Friday, May 3, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្ទុះធុងហ្គាស់ ឆេះផ្ទះ៥ខ្នង មនុស្ស៥នាក់ 

ផ្ទុះធុងហ្គាស់ ឆេះផ្ទះ៥ខ្នង មនុស្ស៥នាក់ 

ខេត្តព្រះវិហារ ៖ ផ្ទះប្រជាពលរដ្ឋជាអាជីវករលក់ដូរ ចំនួន៥ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង ដោយមូលហេតុផ្តើមចេញពីការផ្ទុះធុងហ្គាស់ ចេញពីផ្ទះលក់ហ្គាស់ ១កន្លែង ធ្វើឱ្យកើតជាអគ្គិភ័យ ឆេះរាល ដាលយ៉ាងឆាប់រហ័ស បង្កឱ្យរងការខូចខាតផ្ទះសរុប៥ខ្នង និងបណ្តាលឱ្យមនុស្ស ចំនួន៥នាក់ រងរបួសធ្ងន់-ស្រាល។

ហេតុការណ៍អគ្គិភ័យខាងលើ បានកើតឡើង កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅចំណុច ភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន។

សមត្ថកិច្ច បានឱ្យដឹងថា អគ្គិភ័យនេះបានឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋ អស់ចំនួន២ខ្នង (ខូចខាតអស់ទាំង ស្រុង) និង៣ខ្នងទៀត ខូចខាតអស់ប្រហែល ៤០ភាគរយ ហើយករណីខាងលើនេះ បណ្តាលមកពីផ្ទុះធុងហ្គាស់។

សមត្ថកិច្ចបន្តថា ម្ចាស់ផ្ទះខាងលើមាន ឈ្មោះរិន សំបូរ អាយុ ៤០ឆ្នាំ ជាអ្នកលក់ និងដូរហ្គាស់ (ធុងហ្គាស់ មានសភាពចាស់ មានច្រែះ ស្របពេលអាកាសធាតុឡើងដល់៤២អង្សាសេ) ដែលអគ្គិភ័យនេះផ្តើមចេញពីផ្ទះរបស់ឈ្មោះរិន សំបូរ និងឆេះរាលដាលយ៉ាងឆាប់រហ័សដល់ផ្ទះចំនួន៤ខ្នងផ្សេងទៀត ដែលនៅជាប់គ្នានោះ។

ក្នុងហេតុការណ៍នោះដែរ កម្លាំងអធិការដ្ឋាននគរបាលស្រុកជ័យសែន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឆែប បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់ទឹកបាញ់ពន្លត់ អស់ចំនួន១០រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បាន (ភ្លើងរលត់អស់ទាំងស្រុង) នៅវេលាម៉ោង ៤និង២០នាទីរសៀល ថ្ងៃដដែល។

ជុំវិញករណីគ្រោះអគ្គិភ័យខាងលើ បានបណ្តាលឱ្យមនុស្សចំនួន៥នាក់ ទទួលរងរបួសធ្ងន់ស្រាល (ត្រូវភ្លើងឆេះរលាក) ផងដែរ ដោយសារការចូលរួមជួយពន្លត់ភ្លើង៕

RELATED ARTICLES