Friday, May 3, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទិញនំបញ្ចុកហូប ពុលដេកពេទ្យ១១នាក់

ទិញនំបញ្ចុកហូប ពុលដេកពេទ្យ១១នាក់

ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋប្រុសស្រីក្មេងចាស់ ចំនួន១១នាក់ ក្រោយពីទិញនំបញ្ចុកដែលលក់នៅតាមភូមិ ទទួលទានរួច ស្រាប់តែកើតមានអាការពុល ក្អួតចង្អោរ រាករូស អស់កម្លាំង ទន់ដៃជើង ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។

ករណីប្រជាពលរដ្ឋ សង្ស័យពុលនំបញ្ចុកនេះ បានកើតឡើង កាលពីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសម្បូណ៌។

ប្រជាពលរដ្ឋទាំង១១នាក់ ដែលសង្ស័យពុលនំបញ្ចុក រួមមាន ទី១-ឈ្មោះរី ស្រីតុប ភេទស្រី អាយុ២៣ឆ្នាំ។ ទី២-ឈ្មោះកុយ រ៉ា ភេទប្រុស អាយុ៥០ឆ្នាំ។ ទី៣-ឈ្មោះអ៊ុ សុខខែង ភេទស្រី អាយុ៤៤ឆ្នាំ។ ទី៤-ឈ្មោះរី សុខី ភេទស្រី អាយុ៧ឆ្នាំ។ ទី៥-ឈ្មោះថាច ជីតា ភេទស្រី អាយុ៤ឆ្នាំ។ ទី៦-ឈ្មោះឈឿន ស្រីយុទ្ធ ភេទស្រី អាយុ១១ឆ្នាំ។ ទី៧-ឈ្មោះឈឿន ឆាលី ភេទប្រុស អាយុ១៤ឆ្នាំ។ ទី៨-ឈ្មោះស្រី មឿន ភេទប្រុស អាយុ៤៩ឆ្នាំ។ ទី៩-ឈ្មោះសែម ឈុន ភេទប្រុស អាយុ៣៣ឆ្នាំ។ ទី១០-ឈ្មោះថាច ឆៃ ភេទប្រុស អាយុ១៦ឆ្នាំ និងទី១១-ឈ្មោះរី សុខៃ ភេទស្រី អាយុ១០ឆ្នាំ។ ប្រជាពលរដ្ឋទាំង១១នាក់ មានលំនៅក្នុងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសម្បូណ៌។

តាមប្រភពអ្នកភូមិ បានឱ្យដឹងថា ប្រជាពលរដ្ឋទាំងនោះ បានទិញនំបញ្ចុកដែលលក់នៅតាមភូមិ យកទៅទទួលទាន កាលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ហើយក្រោយទទួលទាននំបញ្ចុកនោះរួច ប៉ុន្មានម៉ោង ស្រាប់តែមានអាការក្អួតចង្អោរ រាក អស់កម្លាំង។ អ្នកមានអាការបែបនេះទាំងអស់ ត្រូវបានគេបញ្ជូនទៅមណ្ឌលសុខភាពនៅមូលដ្ឋាន ប៉ុន្តែដោយសារតែប្រជាពលរដ្ឋមានអាការក្អួតចង្អោរ រាក អស់កម្លាំងកើតឡើងបន្តបន្ទាប់ស្រដៀង គ្នា រហូតដល់១១នាក់ធ្ងន់ធ្ងរឡើង ទើបត្រូវបានបញ្ជូនបន្តទៅកាន់មណ្ឌលសុខភាពស្រុកសម្បូណ៌។

លោកវេជ្ជបណ្ឌិត ផាត់ តុលា ប្រធានមណ្ឌលសុខភាពស្រុកសម្បូណ៌ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ថា អាការពួកគាត់ទាំង១១នាក់ ប្រសើរឡើងវិញហើយ។ ប៉ុន្តែទោះជាយ៉ាងណា មិនទាន់ដឹងថា ជាករណីពុលនំបញ្ចុក ឬយ៉ាងណាឲ្យពិតប្រាកដនៅឡើយទេ ដោយរង់ចាំលទ្ធផលធ្វើតេស្តសំណាករបស់ក្រុមគ្រូពេទ្យជំនាញសិន។

លោកបន្តថា មូលហេតុនៅពេលដែលបញ្ជូនមកពួកគាត់មានអាការក្អួតចង្អោរ និងរាក ក៏អាចរួមផ្សំនឹងអាកាស ធាតុក្តៅខ្លាំងផង ដូច្នេះមិនទាន់អាចសន្និដ្ឋានបានថា មកពីករណីអ្វីពិតប្រាកដនៅឡើយទេ។ ក្នុងពេលឥឡូវនេះ ពួកគាត់មានសភាពធូរស្រាលវិញហើយ។

បច្ចុប្បន្ន អ្នករងគ្រោះខាងលើ កំពុងស្ថិតក្នុងការសម្រាកព្យាបាល និងតាមដានយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ៕

RELATED ARTICLES