Friday, May 3, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ជួញថ្នាំញៀនក្នុងខារ៉ាអូខេ វ៉ៃខ្នោះ៥ កាំភ្លើង៤ដើម

 ជួញថ្នាំញៀនក្នុងខារ៉ាអូខេ វ៉ៃខ្នោះ៥ កាំភ្លើង៤ដើម

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ព្រមទាំងដកហូតបានកាំភ្លើងខ្លី ចំនួន៤ដើម រួមទាំងសារធាតុញៀន មួយចំនួនធំ នៅចំណុចទីតាំងខារ៉ាអូខេមួយកន្លែង។

ប្រតិបត្តិការបង្ក្រាបករណីជួញដូរថ្នាំញៀនក្នុងខារ៉ាអូខេខាងលើ បានធ្វើឡើង កាលពីវេលាម៉ោង៧ និង៣៨នាទីយប់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ នៅចំណុចទីតាំងខារ៉ាអូខេ KTV619 ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការបង្ក្រាបករណីផលិត ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៥នាក់ រួមមាន ទី១-ឈ្មោះស៊ុំម៉ៃ វ៉ាន់ថាណាស៊ីន ហៅតា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (ជួញដូរ និងប្រើប្រាស់)។ ទី២-ឈ្មោះភូវ៉រ៉េត ធានធឿន ហៅប៉េវ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិថៃ មុខរបរគ្មាន បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលលេខ A01 ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (ជួញដូរ និងប្រើប្រាស់)។ ទី៣-ឈ្មោះតៃ ស៊ិនអាន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរបើកហាង ម៉ាស្សា បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ផលិត និងជួញ ដូរគ្រឿងញៀន និងសញ្ចារកម្ម)។ ទី៤-ឈ្មោះប៉ែន ឆៃណា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបររត់ម៉ូតូកង់បី បច្ចុប្បន្នស្នាក់នៅ ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ជួញដូរ) និងទី៥-ឈ្មោះឈុនលី សុខស្រីនាង ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិក កាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ជួញដូរ)។

ចំណែកសម្ភារៈវត្ថុតាងចាប់យក រួមមាន គ្រឿងញៀន ប្រភេទម្សៅក្រាមសថ្លា (កេតាមីន) ចំនួន២កញ្ចប់ធំ (កញ្ចប់តែ) និង ១៦ថង់កិប ទម្ងន់ ២៨៨០,២ក្រាម។ ថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន២៥កញ្ចប់ និង២ដប ស្មើនឹង ៤៨១១គ្រាប់ ទម្ងន់ ៥៩២,៩ក្រាម។ កញ្ចប់ម្សៅរូបសេះ ពណ៌ក្រហម និងកញ្ចប់ម្សៅពណ៌ក្រហម រូបផ្លែទំពាំងបាយជូរ (អ៊ិចស្តាស៊ី) ចំនួន៤១កញ្ចប់ ទម្ងន់ ៥៩៨,៥៥ក្រាម។ កញ្ឆាក្រៀម ចំនួន៧ថង់កិប ទម្ងន់ ២៦,៨ក្រាម។ ម្សៅម៉ត់ពណ៌ស ចំនួន១៦ថង់កិប ទម្ងន់ ១១៣៧,៤ក្រាម។ ដុំក្រាម ពណ៌លឿង ចំនួន២ថង់កិប ទម្ងន់ ១០៦ក្រាម។ ម្សៅម៉ដ្ឋពណ៌ត្នោត ចំនួន២ថង់កិប ទម្ងន់ ១០៨,៤ក្រាម។ ម្សៅម៉ដ្ឋពណ៌កាហ្វេ ចំនួន១ថង់កិប ទម្ងន់ ៦៨,៩ក្រាម។ ថ្នាំគ្រាប់កញ្ចប់ពណ៌ខ្មៅ មានរូបមនុស្សប្រុស ចំនួន៨កញ្ចប់ ទម្ងន់ ៥២,៨ក្រាម។ ម្សៅក្រាមពណ៌ស ចំនួន៨កញ្ចប់ ទម្ងន់ ១៥៩៣,៤ក្រាម។ កាំភ្លើងខ្លី ចំនួន៤ដើម (ម៉ាក ZORAKI M906-TD លេខ 2400499 ពណ៌ទឹកប្រាក់លាយខ្មៅ ១ដើម ម៉ាក K54 លេខ 55007452  ពណ៌ខ្មៅ ១ដើម ម៉ាក Lock 19 ពណ៌ខ្មៅ ១ដើម និង ម៉ាក ISSC-M22 ពណ៌ខ្មៅ ១ដើម)។ គ្រាប់កាំភ្លើង ចំនួន៥០គ្រាប់។ បង់កាំភ្លើង ចំនួន៥។ ស្រោមកាំភ្លើង ចំនួន២។ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន៣គ្រឿង។ រថយន្ត ចំនួន២គ្រឿង (ម៉ាក AUDI A7 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-0603 និងម៉ាក Lexus NX-200t ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-8850)។ ម៉ូតូ ១គ្រឿង ម៉ាក HONDA PCX ពណ៌ខៀវ ពាក់ស្លាកលេខ ប.មានជ័យ 1AB-6168។ ទូរស័ព្ទចំនួន៦គ្រឿង (ម៉ាក iPhone 12Pro Max ពណ៌ទឹកប៊ិក ១គ្រឿង ម៉ាក Huawei ពណ៌ទឹកប៊ិក ១គ្រឿង ម៉ាក iPhone ពណ៌ទឹកប៊ិក ១គ្រឿង ម៉ាក OPPO ពណ៌ផ្ទៃមេឃ ១គ្រឿង ម៉ាក iPhone14 ពណ៌ស្វាយ ១គ្រឿង និងម៉ាក iPhone ពណ៌ស្លែ ១គ្រឿង) រួមនិងឧបករណ៍សម្រាប់ផលិតគ្រឿងញៀន មួយចំនួនធំ ព្រមទាំងសម្ភារៈមួយចំនួនទៀត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា មុនឈានដល់បង្ក្រាបករណីខាងលើ នៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ នៅចំណុច KTV619 ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងជំនាញបានក្តាប់បានមុខសញ្ញាជួញដូរគ្រឿងញៀន ដឹកនាំដោយលោកផ្ទាល់ សហការជាមួយកម្លាំងជំនាញការិយាល័យ ដឹកនាំដោយលោក វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានធ្វើការឃាត់រថយន្តចំនួន ១គ្រឿង ម៉ាក AUDI A7 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-0603 ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះស៊ុំម៉ៃ វ៉ាន់ថាណាស៊ីន ហៅតា ជាជនជាតិថៃ ព្រមទាំងដកហូតវត្ថុតាងរួមមាន កាំភ្លើងខ្លី ចំនួន២ដើម (ម៉ាក Lock 19 ពណ៌ខ្មៅ និង ម៉ាក ISSC-M22) បង់កាំភ្លើង ចំនួន៣្ប គ្រាប់កាំភ្លើង ចំនួន១៥គ្រាប់ កញ្ចប់ម្សៅពណ៌ក្រហមរូបសេះ (អ៊ិចស្តាស៊ី) ចំនួន៥កញ្ចប់ ទម្ងន់ ៤៣,០៥ក្រាម មកកាន់មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ដើម្បីចាត់ ការតាមនីតិវិធី។

ជនសង្ស័យទាំង៥នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញអាវុធហត្ថ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES