Friday, May 3, 2024
Homeព័ត៌មានអន្តរជាតិ ឃាត់ខ្លួនស្ត្រីម្នាក់ នាំខ្មោ...ចជិះរទេះរុញ មកខ្ចីលុយធនាគារ

 ឃាត់ខ្លួនស្ត្រីម្នាក់ នាំខ្មោ…ចជិះរទេះរុញ មកខ្ចីលុយធនាគារ

ប្រទេសប្រេស៊ីល ៖ ស្ត្រីជនជាតិប្រេស៊ីលម្នាក់ បានរុញរទេះមួយ ដឹកបុរសចំណាស់ម្នាក់ដែលគ្មានដង្ហើម (សព) ចូលធនាគារ ដោយអះអាងថា នាងជាក្មួយស្រី នាំពូមកខ្ចីប្រាក់ធនាគារ ចំនួនជាង ១៧០០០ដុល្លារ ប៉ុន្តែបុគ្គលិក​ធនាគារ បានរកឃើញថា គួរឱ្យសង្ស័យ ហើយបានថតវីដេអូ បង្ហាញថា បុរសដែលជិះរទេះរុញ បានស្លាប់ ហើយ​ស្ត្រីម្នាក់នោះ បានប្រើសពដាក់លើរទេះរុញ ដើម្បីបោកប្រាស់មន្ត្រីធនាគារ ។ នៅទីបំផុតស្ត្រីម្នាក់នោះ ត្រូវបានគេរាយការណ៍ទៅប៉ូលិស និងត្រូវបានចាប់ខ្លួន។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គេហទំព័រព័ត៌មាន Al Jazeera បានរាយការណ៍ថា ស្ត្រីឈ្មោះ អេរិកា វីអេរ៉ា ណាន់ស៍ (Erica Vieira Nunes) ជនជាតិប្រេស៊ីល ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីបានយកបុរសចំណាស់ម្នាក់ដែលបានស្លាប់ អង្គុយលើរទះរុញ មកដាក់ពាក្យខ្ចីប្រាក់នៅធនាគារមួយ ក្នុងទីក្រុង រីអូ ដឺហ្សានេរ៉ូ (Rio de Janeiro) ដោយអះអាងថា នាងត្រូវជាក្មួយស្រីរបស់បុរសនោះ។ ប៉ុន្តែបុគ្គលិកធនាគារ បានសម្គាល់ឃើញថា បុរសដែលជិះរទេះរុញនោះមានសភាពទន់ខ្សោយពេកក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុណាមួយ ដោយក្បាលត្រូវបែរក្រោយជានិច្ច ហើយដៃក៏គ្មានកម្លាំងដែរ។ រាងកាយស្ថិតក្នុងស្ថានភាពគ្មានការឆ្លើយតប គឺដូចជាមនុស្សស្លាប់។

ប៉ុន្តែស្ត្រីនោះ បានប្រាប់មន្ត្រីធនាគារថា «ពូប្រាប់ឲ្យយកគាត់ទៅដាក់ពាក្យខ្ចីលុយធនាគារ ដើយប្រើឈ្មោះគាត់។ ស្ត្រីនោះបានសរសេរឯកសារសុំខ្ចីប្រាក់ ១៧០០០ដុល្លារ នាងព្យាយាមដាក់ប៊ិកក្នុងដៃបុរសចំណាស់នោះ ឲ្យចុះហត្ថលេខា ប៉ុន្តែវាមិនជោគជ័យទេ ព្រោះដៃម្ខាងទៀត ត្រូវទ្រក្បាលមនុស្សចាស់នោះ។ មន្ត្រីធនាគារ បានឃើញថា មនុស្សចាស់នោះ មានស្បែកស្លេក ហាក់មានស្ថានភាពមិនល្អទេ។ ប៉ុន្តែស្ត្រីម្នាក់នោះ បានឆ្លើយតបថា «ពូឈឺយ៉ាងនេះយូរហើយ ភាគច្រើនគាត់នឹងមិននិយាយអ្វីទាំងអស់»។

ទោះបីជាយ៉ាងណា នៅទីបំផុត មន្ត្រីធនាគារ បានទូរស័ព្ទរាយការណ៍ទៅប៉ូលិស។ នៅពេលប៉ូលិស មកដល់ បុរសចំណាស់ដែលជិះរទេះរុញ ត្រូវបានគេរកឃើញថា ជាបុរសអាយុ ៦៨ឆ្នាំដែលបានស្លាប់ជាច្រើនម៉ោងមកហើយ។ ចំណែកស្ត្រីម្នាក់នោះ ឈ្មោះអេរិកា វីអេរ៉ា ណាន់ស៍  មិនមែនជាសាច់ញាតិ ហើយក៏មិនពាក់ព័ន្ធនឹងអ្នកស្លាប់ដែរ ។

ប៉ូលិស បាននិយាយថា ស្ត្រីខាងលើនេះ ត្រូវបានឃាត់ខ្លួន និងចោទប្រកាន់ពីបទប្រមាថសាកសព (បន្លំសាក​សព) និងប៉ុនប៉ងលួចបន្លំ ឆបោកធនាគារ។ ខណៈនេះ ប៉ូលិស កំពុងស៊ើបអង្កេតរកមូលហេតុនៃការស្លាប់របស់បុរសនេះ៕

RELATED ARTICLES