Saturday, May 4, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម្ចាស់បុរី ម៉ន ដានី ឆ្លើយតបអ្នកទិញផ្ទះ ផ្ទុះបាតុកម្មតវ៉ា

ម្ចាស់បុរី ម៉ន ដានី ឆ្លើយតបអ្នកទិញផ្ទះ ផ្ទុះបាតុកម្មតវ៉ា

ភ្នំពេញ ៖ ក្រោយផ្ទុះបាតុកម្មតវ៉ា ពីសំណាក់ប្រជាពលរដ្ឋដែលជាអតិថិជនបុរី ម៉ន ដានី គម្រោងលំនៅឋានទី២៩ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ រហូតឈានដល់ការបិទផ្លូវជាតិលេខ៣ ដើម្បីឱ្យថ្នាក់ដឹកនាំស្វែងរកដំណោះស្រាយជុំវិញករណីទិញផ្ទះបង់លុយអស់រួចហើយ តែមិនបានផ្ទះនៅ រួចមក លោកស្រី ម៉ន ដានី ម្ចាស់បុរី ម៉ន ដានី បានធ្វើការឆ្លើយតប ដោយអះអាងថា  កំពុងរកដំណោះស្រាយ ដើម្បីឈានដល់ការកាត់បំបែកប្លង់ក្បាលដី ជូនអតិថិជន នាពេលឆាប់ៗខាងមុខ។

សេចក្តីប្រកាសព័ត៌មាន របស់ម្ចាស់គម្រោងលំនៅឋាន ម៉ន ដានី ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ស្តីពីការដោះស្រាយបញ្ហាជាប់តាំងគម្រោងលំនៅឋាន ម៉ន ដានី នៅក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ពាក់ព័ន្ធគម្រោងទី២៩ និងផ្សេងៗទៀតនោះ មានខ្លឹមសារទាំងស្រុងថា «នាងខ្ញុំ មានកិត្តិយសសូមជម្រាបជូនលោក លោកស្រី ជាអតិថិជន មេត្តាជ្រាបថា ក្រោយពីទទួលបានព័ត៌មាននិងសកម្មភាពនៃការជួបជុំតវ៉ា ប្រ មាណជិត៣០នាក់ របស់បងប្អូនអតិថិជនមួយចំនួនតូច នៅមុខផ្លូវចូលគម្រោងលំនៅឋាន ម៉ន ដានី ទី២៩ ស្ថិតនៅគម្រោងទី២៩ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។

បច្ចុប្បន្ននេះ នាងខ្ញុំ បាននិងកំពុងដោះស្រាយបញ្ហាជាប់គាំងរបស់គម្រោងខាងលើនេះ ជាមួយស្ថាប័នរាជ រដ្ឋាភិបាលមានសមត្ថកិច្ច គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយឯកឧត្តមបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដី នគរូបនីយកម្មនិងសំណង់ ដើម្បីសម្របសម្រួល អន្តរាគមន៍ចំពោះបញ្ហានាងខ្ញុំ ជាមួយភាគីម្ចាស់ដី និងម្ចាស់បំណុល ដោយកាត់បំបែកប្លង់ ក្បាលដី ជូនអតិថិជន នាពេលឆាប់ៗខាងមុខនេះ។ សូមបញ្ជាក់ជូនថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំប្រជុំដោះស្រាយបញ្ហារបស់នាងខ្ញុំ ជាមួយភាគីម្ចាស់បំណុល និងម្ចាស់ដី ចាប់តាំងពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតមកទាល់បច្ចុប្បន្ននេះ ដើម្បីសម្របសម្រួល អន្តរាគមន៍លើការកាត់ប្លង់បំបែកក្បាលដីជូនអតិថិជន ផ្អែកលើយន្តការឈ្នះ-ឈ្នះ អនុលោមតាមបទបញ្ជាណែនាំរបស់រាជរដ្ឋាភិបាល លើការដោះ ស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ ក្រសួង បាននិងកំពុងខិតខំដោះស្រាយបញ្ហាខាងលើនេះ យ៉ាងយកចិត្តទុកដាក់ ធ្វើយ៉ាងណាអន្តរាគមន៍ដោះស្រាយប្លង់ពីម្ចាស់បំណុល និងម្ចាស់ដី ដែលនាងខ្ញុំដែលបានយកទៅរក្សាតម្កល់ ទុកនោះ និងម្ចាស់ដីទី២៩ មិនទាន់ប្រគល់មកនាងខ្ញុំតាមកិច្ចព្រមព្រៀងនោះ យកមកដោះស្រាយបំបែកឬកាត់ប្លង់ជូនអតិថិជនជាមុន ហើយទ្រព្យសម្បត្តិឯកជនរបស់នាងខ្ញុំ ដែលនៅក្នុងដៃម្ចាស់បំណុលនោះ គឺត្រូវធ្វើសវន កម្មដោះស្រាយទូទាត់កាត់កងតាមយន្តការឈ្នះ-ឈ្នះ ព្រោះថាទ្រព្យដែលនាងខ្ញុំបានតម្កល់ជាមួយម្ចាស់បំណុល មានតម្លៃជាទឹកប្រាក់លើសពីប្រាក់ដើមដែលបានកម្ចី ហើយនាងខ្ញុំក៏បានបង់ការប្រាក់រាប់លានដុល្លាររួចផងដែរ ហើយរាល់ម្ចាស់បំណុលរបស់នាងខ្ញុំ គឺម្ចាស់បំណុល មានប្លង់ផ្ទះ និងដី (មិនជាប់អតិថិជន និងជាប់ពាក់ព័ន្ធ) ទាំងអស់ ពោលគឺមិនដូចព័ត៌មានចោទប្រកាន់ថា នាងខ្ញុំមិនបានទូទាត់សងការប្រាក់ ឬប្រាក់ដើមកន្លងមក ឬគ្មានទ្រព្យធានាបញ្ហានោះទេ។

ដោយសារម្ចាស់បំណុលមួយចំនួន ផ្លាស់ប្តូរជំហរ ឬមិនគោរពតាមខ្លឹមសារកំណត់ហេតុដូចដែលម្ចាស់បំណុល ឯកភាពក្នុងអង្គប្រជុំ ដូចមានក្នុងស្មារតីនៃអង្គប្រជុំឡើយ មានន័យថា ម្ចាស់បំណុលប្រែប្រួលជំហរជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយភាគីម្ចាស់បំណុល ចង់រុញសំណុំរឿងដែលឯកឧត្តមបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងក្រសួង កំពុងដោះស្រាយនេះ ទៅតុលាការវិញ ជាហេតុធ្វើឱ្យការដោះស្រាយ អូសបន្លាយពេលវេលា។ ទោះជាយ៉ាងនេះក្តី ក៏ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នឹងខិតខំពន្លឿនការដោះស្រាយនេះឱ្យបានឆាប់បំផុត ដោយឱ្យម្ចាស់បំណុលទាំងអស់ អនុវត្តតាមយន្តការឈ្នះ-ឈ្នះ គឺសំខាន់បំផុត ដោះស្រាយជូនអតិថិជន តម្កល់ប្រយោជន៍ជូនប្រជាជនជាធំ ជាអាទិភាព រឿងនាងខ្ញុំ និងម្ចាស់បំណុល នាងខ្ញុំនឹងបន្តដោះស្រាយជាបន្តទៀត ជាមួយភាគីម្ចាស់បំណុល។

សេចក្តីដូចបានជម្រាបជូនខាងលើនេះ នាងខ្ញុំសូមទទួចអង្វរដល់បងប្អូនជាអតិថិជន មេត្តាយោគយល់ និងសូមរង់ចាំចំណាត់ការដោះស្រាយពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អន្តរាគមន៍សម្របសម្រួលជាមួយភាគីម្ចាស់បំណុល ជាមុនសិន រួចការកាត់ប្លង់បំបែកក្បាលដី ប្រគល់កម្មសិទ្ធិជូនអតិថិជន នឹងទទួលបានឆាប់ៗខាងមុខនេះ»៕

RELATED ARTICLES