Friday, May 3, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ខ្លួនសង្ឃក្លែងក្លាយ ១៤នាក់

ចាប់ខ្លួនសង្ឃក្លែងក្លាយ ១៤នាក់

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ ១ក្រុមធំ បានបែកគំនិតនាំគ្នាកោរសក់ ស្លៀកស្បង់ចីវរ បន្លំជាព្រះសង្ឃ ដើរបិណ្ឌបាត និងអង្គាសបច្ច័យតាមទីសាធារណៈ នៅរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ទីបំផុត ត្រូវបានកម្លាំងសមត្ថ កិច្ចជំនាញស្រាវជ្រាវបង្ក្រាបបាន សរុប១៤នាក់ នាំយកទៅចាត់ការតាមច្បាប់។

ការឃាត់ខ្លួនក្រុមជនសង្ស័យក្លែងបន្លំធ្វើជាសង្ឃនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចវត្តត្រពាំងព្នៅ ស្ថិតនៅភូមិស្នួល ឃុំអមលាំង ស្រុកថ្ពង។

លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង បានឱ្យដឹង ក្រុមជនក្លែងបន្លំធ្វើជាសង្ឃ ដើរបោកប្រាស់ប្រជាពុទ្ធបរិស័ទ  និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនទាំង១៤នាក់ រួមមាន ទី១-ឈ្មោះញឹម គឹម ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិដងទង់ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។ ទី២-ឈ្មោះសន ឌីណា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិត្រពាំងរាំង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ ទី៣-ឈ្មោះញឹង សុជាតិ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិដងទង់ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។ ទី៤-ឈ្មោះឆេង ភ័ណ្ឌ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិត្រពាំងម្នាស់ ស្រុកដងទង់ ខេត្តកំពត។ ទី៥-ឈ្មោះភឹម ពិសិដ្ឋ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ស្រុកឈូក ខេត្តកំពត។ ទី៦-ឈ្មោះឃុំ រ៉ូត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិត្រពាំងនៀល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត (មានសាធាតុញៀន)។ ទី៧-ឈ្មោះ ហន ម៉េងលី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិដុកឃ្លខ ឃុំទទុង ស្រុកដងទង់ ខេត្តកំពត (មានសាធាតុញៀន)។ ទី៨-ឈ្មោះឆាន់ រដ្ឋា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិត្រពាំងនៀល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត (មានសាធាតុញៀន)។ ទី៩-ឈ្មោះយាយ សុភារុណ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិមាន ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម (មានសាធាតុញៀន)។ ទី១០-ឈ្មោះច្រាន់ ប៉ាវ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិទទុង ឃុំដងទង់ ខេត្តកំពត (មានសាធាតុញៀន)។ ទី១១-ឈ្មោះញឹន ព្រឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិត្រពាំងនៀល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត (មានសាធាតុញៀន)។ ទី១២-ឈ្មោះញុន សុខគា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិត្រពោំនៀល ស្រុកដងទង់ ខេត្តកំពត (មានសាធាតុញៀន)។ ទី១៣-ឈ្មោះញ៉ ជឿន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិបុះញីញ ឃុំកូនសត្វ ស្រុកទឹកឈូរ ខេត្តកំពត (មានសាធាតុញៀន) និងទី១៤-ឈ្មោះអ៊ិន ធី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិតាអៀក ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត (មានសាធាតុញៀន)។

លោកអធិការនគរស្រុកថ្ពង បានបន្តថា ក្រុមជនក្លែងបន្លំធ្វើជាព្រះសង្ឃ ដើរបិណ្ឌបាត យ៉ាងអនាធិបតេយ្យនេះ បានជិះរថយន្ត ១គ្រឿង ម៉ាកស្តារិច មិនស្គាល់ស្លាកលេខ (អ្នកបើកបររត់គេចខ្លួន) និងម៉ូតូកង់បី ពាក់ស្លាក លេខ ភ្នំពេញ 1KE-2876 (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួន) បានដឹកក្រុមជនសង្ស័យជាព្រះ សង្ឃក្លែងក្លាយ មកចំណុចកើតហេតុខាងលើ។

លោកអធិការ បានបញ្ជាក់ថា មុនពេលឃាត់ខ្លួនក្រុមក្លែងបន្លំជាព្រះសង្ឃ ទាំង១៤នាក់ខាងលើនេះបាន គឺ សមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអមលាំង បានរាយការណ៍មកជំនាញថា ប្រទះឃើញព្រះសង្ឃជាច្រើនអង្គ និមន្តបិណ្ឌបាត និងអង្គាសបច្ច័យ តាមទីសាធារណៈ គួរឱ្យសង្ស័យ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកក៏បានដឹកនាំកម្លាំង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអមលាំង និងប្រជាការពារ ចុះស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបក្រុមក្លែងបន្លំជាព្រះសង្ឃទាំង១៤នាក់ខាងលើ ព្រមទាំងដកវត្ថុតាង រួមមាន ១-ស្បង់ចីវរ ចំនួន ១៤សម្រាប់។ ២-បាត ចំនួន៣។ ៣-ថង់យាមចំនួន១៤។ ៤-ទូរស័ព្ទ ចំនួន១០គ្រឿង។ ៥-ធៀបបុណ្យចំនួន ១២សន្លឹក។ ៦-កាតសម្គាល់ខ្លួន ចំនួន៥។ ៧-ម៉ូតូកង់បី ១គ្រឿង រួមនិងសម្ភារៈមួយចំនួនទៀត។

ក្រោយឃាត់ខ្លួនសង្ឃក្លែងក្លាយទាំង១៤នាក់ខាងលើរួចមក សមត្ថកិច្ចបាននាំក្រុមជនសង្ស័យ មកវត្តគិរីមុន្នីកោសី ហៅវត្តត្រពាំងត្រោក ដើម្បីបកស្បង់ចីវរ រួចប្រគល់មកឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី ហើយក្នុងនោះសមត្ថកិច្ចបានរកឃើញជនសង្ស័យចំនួន៩នាក់ មានសារធាតុ ញៀនទៀតផង។

ក្រុមជនសង្ស័យជាសង្ឃក្លែងក្លាយទាំង១៤នាក់ខាងលើ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES