ភ្នំពេញ ៖ លោកដាវ លីឌុច (Dave Leduc) ស្តេចប្រដាល់ភូមា បាននាំប្រពន្ធដែលកំពុងពពោះ៨ខែ និងកូនប្រុស មករស់នៅកម្ពុជា ដោយអះអាងថា ខ្លួនគិតថាកម្ពុជា ជាប្រទេសមានសុវត្ថិភាពខ្លាំង ហើយប្រជាជនកម្ពុជា មានភាពរួសរាយរាក់ទាក់ និងមិត្តភាព។
ដាវ លីឌុច បានបង្ហោះរូបភាពជាមួយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី២២ ខែមេសាឆ្នាំ២០២៤ ជាមួយសំណេរថា «សារពិសេសជូនចំពោះកងកម្លាំងនគរបាលកម្ពុជា។ ប៉ូលិសខ្មែរ មានវិជ្ជាជីវៈ និងចិត្តល្អ ហើយបើអ្នកមានគម្រោងមកលេងប្រទេសកម្ពុជា អ្នកអាចជឿជាក់ក្នុងចិត្តថា អ្នកទទួលបានការគោរព និងមានយុត្តិធម៌។ ខ្ញុំបានរើទីលំនៅមកប្រទេសកម្ពុជា ជាមួយកូនប្រុសអាយុ 2ឆ្នាំ និងប្រពន្ធមានផ្ទៃពោះ 8ខែ ហើយខ្ញុំគិតថាប្រទេសមានសុវត្ថិភាពខ្លាំងណាស់។ សូមថ្លែងអំណរគុណដល់មន្ត្រីទាំងអស់ ទូទាំងប្រទេស»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ លោកដាវ លីឌុច បានឲ្យដឹងថា លោកចុះកិច្ចសន្យាជួលអគារពាណិជ្ជកម្ម នៅម្តុំទួលទំពួង រាជធានីភ្នំពេញ រយៈពេលពីរឆ្នាំ ជាអគារកម្ពស់ ៤ជាន់ មានបន្ទប់គេង៦ និងបន្ទប់ទឹក៥ សម្រាប់អាជីវកម្មដំបូងរបស់លោក នៅក្នុងប្រទេសកម្ពុជា ដែលជាទីតាំងនៃក្រុម eSport DAV Army (កងទ័ពដាវ) របស់លោក ហើយនៅជាន់ទីមួយ លោកនឹងប្រើសម្រាប់គម្រោងសម្ងាត់របស់លោក។ សព្វថ្ងៃលោកកំពុងជួលជាង កែកុនអគារជួលនោះ ហើយលោកនឹងបង្ហាញលទ្ធផលចុងក្រោយ នៅពេលខាងមុខ។
កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ដាវ លីឌុច បានអញ្ជើញក្នុងនាមជាជាភ្ញៀវកិត្តិយស ចុះជួបជាមួយអតីតយុទ្ធជនកម្ពុជា ចំនួន 600គ្រួសារ ដែលពួកគេជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល ។
ដាវ លីឌុច បានមានប្រសាសន៍នៅពេលនោះថា «អតីតយុទ្ធជនទាំងនេះ ក្លាហានជាងខ្ញុំទៅទៀត។ ការប្រយុទ្ធនៅលើសង្វៀន គឺមិនអាចប្រៀបធៀបនឹងការបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ របស់អ្នកទាំងអស់គ្នាឡើយ។ ខ្ញុំមានការគោរពយ៉ាងខ្លាំងចំពោះពួកគេ។ សូមអរគុណចំពោះការបម្រើជាតិរបស់អ្នកទាំងអស់គ្នា។ ខ្ញុំសប្បាយចិត្តដែលខ្ញុំអាចផ្តល់អាហារ អំណោយ និងស្នាមញញឹមដល់អ្នកក្លាហានទាំងនេះ»៕ ខៀវទុំ