Friday, May 3, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគោងាប់១២ក្បាល ប្តឹងម្ចាស់ចម្ការដាក់ថ្នាំពុល

គោងាប់១២ក្បាល ប្តឹងម្ចាស់ចម្ការដាក់ថ្នាំពុល

ខេត្តស្ទឹងត្រែង ៖ សត្វគោ ចំនួន១២ក្បាល ត្រូវបានប្រទះឃើញដេកងាប់រដូករណែលក្នុងដីចម្ការមួយ កន្លែងដែលគេសង្ស័យពុលថ្នាំ ហើយម្ចាស់គោ បានដាក់ពាក្យប្តឹងទៅប៉ុស្តិ៍នគរបាល ដោយចោទប្រកាន់ម្ចាស់ចម្ការ ដាក់ថ្នាំបំពុលសម្លាប់គោរបស់គាត់។

ករណីគោពុលថ្នាំងាប់នេះ បានកើតឡើង កាលពីរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅភូមិរិទ្ធីសែនជ័យ១ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ម្ចាស់គោ ជាមន្ត្រីយោធា ឈ្មោះសុវណ្ណ សីហា ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង បច្ចុប្បន្នរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។

យោងតាមរបាយការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរស្វាយ រាយការណ៍ជូនទៅអធិការស្រុក បានបញ្ជាក់ថា កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ឈ្មោះឃិន ផុន ដែលជាឪពុកឈ្មោះសុវណ្ណ សីហា បានលែងគោ ជារៀងរាល់ម៉ោង១២ ដល់ម៉ោង៤ និង៣០នាទីល្ងាច តែនៅកើតហេតុ មិនឃើញគោត្រឡប់មកផ្ទះវិញឡើយ។ លុះដល់វេលាម៉ោង ១និង១០នាទីរសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ឈ្មោះឃិន ផុន ដើររកម្តងទៀត ក៏បានប្រទះឃើញសត្វគោរបស់គាត់ ចំនួន១២ក្បាល ងាប់នៅចំណុចចម្ការឈ្មោះរិទ្ធ ហើយក៏មាន ចានដែកដាក់ទឹកមួយ នៅនឹងកន្លែងកើតហេតុផងដែរ។ សត្វគោដែលងាប់ ទាំង១២ក្បាលនោះគឺម្ចាស់គោយកបានតែ ៤ភ្លៅទេ ក្រៅពីនោះ ចោលទាំងអស់នៅនឹងដីកើតហេតុ។

របាយការណ៍ដដែល បន្តថា លោកស៊ុត រិទ្ធ អាយុ៤២ឆ្នាំ ជាម្ចាស់ចម្ការ បានរៀបរាប់ថា ចម្ការរបស់លោក ពុំមានដាក់របងលួសត្រឹមត្រូវនោះទេ គ្រាន់តែដាក់បង្គោលចោះៗ។ កន្លងមកមានសត្វពពែ និងហ្វូងសត្វគោ ចូល ចម្ការរបស់គាត់ ហើយដោយសារស្គាល់ម្ចាស់ ក៏បានប្រាប់ទៅម្ចាស់សត្វពពែ ក្រោយមកក៏ពុំឃើញមានសត្វពពែ ចូលមកទៀតដែរ។ ចំណែកហ្វូងសត្វគោទាំងនោះ គាត់ពុំបានស្គាល់ម្ចាស់ជានរណាឡើយ ហើយសត្វគោទាំងនោះ ធ្លាប់ចូលចម្ការរបស់គាត់ ពីរបីលើករួចមកហើយ ហើយក៏ធ្លាប់ដេញចេញពីចម្ការផងដែរ តែនៅរសៀលថ្ងៃកើតហេតុ លោកបានលាយមេទឹកថ្នាំដូចសព្វដង ដើម្បីបាញ់ស្រោចទៅលើកូនកៅស៊ូ និងដំណាំដំឡូង ហើយទឹកថ្នាំនោះ លោកពុំដែលប្រើអស់នោះឡើយ ព្រោះដោយសារពេលត្រូវការបាញ់ថ្នាំ លោកគ្រាន់តែលាយទឹកបន្ថែម រួចយកទៅប្រើប្រាស់បន្តតែម្តង។

លោកបន្តទៀតថា ពាក់ព័ន្ធរឿងសត្វគោ ដែលចូលទៅក្នុងចម្ការ ហើយពុលទឹកថ្នាំងាប់នោះ លោកក៏ពុំបាននៅកន្លែងកើតហេតុនោះដែរ ប្រសិនជាឃើញសត្វគោទាំងនោះ ក៏លោកដេញចេញពីចម្ការរបស់លោកដែរ។ ហើយលោកមិនមានចេតនាណាមួយ ដើម្បីចង់ឱ្យសត្វគោទាំងនោះងាប់នោះទេ ហើយលោកទទួលស្គាល់ថា លោកពុំបានរាយការណ៍ជូនទៅប៉ុស្តិ៍ ឬអាជ្ញាធរនៅគ្រាដែលមានសត្វគោ ចូលក្នុងចម្ការរបស់លោកដែរ។ ចំណែកម្ចាស់គោ ក៏លោកពុំដែលស្គាល់ថាជានរណាឡើយ ទើបតែស្គាល់នៅពេលដែលប្រទះឃើញសត្វគោងាប់នៅក្នុងដីចម្ការរបស់លោកតែប៉ុណ្ណោះ ។

ទាក់ទិនករណីខាងលើ លោកលី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានឱ្យដឹងថា ករណីខាងលើ លោកបានឱ្យមន្ត្រីជំនាញ ចុះធ្វើការស្រាវជ្រាវហើយ។ ករណីនេះ ភាគីទាំងពីរគឺមានកំហុសទាំងសងខាង ទី១ ម្ចាស់គោ គួរតែមានក្រោលត្រឹមត្រូវ ចៀសវាងប៉ះពាល់ដល់ផលប្រយោជន៍អ្នកដទៃ។ ទី២ ម្ចាស់ចម្ការ គួរណាពេលឃើញមានសត្វគោចូលដីចម្ការរបស់ខ្លួន គួរចាប់រក្សាទុក រាយការណ៍ជូនទៅប៉ុស្តិ៍ ឬអាជ្ញាធរ ឬម្ចាស់សត្វគោ។

ពាក់ព័ន្ធករណីខាងលើនេះដែរ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរស្វាយ នៅថ្ងៃទី១៧ ខែមេសានេះ បានចេញលិខិតអញ្ជើញឱ្យឈ្មោះរិទ្ធ មកស្តាប់ចម្លើយពីករណីគោងាប់ ១២ក្បាល កាលពីថ្ងៃទី១៦ ខែមេសា នៅចំណុចក្រោយផ្ទះរបស់ខ្លួន៕

RELATED ARTICLES