Friday, May 3, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះ៨នាក់ ជួញថ្នាំញៀន៣៥កញ្ចប់

វ៉ៃខ្នោះ៨នាក់ ជួញថ្នាំញៀន៣៥កញ្ចប់

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជាមុខសញ្ញាជួញគ្រឿងញៀន ១សម្បុក ក្នុងនោះមានម្នាក់ ជាមេខ្លោង ត្រូវបានសមត្ថកិច្ចអធិការនគរបាលស្រុកគងពិសី ស្រាវជ្រាវបង្ក្រាបបាន សរុបចំនួន៨នាក់ ព្រមទាំងដកហូតបានវត្ថុតាងជាក់ស្តែង ថ្នាំញៀន សរុបចំនួន៣៥កញ្ចប់។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិស្តុក ឃុំស្តុក ស្រុកគងពិសី។

ក្រុមជនសង្ស័យទាំង៨នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសួន រ៉េតលន់ធា ភេទប្រុស អាយុ៤៣ឆ្នាំ មានលំនៅ ភូមិស្តុក ឃុំស្តុក ស្រុកគងពិសី។ ទី២-ឈ្មោះម៉េត ពៅ ភេទប្រុស អាយុ៣១ឆ្នាំ មានលំនៅ ភូមិត្រពាំងចក ឃុំមហាឬស្សី ស្រុកគងពិសី (ជាមេក្លោង និងជាម្ចាស់ថ្នាំញៀន)។ ទី៣-ឈ្មោះរឿន ធារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ មានលំនៅ ភូមិស្តុក ឃុំស្តុក ស្រុកគងពិសី។ ទី៤-ឈ្មោះអ៊ុច វេហា ភេទប្រុស អាយុ២១ឆ្នាំ មានលំនៅ ភូមិស្តុក ឃុំស្តុក ស្រុកគងពិសី។ ទី៥-ឈ្មោះម៉ន ដាវិត ភេទប្រុស អាយុ២៤ឆ្នាំ មានលំនៅ ភូមិស្រែកោះ ឃុំមហាឫស្សី ស្រុកគងពិសី។ ទី៦-ឈ្មោះសួង រ៉ាវុធ ភេទប្រុស អាយុ២៨ឆ្នាំ មានលំនៅ ភូមិស្តុក ឃុំស្តុក ស្រុកគងពិសី។ ទី៧-ឈ្មោះទេព សុខរើន ភេទប្រុស អាយុ៣០ឆ្នាំ មានលំនៅ ភូមិព្រៃងោង ឃុំភារី ស្រុកបសេដ្ឋ និងទី៨-ឈ្មោះភឿន មាស ភេទប្រុស អាយុ៤៥ឆ្នាំ មានលំនៅ ភូមិត្រពាំងចក ឃុំមហាឫស្សី ស្រុកគងពិសី។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន ម្សៅក្រាមព៌ណសថ្លា សង្ស័យគ្រឿងញៀន ចំនួន៣៥កញ្ចប់ (តូច២៩កញ្ចប់ មធ្យម ៦កញ្ចប់) ទូរស័ព្ទ ៣គ្រឿង ម៉ូតូ ៣គ្រឿង ជញ្ជីងអេឡេចត្រូនិក សម្រាប់ថ្លឹងគ្រឿងញៀន ចំនួន១គ្រឿង និងឧបករណ៍ប្រើប្រាស់វេចខ្ចប់គ្រឿងញៀន មួយចំនួន។

លោកអធិការនគរបាលស្រុកគងពិសី បានឱ្យដឹងថា ថ្នាំញៀនដែលសមត្ថកិច្ចបង្ក្រាប និងដកហូតបានខាងលើ ជារបស់ឈ្មោះម៉េត ពៅ ភេទប្រុស អាយុ៣១ឆ្នាំ ភូមិត្រពាំងចក ឃុំមហាឫស្សី ស្រុកគងពិសី ដែលជាមេខ្លោងជួញដូរគ្រឿងញៀន ប្រចាំតំបន់ស្រុកគងពិសី។ កន្លងមក ឈ្មោះនេះ តែងតែបង្កើតឱ្យមានព័ត៌មានបោកកុហក សមត្ថកិច្ច តាមរយៈបក្ខពួកប្រឌិតព័ត៌មាន បំភាន់សមត្ថកិច្ច ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបានបន្តសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត ដើម្បីបន្តនីតិវិធី៕

RELATED ARTICLES