ភ្នំពេញ៖តារាភាពយន្ដនិងMV ដ៍លេចធ្លោស្រីស្រស់សឹម ស្រីនិច្ច ដែលកាលពីចុងខែមីនា នាងបានប្រកាសថាចែកផ្លូវសង្សារជាបុរសអ្នកជំនួញម្នាក់នោះពេលនេះស្រីស្អាតបង្ហាញសញ្ញាបើកបេះដូងទទួលយកស្នេហ៍ថ្មី ហើយនាងថាមិនប្រាថ្នាជីវិតគូខ្ពង់ខ្ពស់ពេកនោះទេ ប៉ុន្ដែនាងសូមគេចឲ្យឆ្ងាយមិនចង់ឲ្យជួបឬប៉ះជាដាច់ខាតចំពោះប្រុសណាដែលក្បត់ចិត្ត ពោលគឺចង់បានប្រុសស្មោះស្នេហ៍ ។ស្រីនិច្ច វាចាថាថាអ្វីដែលនាងប្រាថ្នាខ្ពស់បំផុតនោះគឺភាពស្មោះត្រង់ សច្ចធ័ម យុត្តិធ័ម មេត្តាធ័ម និងមិនមានឡើយ ការកុហក់ ក្បត់ ភាពអាត្មានិយម។នាងបន្ថែមថាមនុស្សទាំងឡាយសុទ្ធតែមានជម្រើស ហេតុនេះសូមជ្រើសនូវអ្វីដែលខ្លួនពេញចិត្ត ដោយនាងថារ៉ូបរៀបការនាងអាចពាក់បានជាច្រើនដងតែក្នុងភាពយន្ដប៉ុណ្ណោះ តែជីវិតពិតនាងចង់បានមនុស្សប្រុសម្នាក់ស្មោះ ហើយនាងនឹងប្រតិបត្តិបុរសនោះឲ្យតែគេមានមេត្តាធ័ម សច្ចធ័ម យុត្តិធ័ម នឹងភាពស្មោះត្រង់ឲ្យនាង។ស្រីនិច្ច បន្ថែមទៀតថាបុរសនោះក្រៅពីមិនផិតក្បត់ និងអវិជ្ជមានច្រើន ហើយអាចផ្ដល់ភាពកក់ក្ដៅក្នុងគ្រួសារជូននាងបានយ៉ាងល្អ នាងនឹងអោនលំទោនចំពោះបុរសនោះដែរ ។ស្រីនិច្ច ព្រមានថាបើគ្មានល័ក្ខខណ្ឌដូចអ្វីដែលនាងចង់បានខាងលើនោះទេ សូម”ចែកជើងគ្នា “ទៅ ។
យ៉ាងណាការលើកឡើងរបស់សឹម ស្រីនិច្ច ខាងលើនេះទោះជានាងថាមិនមែនជាការប្រាថ្នាខ្ពស់ក្ដី ប៉ុន្ដែបុរសប្រភេទនេះក៍មិនសូវមានច្រើនដែរ ព្រោះស្រី្ដផ្សេងៗទៀតក៍ប្រាថ្នាចង់បានគូស្នេហ៍ជាបុរសមានល័ក្ខខណ្ឌស្រ ដៀងនិងស្រីនិច្ច ដែរ តែចុងក្រោយពួកគេខ្លះបែជាជ្រើសផ្លូវសាងស្នេហ៍ដោយលួចលាក់ជាមួយប្រុសចាស់ទ្រព្យស្ដុក និងខ្លះក្លាយទៅជាភរិយាមន្រ្ដីធំដោយមិនបើកចំហជាដើម ។ចំពោះស្រីនិច្ច វិញនាងមិនធ្លាប់ប៉ះរឿងអាស្រូវស្នេហាទេ តែកាលពីចុងឆ្នាំ២០២១ នាងបានសារភាពថាបានពិសោធន៍ស្នេហ៍ជាមួយបុរសអ្នកជំនួញម្នាក់។ប៉ុន្ដែរំលងបានតែជាង២ឆ្នាំពោលគឺនៅចុងខែមីនា ឆ្នាំ២០២៤ ស្រីស្រស់បានវាចាថានាងនិងបុរសនោះបានចែកផ្លូវគ្នាទៅហើយ ។ទោះជាយ៉ាងណាស្រីនិច្ច