Friday, May 3, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពលករខ្មែរ ៧៨នាក់ ចាញ់បោកមេខ្យល់ គេចាប់ បង្ខាំងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត

ពលករខ្មែរ ៧៨នាក់ ចាញ់បោកមេខ្យល់ គេចាប់ បង្ខាំងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត

ភ្នំពេញ ៖ ពលករខ្មែរ ចំនួន៧៨នាក់ ដែលចាញ់បោកមេខ្យល់ ហើយត្រូវគេចាប់បង្ខាំងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានប្រកាសអំពាវនាវស្នើសុំនាយករដ្ឋមន្រ្តី ជួយរំដោះពួកខ្លួនឲ្យបានវិលត្រលប់ទៅប្រទេសកម្ពុជាវិញ ហើយពេលនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានអន្តរាគមន៍រំដោះ និងរៀបចំដឹកជញ្ជូនពលកររងគ្រោះទាំងនោះ មកស្រុកកំណើត វិញ ។

 លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាញវិជ្ជាជីវៈ បានបញ្ជាក់ពីព័ត៌មានបឋមអំពីករណីប្រជា ពលរដ្ឋខ្មែរ ចំនួន ៧៨នាក់ ដែលបានចាញ់បោកមេខ្យល់ នាំទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ថា ក្រោយការទទួលបានព័ត៌មាននេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានទំនាក់ទំនងរកឃើញទីតាំងជនរងគ្រោះ  ហើយកំពុងរៀបចំសំបុត្រយន្តហោះ ជូនបងប្អូនពលករខ្មែររងគ្រោះ ឱ្យបានត្រឡប់មកប្រទេសកម្ពុជា វិញ នៅថ្ងៃទី១៩ ខែមេសា ចំនួន ២៩នាក់, នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ចំនួន ២៧នាក់ និងថ្ងៃចុងក្រោយ គឺថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ចំនួន ២២នាក់។

 លោករដ្ឋមន្រ្តីក្រសួងការងារ បានជម្រាបថា បងប្អូនប្រជាពលរដ្ឋទាំង ៧៨នាក់នេះ មានចំនួន ៥១នាក់ កំពុងស្ថិតនៅទីក្រុងចេដដាហ៍ (Jeddah) ចំនួន ១៥នាក់ កំពុងស្ថិតនៅរាជធានី រីយ៉ាដ (Riyadh) និងចំនួន ១២នាក់ កំពុងស្ថិតនៅទីក្រុង ដាមម៉ាម (Dammam) នៃប្រទេសអារ៉ាប៊ីសាអូឌីត។ បច្ចុប្បន្នបងប្អូនបានស្ថិតនៅក្នុងកន្លែងប្រមូលផ្តុំ តាមទីក្រុងនីមួយៗ ដើម្បីរង់ចាំការរៀបចំសំបុត្រយន្តហោះ។ ក្នុងអំឡុងពេលរង់ចាំនេះ លោក អ៊ុក សារុន េកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងទទួលសម្របសម្រួលបន្ថែមជាមួយមន្ត្រីអន្តោប្រវេសន៍ នៃប្រទេសម្ចាស់ផ្ទះ ដើម្បីបំពេញឯកសារផ្សេងៗ និងសម្រួលលើការហូបចុក និងស្នាក់នៅរបស់បងប្អូនពលករ ។

លោកហេង សួរ បានឲ្យដឹងដែរថា សម្រាប់បងប្អូនដែលកំពុងស្ថិតនៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយមានបំ ណងទាក់ទងលម្អិត គឺអាចទំនាក់ទំនងទៅលោក សុះ ហ៊ីម តាមរយៈទូរសព្ទលេខ +966 5804 65578 ឬទាក់ទងទៅលោក អ៊ុក សារុន ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត តាមរយៈ WhatsApp និង Telegram: +2011 5627 9999 និង +966 56 590 3370 ។ លោកបញ្ជាក់ថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នឹងបន្តតាមដានសម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍របស់បងប្អូនពលករជាបន្តទៀត។

 ជាមួយគ្នានេះដែរ លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានបញ្ជាក់តាមរយៈគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅម៉ោង ១២អធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ថា “នៅវេលាម៉ោង ១១និង៣៨នាទីយប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះ ខ្ញុំបានខលតាមវីដេអូ ជួបជាមួយបងប្អូនពលការិនីខ្មែរ ចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងទីក្រុង Jeddah នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត លោកបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ“ ។

 លោករដ្ឋមន្រ្តី បន្តថា “ខ្ញុំពិតជាបានធូរស្បើយក្នុងចិត្ត ពេលបានជួបនិយាយជាមួយបងប្អូនផ្ទាល់ និងក្រោយពេលពិនិត្យឃើញថា សុវត្ថិភាពរបស់បងប្អូន ត្រូវបានធានា។ ពេលនេះ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្ស៉ីប បាននិងកំពុងធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួបជាមួយបងប្អូនដែលនៅតំបន់ផ្សេងទៀតផងដែរ។ រាជរដ្ឋាភិបាល នឹងចាត់ ចែងលើការទិញសំបុត្រយន្តហោះ ជូនបងប្អូន។ ពេលនេះ សំបុត្រយន្តហោះ សម្រាប់បងប្អូនទាំង ២៩នាក់ ដែលកំពុងស្នាក់នៅទីក្រុង Jeddah ត្រូវបានរៀបចំរួច ហើយស្អែក ម៉ោង ១០យប់ ម៉ោងនៅអារ៉ាប៊ីសាអូឌីត បងប្អូននឹងឡើងយន្តហោះ ត្រឡប់មកប្រទេសកម្ពុជា វិញ។ ចំណែកបងប្អូនដែលនៅតំបន់ផ្សេង នឹងរៀបចំចេញ ដំណើរជាបន្តបន្ទាប់“ ។

លោកហេង សួរ បានបញ្ជាក់បន្តទៀតថា “ក្នុងការសន្ទនាជាមួយខ្ញុំ បងប្អូនពលការិនីយើង បានថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត និងភាគីពាក់ព័ន្ធ ដែលបានចាត់វិធានការទាន់ពេលវេលា ជួយបងប្អូនបានវិលត្រឡប់មកប្រទេសកំណើតវិញ ក្នុងពេលដ៏ខ្លីនេះ។ សូមជូនពរបងប្អូនធ្វើដំណើរប្រកបដោយសុវត្ថិភាព និងឆាប់បានវិលត្រឡប់មកជួបជុំគ្រួសារវិញ“ ។

 សូមបញ្ជាក់ថា ការប្រកាសជួយអន្តរាគមន៍ភ្លាមៗ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារនិងបណ្ដាលវិជ្ជាជីវៈ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ខាងលើនេះ បានធ្វើឡើងក្រោយពេលដែលពលការិនី ចំនួន២៩នាក់ បានចេញវីដេអូ តាមបណ្ដាញសង្គម ហ្វេសប៊ុក នៅយប់ថ្ងៃ១៨ ខែមេសា ឆ្នាំ២០២៤ អំពាវនាវដល់សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្ដេចហ៊ុន សែន ប្រធានព្រឺទ្ធសភា និងក្រសួងពាក់ព័ន្ធ ជួយពួកគេឲ្យបានទាន់ពេលផង ព្រោះពេលនេះ ពួកគេត្រូវបានដកហូតទូរស័ព្ទ និងបង្ខាំងនៅក្នុងបន្ទប់តែមូយ ។

  ពលការិនីម្នាក់ តំណាងឲ្យពលការិនីជាច្រើនរូបទៀត បាននិយាយរៀបរាប់នៅក្នុងវីដេអូនោះថា “អ្នកទាំងអស់គ្នា ថ្ងៃនេះ ថ្ងៃទី១៨ ខែ០៤ ឆ្នាំ២០២៤ ឥឡូវពួកខ្ញុំកំពុងតែត្រូវគេចាប់ដកទូរស័ព្ទហើយ ហើយនេះពួកខ្ញុំលាក់ទូរស័ព្ទបានមួយ ។ ឥឡូវសុំអន្តរាគមន៍ឲ្យពួកខ្ញុំឆាប់ៗរហ័សមក ពួកខ្ញុំនៅ Jeddah នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ។ ឥឡូវពួកខ្ញុំកំពុងត្រូវគេចាប់ឃុំទាំងអស់គ្នា អ៊ីចឹងសុំជួយអន្តរាគមន៍ពួកខ្ញុំឲ្យលឿនៗផង ពួកបងៗអើយ! សម្ដេច ទ្រង់ ឯកឧត្ដម ជួយខ្ញុំផង! សម្ដេចហ៊ុន ម៉ាណែត សម្ដេចតា សម្ដេចយាយ ជួយកូនចៅផង! គេកំពុងតែធ្វើបាបពួកខ្ញុំ ចាប់បង្ខាំង ដកទូរស័ព្ទគ្រប់គ្នា… ។ ពួកខ្ញុំពិបាកមែនទែន មិនដឹងបានផ្លូវណាត្រលប់ទៅផ្ទះនៅស្រុកខ្មែរវិញទេ គេមានការធ្វើបាបគំរាមកំហែង ចាក់សោ បង្អត់បាយពួកខ្ញុំថ្មើនេះហើយ អត់ទាន់បានបាយ បានអីទេ ឥឡូវគេដកទូរស័ព្ទ ដកអីអស់គ្រប់គ្នាហើយ ។ ពួកខ្ញុំនៅតំបន់អាបាហា នៅប្រទេសអារ៉ាប់ នៅក្នុងក្រុមហ៊ុន ប៊ីអេប៊ី (BAB) ក្រុមហ៊ុននៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅអាបាហា ប៊ីអេប៊ី ឈ្មោះដែលក្រុមហ៊ុនទទួលពួកខ្ញុំមកនេះ ដែលគេយកពួកខ្ញុំមកឃុំឃាំងនេះ គឺក្នុងក្រុមហ៊ុនប៊ីអេប៊ី ។ អ៊ីចឹងសូមបងប្អូនទាំងអស់ជួយខ្ញុំផង ព្រោះពួកខ្ញុំកំពុងតែពិបាកណាស់ គេចាប់ឃុំ ឲ្យទឹកហូបប៉ុននេះ ហើយតាំងពីព្រឹក រហូតដល់ល្ងាច ។ អ៊ីចឹងពួកខ្ញុំ គេដកទូរស័ព្ទអស់ហើយ នេះគឺលួចទុកទូរស័ព្ទបានមួយ ដោយសារអ្នកមានទូរស័ព្ទពីរ ។ អ៊ីចឹងសុំជួយអន្តរាគមន៍ខ្ញុំលឿនៗផង ជាពិសេសគឺប៉ូលិសនៅប្រទេសអារ៉ាប់នេះ សូមជួយខ្ញុំឲ្យលឿនៗផង ព្រោះពួកខ្ញុំមិញនេះ មានការប្រតាយប្រតប់គ្នា ព្រោះគេចាប់គ្នាខ្ញុំទៅសួរចម្លើយ ស្រែកសម្លុត ។ អ៊ីចឹងសូមអរគុណ!“៕ កុលបុត្រ

RELATED ARTICLES