Friday, May 3, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដុតព្រៃយកឃ្មុំ ឆេះព្រៃនិងស្រែ ៣០ហិកតារ

ដុតព្រៃយកឃ្មុំ ឆេះព្រៃនិងស្រែ ៣០ហិកតារ

ខេត្តសៀមរាប ៖ ជនសង្ស័យមិនស្គាល់មុខម្នាក់ បានធ្វើសកម្មភាពដុតព្រៃ ដើម្បីយកឃ្មុំ រួចក៏ធ្វើឱ្យភ្លើងបានឆេះរាលដល់វាលស្រែ អស់ ៣០ហិកតារ និងព្រៃសហគមន៍ អស់២០ម៉ែត្រក្រឡា ទៀតផង ។

ហេតុការណ៍ភ្លើងឆេះស្រែនិងព្រៃនេះ បានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅចំណុចត្រពាំងប្រឹស ក្នុងភូមិថ្នល់ដាច់ ឃុំដានរុន ស្រុកសូទ្រនិគម។

លោកឧត្តមសេនីយ៍ត្រី ឌុត ខុន ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ បានបញ្ជាក់ឱ្យដឹងថា មានឧបទ្ទវហេតុអគ្គិភ័យឆាបឆេះវាលស្រែ និងព្រៃសហគមន៍ ចំនួន២ទីតាំងផ្សេងគ្នា ក្នុងនោះទីតាំងទី១-នៅចំណុចត្រពាំងប្រឹស ស្ថិតក្នុង ភូមិថ្នល់ដាច់ ឃុំដានរុន ស្រុកសូទ្រនិគម ដោយឆេះវាលស្រែប្រាំង (ដើមស្រូវងាប់ៗ) ទំហំជាង៣០ហិកតារ និងព្រៃសហគមន៍ប្រហែល ២០ម៉ែត្រក្រឡាផងដែរ ត្រូវបានកម្លាំងសមត្ថកិច្ចសហការជាមួយកម្លាំងប្រជាការពារនិងប្រជាពលរដ្ឋ ពន្លត់បានជោគជ័យ នៅម៉ោង ៥និង២០នាទីល្ងាច ថ្ងៃដដែល។

ចំណែកទីតាំងទី២-ស្ថិតក្នុងភូមិបន្ទាត់បោះ ឃុំដានរុន ស្រុកសូទ្រនិគម ដោយឆេះព្រៃឃ្លាំងទឹកទំនប់២០០៣ ក្នុងផ្ទៃដីប្រហែល ៣ហិកតារ។ ក្នុងនោះកម្លាំងសមត្ថកិច្ចសហការជាមួយប្រជាការពារ និងប្រជាពលរដ្ឋពន្លត់គ្រប់គ្រងបានខ្ទង់ ៦០ភាគរយ តែដោយសារយប់ងងឹត គ្មានផ្លូវរថយន្តពន្លត់អគ្គិភ័យចូលបាន ក្រុមការងារបានបាញ់ទឹកចន្លោះផ្លូវ ដើម្បីទប់ស្កាត់កុំឱ្យអគ្គិភ័យឆ្លងទៅកន្លែងផ្សេងទៀត និងដកកម្លាំងមកអង្គភាពវិញ រង់ចាំថ្ងៃស្អែក ទៅពិនិត្យនិងពន្លត់ម្តងទៀត។

លោកបញ្ជាក់ថា ទីតាំងឆេះ មិនមានផ្ទះ ឬចម្ការបងប្អូនប្រជាពលរដ្ឋរស់នៅក្បែរនោះទេ។  ចំណែកការប្រើប្រាស់កម្លាំង និងចំណុះទឹក ប្រើប្រាស់កម្លាំងសរុប ចំនួន៧៧នាក់ រថយន្តពន្លត់អគ្គិភ័យ ១គ្រឿង គោយន្តដឹកស៊ីទែនទឹក ១គ្រឿង ម៉ូតូសណ្តោងរ៉ឺម៉ក ១គ្រឿង ម៉ាស៊ីនបូម ទឹក២គ្រឿង ប្រើប្រាស់ទឹកអស់ប្រហែល ៨០០០លីត្រ៕

RELATED ARTICLES