Friday, May 3, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដើររកប្រពន្ធ ជួបចោរកា...ប់...ប្លន់

ដើររកប្រពន្ធ ជួបចោរកា…ប់…ប្លន់

ភ្នំពេញ ៖ បុរសម្នាក់ បានបាត់ប្រពន្ធប៉ុន្មានថ្ងៃមកហើយ លុះគេប្រាប់ថា ឃើញប្រពន្ធរបស់ខ្លួននៅម្តុំស្ពានភ្លោះកោះពេជ្រ ក៏ចេញមកតាមរកទាំងកណ្តាលអធ្រាត្រ ស្រាប់តែមិនឃើញប្រពន្ធ បែរជាជួបចោរ ធ្វើសកម្មភាពកាប់ប្លន់លុយ និងទូរស័ព្ទ អស់ពីខ្លួន។ ចំណែកក្រុមចោរ ក្រោយពីកាប់ប្លន់បានសម្រេចហើយ ក៏នាំគ្នារត់គេចខ្លួនបាត់អស់។

ករណីកាប់ប្លន់នេះ បានកើតឡើង កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅចំណុចម្តុំស្ពានភ្លោះកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

តាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់ដោយសុំមិនបញ្ចេញឈ្មោះថា គាត់បានបាត់ប្រពន្ធប៉ុន្មានថ្ងៃមកហើយ ហើយគាត់បានព្យាយាមដើរតាមរកប្រពន្ធ ស្ទើរសព្វកន្លែង នៅភ្នំពេញ តែមិនយល់ស្រមោលប្រពន្ធទាល់តែសោះ។ យ៉ាងណា បុរសរូបនេះ មិនបានបញ្ជាក់ថា ប្រពន្ធ គាត់បាត់ខ្លួន ដោយសារមូលហេតុអ្វីនោះទេ។

បុរសរងគ្រោះ បានបន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ មានគេប្រាប់គាត់ថា ឃើញប្រពន្ធគាត់ នៅម្តុំស្ពានភ្លោះកោះពេជ្រ គ្រាន់តែបែបនេះភ្លាម គាត់មានចិត្តត្រេកអរយ៉ាងខ្លាំង រួចក៏ប្រញាប់ធ្វើដំណើរទៅកាន់ទីតាំងខាងលើ ដើម្បីស្វែងរកប្រពន្ធភ្លាមៗ។ លុះពេលធ្វើ ដំណើរទៅដល់ចំណុចខាងលើ (ម្តុំស្ពានភ្លោះកោះ ពេជ្រ) មិនឃើញប្រពន្ធនោះទេ ស្រាប់តែមកជួបជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពស្ទាក់កាប់គាត់ បណ្តាលឱ្យរងរបួសដៃយ៉ាងដំណំ និងបានប្លន់ទូរស័ព្ទដៃ ១គ្រឿង ម៉ាក Oppo និងលុយចំនួន ៤ម៉ឺនរៀល ដែលគាត់ដាក់ ជាប់ខ្លួន ដើម្បីតាមស្វែងរកប្រពន្ធ យកទៅបាត់ទៀត។

ក្រោយពីកាប់បុរសរងគ្រោះ ឱ្យរងរបួសធ្ងន់ និងប្លន់លុយ ទូរស័ព្ទបានហើយ ក្រុមជនសង្ស័យ បាននាំគ្នារត់គេច ខ្លួនបាត់អស់ ដោយបន្សល់ទុកជនរងគ្រោះ អង្គុយនៅនឹងកន្លែងកើតហេតុ ទាំងសភាពរបួសឈាមពេញខ្លួន។ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ និងបានទំនាក់ទំនងហៅរថយន្តសង្គ្រោះ មកដឹកបញ្ជូនបុរសរងគ្រោះ ទៅកាន់មន្ទីរពេទ្យសិន រួចចាំមកដាក់ពាក្យបណ្តឹងពេលក្រោយ ដើម្បីស្រាវជ្រាវតាមចាប់ ខ្លួនក្រុមជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES