ភ្នំពេញ ៖ លោកគឹម សុខ អ្នកវិភាគនយោបាយនិងសង្គម ដែលកំពុងរស់នៅប្រទេសហ្វាំងឡង់ បានលើកឡើងថា លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម ជាអ្នកវិភាគ តែច្រឡំចង់ធ្វើចៅក្រម ឬប៉ូលិសយុត្តិធម៌ បន្ទាប់ពីលោកបណ្ឌិត ប៉ា ចន្ទរឿន បានលើកឡើងថា អ្នកវិភាគត្រូវការព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយ ទើបអាចធានាថា ការវិភាគរបស់ខ្លួន មិនក្លាយជារឿងវ៉ល់ៗ ។
សូមបញ្ជាក់ថា ថ្មីៗនេះ លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានលើកឡើ់ងតាមបណ្ដាញសង្គម ហ្វេសប៊ុក ថា អ្នកវិភាគ ត្រូវការព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយ ទើបអាចធានាថាការវិភាគរបស់ខ្លួន មិនក្លាយជារឿងវ៉ល់ៗ“ ។បន្ទាប់ពីបានឃើញការលើកឡើងរបស់លោកបណ្ឌិត ប៉ា ចន្ទរឿន ខាងលើនេះ លោកគឹម សុខ បានសរសេរឆ្លើយតបតាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ទំនងជាលោកបណ្ឌិត ចង់ធ្វើជាចៅក្រម ឬប៉ូលិសយុត្តិធម៌ ហើយច្រឡំនិយាយដល់ការងារអ្នកវិភាគទៅវិញ។ ឧទាហរណ៍ ករណីពុករលួយ បើបានព័ត៌មានពិត ហើយគ្រប់ជ្រុងជ្រោយទៅហើយ ប្ដឹងទៅសមត្ថកិច្ច ឬតុលាការ ឲ្យចាត់ការតែម្ដងទៅ ចាំបាច់វិភាគឲ្យហត់អី មែនទេ?“ ។
លោកគឹម សុខ បានសរសេរបន្តថា “ជំនួសឲ្យការនិយាយអំពីតួនាទីការងារបស់អ្នកវិភាគ ខ្ញុំចង់ស្នើឲ្យអ្នកវិភាគ និងអ្នកឃ្លាំមើលទាំងអស់ ជួបប្រជុំពិភាក្សាគ្នាវែកញែកឲ្យច្បាស់ម្ដងទៅមើល កុំឲ្យនិយាយអាងផ្លាក! បើកវេទិកាចំហ ខ្ញុំនឹងចូលជជែក តែបើប្រជុំបិទទ្វារ គ្មានវត្តមានរបស់ខ្ញុំទេ“ ។
“នគរធំ” បានទាក់ទងទៅលោកគឹម សុខ ដើម្បីសុំការបកស្រាយបញ្ជាក់បន្ថែមលើការលើកឡើងតាមបណ្ដាញសង្គម ខាងលើនេះដែរ ប៉ុន្តែលោកបានឆ្លើយបដិសេធថា លោកសុំមិនបកស្រាយបន្ថែម លើសពីសារដែលលោកបានសរសេរខាងលើនេះទេ ។
ដោយឡែក លោកបណ្ឌិត ប៉ា ចន្ទរឿន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ថា បើសិនជាមិនមានព័ត៌មាន ហើយព័ត៌មានដែលទទួលបាន មិនសូវយកជាការបានទេ អ្នកវិភាគដែលច្រើនតែនិយាយពីជំហរផ្ទាល់ខ្លួន វាមិនមែនជាទស្សនៈវិភាគទេ វាច្រើនតែជាទស្សនៈរបស់បុគ្គលច្រើនជាង ។ បានន័យថា ការវិភាគ ជាទូទៅ បើសិនជាយើងផ្ដោតតែទៅលើទស្សនៈផ្ទាល់ខ្លួនច្រើនពេក នៅពេលនោះ ខ្លឹមឬក៏គុណតម្លៃនៃការវិភាគរបស់យើង វាអាចវ៉ល់ៗ ជាជាងយកជាបានការ ។
លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍ថា “បាទ! ជាការពិត ការវិភាគ គឺជាទម្រង់មួយនៃសេរីភាពការបញ្ចេញមតិ ប៉ុន្តែគ្រាន់ថា ការវិភាគ វាខុសអំពីការបញ្ចេញមតិធម្មតា ។ ការបញ្ចេញមតិធម្មតារបស់ប្រជាពលរដ្ឋទូទៅ ច្រើនធ្វើតាមរយៈការគិតរបស់បុគ្គលហ្នឹងផ្ទាល់ ការនិយាយចេញពីអារម្មណ៍ផ្ទាល់ ដែលខុសពីអ្នកវិភាគ ។ អ្នកវិភាគ ជាទូទៅ គឺជាបុគ្គលដែលធ្លាប់បានឆ្លងកាត់ការបណ្ដុះបណ្ដាលអំពីការស្រាវជ្រាវ អំពីការវិភាគ ហើយការវិភាគហ្នឹង វាមានក្បួន មានខ្នាតរបស់គេ ហើយដើម្បីវិភាគចេញហ្នឹង វាទាល់តែមានព័ត៌មានយកមកឆ្លុះបញ្ចាំង យកមកប្រៀបធៀប យកមកវិភាគតាមគោលបំណងដែលចង់បាន វិភាគចង់រកឃើញអំពីគុណសម្បតិ្ត គុណវិបត្តិ វិភាគឲ្យឃើញអំពីចំណុចខ្លាំង ចំណុចខ្សោយ ឱកាសនៃការគំរាមកំហែង វិភាគអំពីកត្តាសេដ្ឋកិច្ច កត្តាសង្គម កត្តាបច្ចេកវិទ្យា កត្តានយោបាយ កត្តាបរិស្ថាន កត្តាអាកាសធាតុ វិភាគអំពីអនាគត ឧទាហរណ៍ ។ នេះគឺជាវិធីនៃការវិភាគ ដូច្នេះដើម្បីវិភាគបានហ្នឹង វាទាល់តែមានព័ត៌មាន ហើយព័ត៌មានហ្នឹងជាព័ត៌មានដែលពិតទៅទៀត ហើយដើម្បីឲ្យការវិភាគហ្នឹងវាកាន់តែមានភាពសុក្រឹត ទាល់តែព័ត៌មានហ្នឹងវាមានលក្ខណៈកាន់តែគ្រប់ជ្រុងជ្រោយ “ ។
លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តថា “ប្រសិនបើអ្នកវិភាគ ដែលគាត់មានព័ត៌មានពិតហើយ ព័ត៌មានហ្នឹងវាច្រើនប្រភព វាច្រើនជ្រុង នោះការវិភាគដែលចេញមកហ្នឹង គឺវាមានលក្ខណៈសច្ចភាពហ្នឹងខ្ពស់ វាមានភាពពេញលេញហ្នឹងច្រើន ដែលវាផ្ទុយអំពីការវិភាគខ្លះ ដែលអ្នកវិភាគហ្នឹងគាត់មិនមានព័ត៌មានគ្រប់គ្រាន់ ព័ត៌មានដែលគាត់ទទួលបានមកហ្នឹង វាមិនសូវជាមានពិតប្រាកដច្រើន នៅពេលនោះ អ្នកវិភាគដែលខ្វះព័ត៌មានហ្នឹង គាត់ច្រើនតែបញ្ចេញបញ្ចូល ឬក៏ប្រើប្រាស់ទស្សនៈរបស់ខ្លួនឯងច្រើនពេក ទស្សនៈផ្ទាល់ខ្លួនច្រើនពេក អាហ្នឹងវាលែងទៅជាការវិភាគហើយ វាទៅជាការបង្ហាញអំពីទស្សនៈរបស់បុគ្គលទៅវិញ ។ ដូច្នេះជាគោលការណ៍ អ្នកវិភាគ ដើម្បីឲ្យការវិភាគរបស់ខ្លួនហ្នឹង វាមានភាពសុក្រឹត និងមានលក្ខណៈគ្រប់ជ្រុងជ្រោយហ្នឹង វាទាល់តែគាត់មានព័ត៌មានហ្នឹងវាច្រើនជ្រុង ព័ត៌មានដែលគាត់ទទួលបានហ្នឹង ជាព័ត៌មានដែលអាចយកជាការបានទៅទៀត ។ បើសិនជាមិនមានព័ត៌មាន ហើយព័ត៌មានដែលទទួលបានហ្នឹង វាមិនសូវយកជាការបានទេ អ្នកវិភាគដែលច្រើនតែនិយាយពីជំហរផ្ទាល់ខ្លួន អាហ្នឹងវាមិនមែនជាទស្សនៈវិភាគទេ វាច្រើនតែជាទស្សនៈរបស់បុគ្គលច្រើនជាង ដែលការវិភាគ ជាទូទៅ បើសិនជាយើងផ្ដោតតែទៅលើទស្សនៈផ្ទាល់ខ្លួនច្រើនពេក នៅពេលនោះ ខ្លឹមឬក៏គុណតម្លៃនៃការវិភាគរបស់យើងហ្នឹង វាអាចវ៉ល់ៗ ជាជាងយកជាបានការ ។ ហេតុនេះហើយបានជានៅក្នុងការវិភាគហ្នឹង ជាទូទៅ គេប្រុងប្រយ័ត្នណាស់ មិនមែនអាងថាជាបុគ្គលដែលមានសម្ដីថ្វីមាត់ពូកែនិយាយហ្នឹង ចេះតែនិយាយបូរបាច់ ប៉ប៉ាច់ប៉ប៉ោចកើតទេ ពីព្រោះពាក្យសម្ដីដែលយើងនិយាយចេញមក ត្រូវតែមានអ្វីជាសំអាង មានព័ត៌មានយកមកគាំទ្រនូវការអះអាង មានភ័ស្តុតាងដើម្បីធ្វើជាបន្ទាល់នៃសេចក្ដីសន្និដ្ឋានរបស់ខ្លួន ។ កាលណាយើងនិយាយថា ខ្ញុំគិតអ៊ីចឹង ខ្ញុំមានអារម្មណ៍បែបហ្នឹង ។ បើសិនជាយើងនិយាយអ៊ីចឹង វាគ្រាន់តែជាទស្សនៈផ្ទាល់ខ្លួន វាគ្រាន់តែជាការបញ្ចេញមតិធម្មតាទេ ប៉ុន្តែមិនមែនជាការវិភាគដែលមានក្បួនខ្នាតនិងផ្អែកទៅលើទិន្នន័យ ផ្អែកទៅលើភ័ស្តុតាងដែលគេបានសិក្សាស្រាវជ្រាវកន្លងមក ដែលសិក្សាស្រាវជ្រាវខ្លួនឯង ឬបើសិនជារឿងខ្លះ តាមរយៈការសង្កេតផ្ទាល់ខ្លួនជាច្រើនករណីមក អាហ្នឹងក៏ជាផ្នែកមួយ ដែលអាចយកជាតឹកតាង ជាមូលដ្ឋានសម្រាប់ការវិនិច្ឆ័យ ការវិភាគ និងការសន្និដ្ឋានបានដែរ“ ។
ទោះជាយ៉ាងណា ឆ្លើយតបលោកគឹម សុខ លើកឡើងថា លោកជាអ្នកវិភាគ ច្រឡំចង់ធ្វើចៅក្រម ឬប៉ូលិសយុត្តិធម៌នោះ លោកបណ្ឌិត ប៉ា ចន្ទរឿន បញ្ជាក់ថា លោកមិនទោមនស្សអីទេ គ្រាន់តែយល់ថា ការលើកឡើងរបស់គាត់ ហាក់ដូចជាអត់បានបែងចែករវាងស្អីទៅជាភារកិច្ចការងារ របៀបធ្វើការងាររបស់អ្នកវិភាគ របស់សមត្ថកិច្ចដែលប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ឬក៏ចៅក្រម តុលាការ ដែលកាត់ទោស កាត់ក្ដីទៅក្នុងរឿងនេះមួយ ។
លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តទៀតថា “ខ្ញុំឃើញគេផ្ញើមកឲ្យដែរ ហើយខ្ញុំមិនជាមានស្អីត្រូវឆ្លើយតបជាមួយគាត់ទេ ព្រោះជាការយល់ឃើញរបស់គាត់ ប៉ុន្តែរឿងដែលគួរតែបែងចែកហ្នឹង គឺរវាងភារកិច្ច និងតួនាទីរបស់អ្នកវិភាគ របស់អ្នកធ្វើការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ សមត្ថកិច្ចដែលធ្វើកិច្ចការងាររឿងហ្នឹង ។ អ្នកវិភាគ ជាទូទៅ ចង់វិភាគហ្នឹង គឺយើងយកព័ត៌មាន ប្រមូលព័ត៌មានដែលយើងអាចរកបាន តាមដែលអាចរកបានច្រើនបំផុត ដើម្បីយកមកផ្គំ យកមកដាក់បញ្ចូលគ្នា ហើយធ្វើការប្រៀបធៀប ធ្វើការវាយតម្លៃវា ទើបយើងអាចបកស្រាយ ទើបអាចទាញសេចក្ដីសន្និដ្ឋាន ។ អ៊ីចឹងអាហ្នឹងជាតួនាទីរបស់អ្នកវិភាគ ។ តួនាទីរបស់ចៅក្រម តួនាទីរបស់ព្រះរាជអាជ្ញា គេមានតួនាទីផ្សេង តួនាទីរបស់អ្នកដែលធ្វើការប្រឆាំងនឹងអំពើពុករលួយ គេមានតួនាទី គេមានការងារគេផ្សេង តួនាទីរបស់ចៅក្រម គេមានផ្សេង ។ អ៊ីចឹងការលើកឡើងរបស់គាត់ (គឹម សុខ) ហ្នឹង គាត់ហាក់ដូចជាអត់បានបែងចែករវាងស្អីទៅជាភារកិច្ចការងារ របៀបធ្វើការងាររបស់អ្នកវិភាគ របស់សមត្ថកិច្ចដែលប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ឬក៏ចៅក្រម ឬក៏តុលាការ ដែលកាត់ទោស កាត់សេចក្ដីទៅក្នុងរឿងនេះមួយ ។ អ៊ីចឹងគ្រាន់តែចង់ឲ្យគាត់បែងចែករឿងអស់ហ្នឹងឲ្យច្បាស់ទៅ ពីព្រោះអ្នកវិភាគ មិនមែនជាអ្នកជប់ព័ត៌មានទេ អ្នកវិភាគគឺជាអ្នកប្រមូលព័ត៌មានដែលមាន យកមកវែកញែក បើសិនជាព័ត៌មានហ្នឹងដុំ យកមកបំបែក ដើម្បីទាញចេញជាសេចក្ដីសន្និដ្ឋានពីរឿងទាំងមូល ទៅរឿងតូច ឬក៏ប្រមូលព័ត៌មានតូចៗមកផ្គំគ្នា ទាញសន្និដ្ឋានពីរឿងដោយឡែក ទៅជារឿងទូទៅ ឬក៏ការសន្និដ្ឋានរួម ។ អ៊ីចឹងអានេះគឺជារបៀបដែលអ្នកវិភាគគេធ្វើ ហើយខ្ញុំក្នុងនាមជាបញ្ញវន្តសាធារណៈមួយរូបនេះ បានប្រឡូកក្នុងកិច្ចការងារសង្គម ទាំងចូលរួម ស្ដាប់ រៀនសូត្រពីរៀមច្បងដែលជាអ្នកវិភាគ ទាំងនៅក្នុងស្រុក ទាំងនៅក្រៅប្រទេស ហើយខ្លួនឯងហ្នឹងក៏ជាអ្នកបានទទួលការបណ្ដុះបណ្ដាលរៀនសូត្រអំពីជំនាញស្រាវជ្រាវនិងការវិភាគ ហើយក៏ជាអ្នកដែលបានចូលរួមចំណែកក្នុងការផ្ដល់ព័ត៌មាន ទស្សនៈ ឬយើងហៅថា ជាការវិភាគហ្នឹងដល់សារព័ត៌មានក្នុងស្រុកមិនតិចដែរទេ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ។ ដូច្នេះការបែងចែកអំពីរបៀបធ្វើការ និងតួនាទីរបស់បុគ្គលនីមួយៗក្នុងសង្គម រួមទាំងអ្នកវិភាគ សមត្ថកិច្ច ចៅក្រម ឬក៏អាជ្ញាធរមានសមត្ថកិច្ចហ្នឹង គឺជារឿងចាំបាច់ យើងមិនអាចទៅថា បើមានព័ត៌មានគ្រប់គ្រាន់ហើយ យកមកវិភាគធ្វើអី ។ អ្នកដែលលើកបែបហ្នឹង អាចឆ្លុះបញ្ចាំងថា គាត់អត់បានរៀនសូត្រ ឬកទទួលការបណ្ដុះបណ្ដាលឲ្យបានជ្រៅជ្រះអំពីមូលដ្ឋានគ្រឹះនៃការវិភាគទេ“ ។
លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្ថែមថា “រឿងអ្នកវិភាគ ឬក៏បញ្ញវន្តសាធារណៈហ្នឹង មានទស្សនៈខុសគ្នាអំពីបញ្ហាអីមួយហ្នឹង វាជារឿងធម្មតាទេ នៅក្នុងសង្គមប្រជាធិបតេយ្យសេរី យើងមិនអាចទៅបង្ខំឲ្យនរណាម្នាក់គេយល់ដូចយើង គិតដូចយើងទេ ប៉ុន្តែអ្វីដែលសំខាន់នោះ ត្រូវសួរត្រលប់ទៅវិញថា ការគិត ការបកស្រាយ ការទាញសន្និដ្ឋានរបស់គាត់ហ្នឹង ផ្អែកទៅលើព័ត៌មានអី? ផ្អែកទៅលើភ័ស្តុតាង ឬមូលដ្ឋានអី? ហើយព័ត៌មានដែលគាត់យកមកប្រើហ្នឹង អាចយកជាការបានប៉ុន្មានភាគរយ? ដូច្នេះហើយ រឿងវិភាគរឿងអីហ្នឹង វាជាសេរីភាពផ្នែកការសិក្សា ឬយើងហៅថា សេរីភាពវិទ្យាវិស័យ ។ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំអត់ទៅទោមនស្សអីជាមួយនឹងការវិភាគរបស់អ្នកដទៃទៀត ប៉ុន្តែអ្វីដែលខ្ញុំយកចិត្តទុកដាក់ហ្នឹង គឺថា តើការវិភាគរបស់គាត់ហ្នឹង ការវិភាគនីមួយៗហ្នឹងឈរនៅលើមូលដ្ឋានអី? មានស្អីជាសម្អាង ព័ត៌មានដែលគាត់ទទួលបាន ឬក៏គាត់មានព័ត៌មានគ្រប់គ្រាន់នៅក្នុងការទាញសេចក្ដីសន្និដ្ឋានទេ នៅក្នុងការបកស្រាយទេ ហើយអំណះអំណាង ភ័ស្តុតាងដែលគាត់មានហ្នឹង វាមានទម្ងន់កម្រិតណា ដែលអាចយកមកគាំទ្រការបកស្រាយ ឬក៏សន្និដ្ឋានរបស់គាត់ ហើយរឿងថា គាត់មានកើតជាវេទិកាជជែកដេញដោលអីហ្នឹង អាហ្នឹងជាការលើកឡើងរបស់គាត់ ប៉ុន្តែខ្ញុំផុសនៅលើហ្វេសប៊ុកខ្ញុំហ្នឹង គឺខ្ញុំផុសជាទូទៅទេ ជាគោលការណ៍ទេ ខ្ញុំសំដៅទៅបុគ្គលណាម្នាក់ ឬក៏លោកគឹម សុខ ទេ ប៉ុន្តែគាត់រើសយកទៅដាក់ខ្លួនគាត់ អាហ្នឹងក៏ជាចំណាប់អារម្មណ៍ ឬជាសិទ្ធិរបស់គាត់ ប៉ុន្តែគ្រាន់តែថា រឿងជជែកដេញដោលរវាងអ្នកវិភាគត្រូវធ្វើម៉េចៗអីហ្នឹង អាហ្នឹងខ្ញុំសុំមិនឆ្លើយតបទេ ប៉ុន្តែគ្រាន់តែថា មកដល់ថ្ងៃនេះ ខ្ញុំធ្វើកិច្ចការងារហ្នឹង ដែលជាការចូលរួមចំណែកនៅក្នុងការលើកកម្ពស់សេរីភាពនៃការបញ្ចេញមតិ សេរីភាពផ្នែកវិទ្យាវិស័យហ្នឹង វាច្រើនឆ្នាំដែរហើយ ។ ប៉ុន្តែខ្ញុំមិនទៅទោមនស្សជាមួយនឹងការងាររបស់អ្នកវិភាគដទៃទេ ឲ្យតែចូលរួមចំណែកជាការល្អ ប៉ុន្តែគ្រាន់តែថា ក្នុងនាមជាអ្នកវិភាគ ត្រូវតែសួរខ្លួនឯង ឬក៏សួរអ្នកដទៃ ពេលដែលគេមានទស្សនៈ ឬក៏ការសន្និដ្ឋានទៅលើរឿងអីមួយហ្នឹង តើគេមានព័ត៌មានគ្រប់គ្រាន់អត់? ព័ត៌មានដែលគេទទួលបានមកហ្នឹង វាមានគុណភាព វាអាចជឿទុកចិត្តបាន មានការពិតប៉ុន្មានភាគរយ? ដើម្បីយកមកគាំទ្រការបកស្រាយនៅគ្រប់ការសន្និដ្ឋានរបស់ពួកគាត់ ។ ទាល់តែយើងដឹងអំពីទាំងបរិមាណ ទាំងគុណភាពនៃព័ត៌មាន ដែលយកមកប្រើប្រាស់ក្នុងការសន្និដ្ឋាន ឬការបកស្រាយហ្នឹង ទើបយើងអាចជឿជាក់ទៅលើការបកស្រាយ ឬក៏ការសន្និដ្ឋានហ្នឹងមានការពិតកម្រិតណា ហើយអាចទទួលយកបានកម្រិតណាដែរ?“ ៕ កុលបុត្រ