ភ្នំពេញ៖ខណៈដែលតារាចម្រៀងភាគច្រៀងគិតតែពីសប្បាយច្រៀងរាំ ប្ដូរឡាន លេងម៉ូដវីឡារ ប្រជែងគ្នានោះ ម្ចាស់ពានCambodian Idol រដូវកាលទី៤ លោកលីម តិចម៉េង បានជ្រើសផ្លូវដើរផ្ទុយពីពួកគេដោយតាំងចិត្តថានឹងឈឺឆ្អាលរឿងបញ្ហាសង្គម មិនមែនច្រៀងយកលុយ មកផ្ទះវិញដេកលក់ដូចមិនដឹងមានរឿងអ្វីកើតឡើងនោះឡើយ។តិចម៉េង បង្ហាញឆន្ទៈថាការជ្រើសផ្លូវនោះបើទោះជាថ្ងៃក្រោយលោកមានរឿងអ្វី ឬនៅសល់តែអ្នកគាំទ្រ តែម្នាក់ក៍លោកពេញចិត្តដែរ ។
លីម តិចម៉េង ថ្លែងថាមានគេរំលឹកលោកថាកុំភ្លេចណាលោកជាមនុស្សមហាជន ។ប៉ុន្ដែតិចម៉េង ឆ្លើយថាលោកបានដឹងថាមនុស្សមហាជនយ៉ាងម៉េច ហើយលោកបាននិយាយតាំងពីមុនពេលប្រលងចម្រៀងម្លេះថាលោកមិនដើរផ្លូវដូចគេនោះទេ ។លោកថារូបលោកគឺជាលោកគឺពេញមួយជីវិត ព្រោះលោកជាតារាតែនៅលើឆាកតន្រ្ដីទេ តែចុះពីលើឆាកលោកគឺជាមនុស្សម្នាក់ដូចគេដូចឯងដែរ ហេតុនេះលោកអាចចូលរួមជាមតិយោបល់ជាមួយបងប្អូន។លោកថាមិនមែនជាមនុស្សរបស់មហាជនមិនគួរនិយាយអ្វីសោះ ហើយគិតតែពីដេក និងច្រៀង ហើយ៤ទៅ៥ឆ្នាំក្លាយទៅជាអ្នកមាននោះទេ ។លោកសួរថាចុះរឿងសង្គមជាតិក៍ជារឿងរបស់លោកដែរ ចុះឈាមខ្មែរដូចលោកដែរ ដែលគាត់កំពុងតែវង្វេង អត់មានអ្នកផ្ដល់យោបល់ ឬនិយាយសោះ។លោកសួរថាចុះ២០ឆ្នាំក្រោយគាត់ និងកូនចៅគាត់នឹងទៅជាយ៉ាងណា ?
លោកលីម តិចម៉េង ថាទោះជាលោកជាមនុស្សរបស់មហាជន ជាតារាចម្រៀង និងល្បីឈ្មោះមែន តែលោកមិនដូចគេនោះទេ ហើយការអះអាងរបស់លោកនោះគឺជាពាក្យពិត មិនមែនPrank ឡើយ តែជាសំដីពិតចេញពីបបូមាត់លោកផ្ទាល់តែម្ដង។លោកតិចម៉េង បន្ថែមថា អ្វីដែលមាននៅក្នុងផ្នត់គំនិតរបស់លោករក្សារទុកក្នុងចិត្តជាយូមកហើយនោះគឺគ្មានអ្វីអាចមកផ្លាស់ប្ដូររូបលោកបានជាដាច់ខាត។តារាចម្រៀងហង្សមាសរូបនេះសង្កត់ថា”ទោះជាសល់អ្នកគាំទ្រ ខ្ញុំតែម្នាក់ក៍ខ្ញុំLive ឲ្យម្នាក់ហ្នឹងមើលយល់ថាអ្វីជាមនុស្សដែរ “។លោកថាបើអ្វីដែលលោកនិយាយទៅទស្សនិកជនឈប់គាំទ្រលោកគឺលោកពេញចិត្តនូវអ្វីដែលខ្លួនបានធ្វើព្រោះនោះជាឆន្ទៈផ្ទាល់របស់លោក។លោកបន្ថែមថាទស្សនៈឬការយល់ឃើញរបស់លោកនោះថ្ងៃណាមួយមហាជននឹងបានយល់ជាមិនខាន តែលោកមិនមែនចង់ឃើញបងប្អូនគាំទ្រភ្លូកទឹកភ្លូកដីដាច់បាយក្រហាយទឹកមកលើលោកជាតារាចម្រៀងនោះទេ ព្រោះលោកថារូបសម្រស់លោកយ៉ាងយូ២០ឆ្នាំទៀត នឹងប្រែប្រួល ហើយសម្លេងលោក២០ទៅ៣០ឆ្នាំទៀតក៍ច្រៀងលែងកើតដែរ ប៉ុន្ដែបេះដូងវិញ១០០០ឆ្នាំទៀតក៍មិនប្រែប្រួលទៅណាឡើយ ហេតុនេះលោកស្នើសុំFan កុំធ្វើឲ្យលោកជាមនុស្សអាត្មានិយមអី ។
