Friday, May 3, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនពលរដ្ឋខ្មែរ ៣០០នាក់ លួចឆ្លងដែនខុសច្បាប់

ឃាត់ខ្លួនពលរដ្ឋខ្មែរ ៣០០នាក់ លួចឆ្លងដែនខុសច្បាប់

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កម្លាំងបញ្ជាការដ្ឋានវរៈសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨១៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានសហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ បានឃាត់ទប់ស្កាត់ពលរដ្ឋខ្មែរ ត្រៀមឆ្លងដែនខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃ បានចំនួន៣០០នាក់ យកមកអប់រំ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។

ប្រតិបត្តិការនេះ ដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្ស និងយេនឌ័រ ព្រមទាំងលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ កម្លាំងអធិការនគរបាលស្រុកម៉ាឡៃ កម្លាំងយោធាផ្នែកសឹករង។

សមត្ថកិច្ចបានឲ្យដឹងថាក្នុងចំណោម ពលរដ្ឋចំនួន៣០០នាក់ ក្នុងនោះស្រី១៥៤នាក់ កុមារ២៦នាក់។ ពលរដ្ឋទាំងនេះត្រូវបានស្ទាក់ឃាត់ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលភាគច្រើនគឺមកពីបណ្តាខេត្តមួយចំនួន ដូចជា ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។

ក្រោយពីទទួលបានការអប់រំណែនាំ និងធ្វើកិច្ចសន្យារួច សមត្ថកិច្ចបានឱ្យពួកគាត់ត្រឡប់ទៅគេហដ្ឋានវិញ និងសូមឱ្យឆ្លងដែនដោយស្របច្បាប់ មានលិខិតស្នាមត្រឹមត្រូវ ចៀសវាងចាញ់បោកមេខ្យល់ ឬមានបញ្ហាដល់ខ្លួននៅពេលឆ្លងដែនខុសច្បាប់៕

RELATED ARTICLES