Friday, May 3, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រមុំរោងចក្រ ចាញ់បោកក្រុមទម្លាក់យោង ដោះគ្រឿងអលង្ការ ដូរខ្សែកកាឡៃ

ក្រមុំរោងចក្រ ចាញ់បោកក្រុមទម្លាក់យោង ដោះគ្រឿងអលង្ការ ដូរខ្សែកកាឡៃ

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ ជាកម្មការិនីរោងចក្រ ពាក់គ្រឿងអលង្ការស្រោចខ្លួន ដើរចេញពី ផ្ទះជួល សំដៅទៅធ្វើការរោងចក្រ ស្រាប់តែត្រូវជនសង្ស័យ ១ក្រុម មានគ្នា៤នាក់ បានប្រើល្បិចទម្លាក់យោង ប្រាប់ថារើសបានមាស ហៅទៅចែក  ក៏លង់ជឿសម្តីក្រុមឆបោក នាំទៅកន្លែងស្ងាត់ ដោះគ្រឿងអលង្ការ លុយ និងទូរស័ព្ទ ឲ្យទៅជនសង្ស័យ ប្តូរជាមួយនឹងថង់ ក្រហម១ ដែលមានខ្សែក ១ខ្សែធំ លុះជនសង្ស័យគេចបាត់អស់ ស្រាយថង់មើល ទើបដឹងថាជាខ្សែកកាឡៃ ក៏ស្រែកទ្រហោយំ មកប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍។

ករណីទម្លាក់យោងនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅកន្លែងស្ងាត់ ស្ថិតតាមផ្លូវបេតុង ក្នុងភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល។

នារីរងគ្រោះ មានឈ្មោះមុតផាន ផាត់សារ អាយុ២២ឆ្នាំ មុខបររកម្មការិនីរោងចក្រ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេ សភ្នំពេញ មានស្រុកកំណើតនៅភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង សព្វថ្ងៃស្នាក់នៅផ្ទះជួល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល។ ចំណែក ទ្រព្យសម្បត្តិដែលបាត់បង់ រួមមាន កងដៃប្លាទីន ១វង់ ខ្សែដៃប្លាទីន ១ខ្សែ ចិញ្ចៀន ១វង់ ក្រវិល មួយគូ ប្រាក់ ចំនួន២២ម៉ឺនរៀល និងទូរស័ព្ទដៃ ម៉ាក iPhone XS Max ១គ្រឿង។

តាមសម្តីនារីរងគ្រោះ បានឱ្យដឹងថា គ្រឿងអលង្ការទាំងអស់ខាងលើ គឺអ្នកម្តាយរបស់នាងទិញឱ្យនាងពាក់ ក្នុងអំឡុងពេលដែលនាងទៅលេងស្រុក ថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ហើយបានបានពាក់ជាប់ខ្លួនរហូតមក។ មុនកើតហេតុ នាងបានដើរចេញពីផ្ទះជួល សំដៅទៅធ្វើការរោងចក្រ លុះពេលទៅដល់ពាក់កណ្តាលផ្លូវ មានស្ត្រីម្នាក់ ដើរមកសួរនាងថា មានរើសបានមាស ១កញ្ចប់ទេ ព្រោះមានគេជ្រុះបាត់? លុះនាងមិនទាន់បានឆ្លើយផង ស្រាប់តែមានស្ត្រីម្នាក់ទៀត ដើរមកប្រាប់ថា “កុំមាត់ កញ្ចប់មាសនោះ ខ្ញុំរើសបាន ចាំយើងចែកគ្នា” រួច ហើយ ក៏លើកបង្ហាញឱ្យនាងមើលទៀត។ បន្ទាប់មក ជនសង្ស័យបាននិយាយបញ្ចុះបញ្ចូល ល្បួងនាងឱ្យឡើងជិះម៉ូតូ ទៅកន្លែងស្ងាត់ នៅតាមផ្លូវបេតុង ស្ថិតក្នុងភូមិកំរៀង សង្កាត់កន្ទោក រួចជនសង្ស័យបានឱ្យកូនថង់ក្រណាត់ពណ៌ក្រហម ឱ្យនាង និងស្រាយមាត់ បង្ហើបឱ្យមើល។

នារីរងគ្រោះ បន្តថា ពេលនោះនាងបានឃើញគ្រឿងអលង្ការក្រហមឆ្អៅ នៅក្នុងកូនថង់នោះ ហើយបន្ទាប់មក ក្រុមចោរបានប្រាប់ឱ្យនាងយកគ្រឿងអលង្ការ ១ថង់នោះទាំងអស់ទៅ ដោយពួកចោរ បានឲ្យដោះគ្រឿងអលង្ការ លុយ និងទូរស័ព្ទ ឲ្យទៅពួកគេ រួចពួកគេនាំគ្នាឡើងជិះម៉ូតូ គេចខ្លួនបាត់អស់។ ក្រោយពេលក្រុមចោរទៅបាត់អស់ នាងបានស្រាយកូនថង់ពណ៌ក្រហមមមើល ទើបដឹងថាជា ខ្សែកកាឡៃ។

ក្រោយភ្ញាក់ខ្លួន ដឹងថាចាញ់បោកក្រុមទម្លាក់យោង អស់ពីខ្លួនហើយ នារីរងគ្រោះបានដើរតាមផ្លូវបណ្តើរ យំបណ្តើរ និងត្រូវបានកម្លាំងប្រជាការពារប្រទះឃើញ ធ្វើការសួរនាំ ទើបដឹងរឿង នាំទៅដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយស្រាវជ្រាវស្វែងរកក្រុមជនសង្ស័យ ដើម្បីចាប់ខ្លួន នាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES