Saturday, May 4, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានសុខៗ ភ្លើងឆេះហ្មត់

បើកឡានសុខៗ ភ្លើងឆេះហ្មត់

ខេត្តបាត់ដំបង ៖ រថយន្ត ១គ្រឿង កំពុងបើកបរតាមដងផ្លូវសុខៗ ស្រាប់តែត្រូវអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យរងការខូចខាតអស់ទាំងស្រុង តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ ឬមនុស្សណាម្នាក់ឡើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល ១១យប់ ថ្ងៃទី២០ ខែមេសា  ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវក្រវាត់ក្រុង ស្ថិតត្រង់ចំណុចក្រុមទី៣ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង។

រថយន្តដែលរងការឆាបឆេះ ម៉ាកតូយ៉ូតា កាមរី ស៊េរីចាស់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2E-9282 (ត្រូវភ្លើងឆេះអស់ទាំងស្រុង)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ករណីគ្រោះអគ្គិភ័យនេះ បណ្តាលឱ្យឆេះរថយន្ត ១គ្រឿងខាងលើ អស់ទាំងស្រុង តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ ហើយមូលហេតុ ស្ថិតក្នុងការស្រាវជ្រាវ ព្រោះមិនឃើញម្ចាស់រថយន្តនៅទីតាំងកន្លែងកើតហេតុឡើយ។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន ១គ្រឿង ចុះធ្វើអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់ទឹកអស់ចំនួន ១រថយន្ត ទើបភ្លើងបានរលត់ទាំងស្រុង៕

RELATED ARTICLES