អ្នកលេងបណ្ដាញសង្គមស្ទើតែរាប់ម៉ឺននាក់បានចែកចាយនូវទស្សនៈរបស់លោកលីម តិចម៉េង ថាពិតជាសាកសមនិងតារាគំរូគេ មិនមែនជាតារាតែស្ក ឬចាំតែឱកាសទទួលលាភសក្ការៈ លែងក្វល់ពីអ្វីទាំងអស់នៅក្នុងសង្គមនោះទេ ។អ្នកខ្លះថាពិតជាពេញចិត្តចំពោះការបោះឆ្នោតឲ្យតិចម៉េង ឈ្នះពានCambodian Idol រដូវកាលទី៤ ដោយមិនខកចិត្តមែន ខណៈខ្លះទៀតថាពីមុនមិនដែលស្ដាប់បទចម្រៀងរបស់តិចម៉េង តែពេលនេះចាប់ផ្ដើមស្រលាញ់តារាចម្រៀងរូបនេះពេញបេះដូងជាដើម ។ជាមួយគ្នានេះដែរតិចម៉េង ក៍បានច្រៀងរ៉េបបទរបស់តារារ៉េប លោកឡេង តារា ហៅខ្មែរមួយជីវិត ភ្ជាប់សំណេរថា”ខ្ញុំធំនៅកម្ពុជាជាមួយភាពអត់ឃ្លាន” ដែលអត្ថន័យឆ្លុះបញ្ចាំងពីសង្គមនាពេលបច្ចុប្បន្នតែម្ដង។
គួរបញ្ជាក់ថានេះជាលើកទីមួយហើយសម្រាប់តារាចម្រៀងខ្មែរល្បីឈ្មោះដែលមានទីផ្សារសិល្បៈ និងអាចរកលុយបានជាច្រើនពាន់ដុល្លារក្នុង១ខែៗ តែលោកមិនមែនដឹងតែច្រៀងរាំសប្បាយនោះទេ គឺចង់ចេញមុខឈឺឆ្អាលពីបញ្ហាសង្គម ។Fan ខ្លះបារម្ភថាក្រោយតិចម៉េង ចេញទស្សនៈផ្ទាល់ខ្លួនបែបនេះលោកអាចនឹងបាត់បង់ទីផ្សារចម្រៀង ឬតារាផ្សេងទៀតដែលចូលចិត្តអែបអបតែអ្នកធំៗនោះចាប់ផ្ដើមមើលលើមើលក្រោមលោកជាមិនខាន ។ប៉ុន្ដែលោកតិចម៉េង ថាបានត្រៀមខ្លួនចិត្តកាយរួចជាស្រេចទៅហើយថាបើសិនជាដល់តំណាក់កាលនោះមែន លោកក៍សុខចិត្តហើយទោះជានៅសល់តែអ្នកគាំទ្រលោកតែម្នាក់គត់ក៍លោកនៅតែពន្យល់គេពីបញ្ហាសង្គម ឬអ្វីជាមនុស្សឲ្យគេបានយល់ដែរ ។
សូមរំលឹកថាលីម តិចម៉េង ធ្លាប់ធ្វើជាសន្ដិសុខ វិវត្តន៍ខ្លួនទៅជាតារាចម្រៀងនាពេលរាត្រី និងរស់នៅបន្ទប់ជួលតូចចង្អៀតជាច្រើនឆ្នាំមុនក្លាយទៅជាម្ចាស់ពានCambodian Idol រដូវកាលទី៤ ដែលធ្វើឲ្យពេលនេះលោកមានជីវភាពប្រែប្រួលផ្ទុយស្រឡះពីមុនគឺទិញបានផ្ទះ និងរយន្ដទំនើបផ្ទាល់ខ្លួន ។តារាចម្រៀងហង្សមាសរូបនេះក៍បានងាកមកច្រៀងបន្ថែមនូវចង្វាក់រ៉េប ផងដែរដោយចាប់ដៃគូជាមួយលោកណុប បាយ៉ារិទ្ធ ទៀតផង។
មហាជនរងចាំមើលថាក្រោយការប្រកាសរបស់លីម តិចម៉េង ប្រកាសថាលោកត្រូវតែហ៊ាននិយាយពីបញ្ហាសង្គមនេះមានតារាណាខ្លះដើរផ្លូវតាមលោក ?ឬមួយក៍តារាទាំងនោះភាគច្រើនសម្ងំយកតែសុខរៀងៗខ្លួន?