និងអតីតសង្សារមិនបានហែកហួរគ្នាពេលចំណងស្នេហាបានដើរដល់ទីបញ្ចប់នោះទេ ពោលគឺរក្សារភាពស្ងៀមស្ងាត់ ហើយស្រីនិច្ច បានសរសើរបុរសនោះថាជាមនុស្សល្អទៀតផង ប៉ុន្ដែមូលហេតុដែលមិនអាចបន្ដស្នេហាតទៅមុខទៀតបាននោះគឺដោយសារតែទាំងនាងនិងសង្សារចាស់មានភាពរវល់រៀងៗខ្លួន ។យ៉ាងណាគេចាំមើលថាក្រោយបង្ហើបពីបុរសក្នុងក្តីស្រម៉ៃ ជាជម្រើសស្នេហ៍ថ្មីដែលមានល័ក្ខខណ្ឌសំខាន់ជាងគេតែពីចំណុចគឺទី១៖មិនក្បត់ និងទី២៖ស្មោះត្រង់តែចំពោះរូបនាងម្នាក់នោះ តើបុរសណាទៅដែលនឹងស្ម័គ្រខ្លួនចូលមកស្អំរបួសបេះដូងស្រីស្អាតនេះមុនគេ ?
ប្រភពបានឲ្យដឹងថាក្រោយសឹម ស្រីនិច្ច និងប្រុសអ្នកជំនួញអស់និស្ស័យស្នេហ៍កណ្ដាលទីនោះពេលនេះស្រីនិច្ច ងាកទៅស្និតស្នេហ៍ជាមួយប្រុសរូបសង្ហារជាពិធីករនិងតារាសម្ដែងគឺលោកសាន់នី ដោយអ្នកទាំងពីរធ្លាប់ទៅដើរកម្សាន្ដជាមួយគ្នានៅបរទេសទៀតផង។ប៉ុន្ដែស្រីនិច្ច ថានាងគ្មានភាពចាំបាច់ក្នុងការឆ្លើយថាទំនាក់ទំនងរវាងនាងនិងលោកសាន់នី ស្ថិតក្នុងស្ថានភាពកម្រិតណានាពេលនេះទៅវិញ ។
សឹម ស្រីនិច្ច ប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា”ខ្ញុំបច្ចុប្បន្នអត់គិតអីច្រើន ក្រៅពី តែប្រឹងធ្វើការសិល្បៈនិងរកលុយទេ ។រឿងខ្ញុំនិងគាត់(សាន់នី)ខ្ញុំសូមមិនឆ្លើយនៅពេលហ្នឹងទេ គ្រាន់តែអាចនិយាយបានថាគាត់ជាមនុស្សល្អម្នាក់ដែលគូរមានក្នុងជីវិតនាពេលបច្ចុប្បន្ន មិនថាជាមិត្តភក្ដិ ឬដៃគូធ្វើការ “។
ប្រភពបានឲ្យដឹងថាសឹម ស្រីនិច្ច មានជម្រើសស្នេហ៍ច្រើន ហើយបើនាងប្ដូរចិត្តពីចំណុចបុរសដែលអាចធ្វើជាគូស្នេហ៍នាងទាល់តែមានគុណសម្បត្តិដូចខាងលើទើបអាចទទួលយកបានតែផាត់ចោលល័ក្ខខណ្ឌមិនត្រូវការប្រុសក្បត់ និងទាល់តែស្មោះ ប៉ុន្ដែមកជាស្រវ៉ាទ្រព្យគឺប្រាកដជាមានអ្នកបំពេញក្ដីស្រម៉ៃជូននាងបានភ្លាម ។យ៉ាងណាគេចាំមើលថាម្ចាស់ស្នេហាថ្មីរបស់ស្រីនិច្ច នឹងបង្ហាញខ្លួននៅពេលណាហើយប្រុសដែលនឹងក្លាយទៅជាម្ចាស់បេះដូងនាងទាល់តែបានដូចចិត្តនាងចង់បានមែន ទើបនាងព្រមយកសង្សារថ្មីឬយ៉ាងណា?