហេតុ ម៉ាក Lexus RX-300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ពោធិ៍សាត់ 2A- 9163 បើកបរដោយឈ្មោះង៉ែត មិថុនា ភេទប្រុស អាយុ២៧ឆ្នាំ មានលំនៅ ភូមិស្វាយជ្រំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង និងមានអ្នករួមដំណើរ ចំនួន១០នាក់ រួមមាន ទី១-ឈ្មោះម៉ម ភាព ភេទស្រី អាយុ៨៦ឆ្នាំ។ ទី២-ឈ្មោះរីវ រ័ត្ន ភេទស្រី អាយុ៤៨ឆ្នាំ។ ទី៣-ឈ្មោះឃឹម រី ភេទស្រី អាយុ៥២ឆ្នាំ។ ទី៤-ឈ្មោះអ៊ី សុភា ភេទប្រុស អាយុ៣០ឆ្នាំ។ ទី៥-ឈ្មោះធី សាន់យ៉ា ភេទស្រី អាយុ២៩ឆ្នាំ។ ទី៦-ឈ្មោះធី សានិត ភេទស្រី អាយុ២៥ឆ្នាំ។ ទី៧-ឈ្មោះសេត វិសាល ភេទប្រុស អាយុ៥ឆ្នាំ។ ទី៨-ឈ្មោះសុភា ឈីអ៊ិញ ភេទស្រី អាយុ៥ឆ្នាំ។ ទី៩-ឈ្មោះថុនា ជិញ ភេទស្រី អាយុ២ឆ្នាំ និង១០-ឈ្មោះសុភា យូអ៊ី ភេទស្រី អាយុ៨ខែ។ អ្នករួមដំណើរទាំង១០នាក់ មានលំនៅក្នុងភូមិជាមួយអ្នកបើកបរ។

ចំណែកភាគីរថយន្តក្រុង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយបៃតង និងប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 3E-6255 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កដោយរថយន្តម៉ាក Lexus RX-300 បើកបរក្នុងទិសដៅពីលិច ទៅកើត បានបើកជែង (វ៉ា) បណ្តាលឱ្យប៉ះរថយន្តក្រុង ម៉ាកហ៊ីយ៉ាន់ដាយ កំពុងបើកបរក្នុងទិសដៅស្របគ្នា បណ្តាលឱ្យថយន្តម៉ាកឡិចស៊ីស រេចង្កូតក្រឡាប់ទាំងកំរោលតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍ខាងលើនេះ បណ្តាលឱ្យរងរបួសធ្ងន់ ១នាក់ ឈ្មោះម៉ម ភាព ភេទស្រី អាយុ៨៦ឆ្នាំ (បាក់ជើងស្តាំ)។ ចំណែក ១០នាក់ទៀត (ស្រី៨) រងរបួសស្រាល។ ខូចខាតរថយន្ត ២គ្រឿង (ធ្ងន់១គ្រឿង ស្រាល១គ្រឿង)។ ចំណែកបើកបររថយន្តក្រុង បានចុះពីលើរថយន្ត រត់គេចខ្លួន មុនពេលសមត្ថកិច្ចទៅដល់។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះ មូលហេតុបណ្តាលមកពីអ្នកបើកបរ រថយន្តម៉ាក Lexus RX-300 ឡើងវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។

ក្រោយកើតហេតុ កម្លាំងជំនាញបានចុះយកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ និងយកវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ រង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕

RELATED ARTICLES