Friday, May 3, 2024
Homeព័ត៌មានអន្តរជាតិកូរ៉េខាងជើង បាញ់មីសស៊ីល ១គ្រាប់ ចូលក្នុងសមុទ្រជប៉ុន

កូរ៉េខាងជើង បាញ់មីសស៊ីល ១គ្រាប់ ចូលក្នុងសមុទ្រជប៉ុន

កូរ៉េខាងជើង ៖ កូរ៉េខាងជើង បានបាញ់មីសស៊ីលផ្លោង មួយគ្រាប់ ចូលទៅក្នុងសមុទ្រជប៉ុន ក្នុងការធ្វើតេស្តអាវុធចុងក្រោយ ប៉ុន្មានថ្ងៃ បន្ទាប់ពីការសាកល្បងក្បាលគ្រាប់ដ៏ធំអស្ចារ្យរបស់ខ្លួន។

ក្រសួងការពារជាតិជប៉ុន បាននិយាយថា មីសស៊ីលផ្លោងនេះ គេសង្ស័យបាញ់ចេញពីប្រទេសកូរ៉េខាងជើង។ឆ្មាំសមុទ្រជប៉ុន ដែលដកស្រង់សម្តីពីក្រសួងការពារជាតិ បាននិយាយភ្លាមៗបន្ទាប់ពីការប្រកាសដំបូងថា មីសស៊ីលហាក់ដូចជាបានធ្លាក់ចូលទៅក្នុងទឹករួចហើយ តាមសេចក្តីរាយការណ៍នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។

គេហទំព័រ NK News ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល បាននិយាយថា ពេលវេលាហោះហើរខ្លី ទំនងជាតិចជាងដប់នាទី បង្ហាញពីការបាញ់បង្ហោះដែលពាក់ព័ន្ធនឹងមីសស៊ីលផ្លោងរយៈចម្ងាយខ្លី (SRBM) ឬប្រព័ន្ធរ៉ុក្កែតបាញ់ច្រើនប្រភេទ (MLRS) 600mm នេះកើត ឡើងបន្ទាប់ពីកងកម្លាំងរបស់លោកគីម ជុងអ៊ុន បានធ្វើតេស្តក្បាលគ្រាប់ធំមួយ កាលពីថ្ងៃទី១៩ ខែមេសាឆ្នាំ២០២៤ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង។

ទីក្រុងម៉ូស្គូ ដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងព្យុងយ៉ាង កាលពីខែមីនា បានប្រើប្រាស់សិទ្ធិវេតូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរបស់ខ្លួន ដើម្បីបញ្ចប់ការត្រួតពិនិត្យយ៉ាងមានប្រសិទ្ធភាពរបស់អង្គការសហ ប្រជាជាតិ ចំពោះការរំលោភលើការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលរបស់លោកគីម ជុងអ៊ុន សម្រាប់កម្មវិធីនុយ ក្លេអ៊ែរ និងអាវុធរបស់ខ្លួន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា កាលពីថ្ងៃទី១៩ ខែមេសាឆ្នាំ២០២៤  ប្រទេសកូរ៉េខាងជើង បានសាកល្បងក្បាលគ្រាប់ដ៏ធំអស្ចារ្យ ដែលត្រូវបានរចនាឡើងសម្រាប់កាំជ្រួចយុទ្ធសាស្ត្រ Cruise ដោយយោធារបស់ទីក្រុងសេអ៊ូល បញ្ជាក់ថា ខ្លួនបានរកឃើញការបាញ់បង្ហោះកាំជ្រួច ក្នុងពេលដំណាលគ្នា។

ក្រុមអ្នកវិភាគ បានព្រមានថា កូរ៉េខាងជើង អាចនឹងសាកល្បងកាំជ្រួច Cruise មុនពេលបញ្ជូនវាទៅរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន ដោយទីក្រុងវ៉ាស៊ីងតោន និងទីក្រុងសេអ៊ូល បានអះអាងថា លោកគីំ ជុងអ៊ុន  បានដឹកជញ្ជូនសព្វាវុធទៅកាន់ទីក្រុងម៉ូស្គូ ទោះបីជាទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ បានហាមឃាត់សកម្មភាពបែបនេះក៏ដោយ។

ក្រុងសេអ៊ូល បានអះអាងថា ទីក្រុងព្យុងយ៉ាង បានបញ្ជូនអាវុធ ប្រមាណ ៧ពាន់កុងតឺន័រ ទៅក្រុងម៉ូស្គូ ដើម្បីប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន។ ប្រទេសឯកោមួយនេះ ថ្មីៗនេះបានពង្រឹងទំនាក់ទំនងយោធាជាមួយទីក្រុងមូស្គូ ហើយក្នុងខែនេះ ខ្លួនបានថ្លែងអំណរគុណដល់ប្រទេសរុស្ស៊ី សម្រាប់ការវេតូរបស់ខ្លួនក្នុងការទប់ស្កាត់ការបន្តនៃក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ ដែលបានតាមដានការដាក់ទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងប្រទេសនេះ។

កាលពីថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ រដ្ឋាភិបាលកូរ៉េខាងជើង បានបាញ់សាកល្បងកាំជ្រួចដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅថា “Hwasal-1 Ra-3 strategic cruise missile” ចេញពីយានដឹកជញ្ជូន erector launcher នៅក្នុងប្រទេសកូរ៉េខាងជើង។

នៅឆ្នាំនេះ ទីក្រុងព្យុងយ៉ាង បានប្រកាសថា ប្រទេសកូរ៉េខាងត្បូង ជា “សត្រូវចម្បង” របស់ខ្លួន ហើយបានព្រមានប្រើយន្តហោះប្រតិកម្ម បើមានការគំរាមកំហែងរំលោភទឹកដី សូម្បីតែ 0.001 មិល្លីម៉ែត្រ។

កាលពីឆ្នាំមុន កូរ៉េខាងជើង បានធ្វើការសាកល្បងកាំជ្រួចមួយ ក្នុងការផ្គើននឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ តាំងពីឆ្នាំ២០០៦ បើទោះបីជាមានការព្រមានពីក្រុងវ៉ាស៊ីងតោន និងក្រុងសេអ៊ូល ក៏ដោយ។

ក្រុងព្យុងយ៉ាង បានប្រកាសខ្លួនថាជារដ្ឋអាវុធនុយក្លេអ៊ែរ ដែលមិនអាចដកថយបាន ក្នុងឆ្នាំ ២០២២។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអែនថូនី ប្លិងខិន (Antony Blinken) ដែលស្ថិតនៅក្នុងទីក្រុងសេអ៊ូល កាលពីខែមុន នឹងត្រលប់មកតំបន់វិញក្នុងសប្តាហ៍នេះ ដើម្បីធ្វើទស្សនកិច្ចលើកទីពីររបស់គាត់ ក្នុងរយៈពេលតិចជាងមួយឆ្នាំ ទៅកាន់ប្រទេសចិន៕

RELATED ARTICLES