Saturday, May 4, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះ៣នាក់ ដកហូតថ្នាំញៀន៤៩កញ្ចប់

វ៉ៃខ្នោះ៣នាក់ ដកហូតថ្នាំញៀន៤៩កញ្ចប់

ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យ ចំនួន៣នាក់ ជាមុខសញ្ញារក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ស្រាវជ្រាវឃាត់ខ្លួន ដោយដកហូតបានវត្ថុតាងជាក់ស្តែង ថ្នាំញៀន សរុបចំនួន៤៩កញ្ចប់។

ប្រតិបត្តិការបង្ក្រាបករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននេះ បានធ្វើឡើងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិស្រះជ្រៃ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះស៊ឹម បូ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិន ពិតប្រាកដ មានលំនៅ ភូមិស្រះជ្រៃ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។ ទី២-ឈ្មោះហ៊ីង វណ្ណី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៣-ឈ្មោះកែវ សារិន ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ។ អ្នកទាំងពីរ ត្រូវជាជាប្តីប្រពន្ធ និងមានលំនៅក្នុងភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង។

យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានបញ្ជាក់ឱ្យដឹងថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ កម្លាំងជំនាញស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត សហការជាមួយមូលដ្ឋានស្រុកត្រពាំងប្រាសាទ ដឹកនាំដោយលោកអនុសេនីយ៍ឯក ប៊ុត សាវុទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិស្រះជ្រៃ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះស៊ឹម បូ និងដកហូតវត្ថុតាង រួមមាន ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ១កញ្ចប់ធំ និង១៥កញ្ចក់តូច ទម្ងន់ ៤,៦១ក្រាម ទូរស័ព្ទដៃ១គ្រឿង ប្រាក់ ២ម៉ឺនរៀល និងសម្ភារៈសម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន។

របាយការណ៍ដដែលបន្តថា លុះរសៀលថ្ងៃដដែល កម្លាំងជំនាញបានបន្តចុះបង្ក្រាបនៅភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ដោយឃាត់ខ្លួនជនសង្ស័យជាប្តីប្រពន្ធ ២នាក់ បន្ថែមទៀត (១-ឈ្មោះហ៊ីង វណ្ណី ២-ឈ្មោះកែវ សារិន) ព្រមទាំងដកហូតវត្ថុតាង រួមមាន ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ១កញ្ចប់ធំ និង៣២កញ្ចប់តូច ទម្ងន់១០,១០ក្រាម ទូរស័ព្ទដៃ ២គ្រឿង កូនកាបូបដាក់សារធាតុញៀន១ និងសម្ភារៈសម្រាប់វេចខ្ចប់ មួយចំនួន។ជនសង្ស័យទាំង៣នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បន្តតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕

RELATED ARTICLES