ខេត្តសៀមរាប ៖ លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ខេត្តសៀមរាប ចេញពីបម្រើការងារបេសកកម្មប្រចាំការនៅមុខចម្ការម្រេច របស់លោកខឹម វាសនា បានបើករថយន្ត ១គ្រឿង ជ្រុលទៅបុកម៉ូតូកង់បី ១គ្រឿង ដឹកព្រះសង្ឃ បណ្តាលឱ្យអ្នកបើកម៉ូតូរ៉ឺម៉ក និងព្រះសង្ឃ ចំនួន៤អង្គ ព្រមទាំងជនបរទេសម្នាក់ទៀតផង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវកៅស៊ូ ស្ថិតក្នុងភូមិអូរទទឹង ឃុំព្រះដាក់ ទៅរុនតាឯក ស្រុកបន្ទាយស្រី។

តាមប្រភពសមត្ថកិច្ច បានបញ្ជាក់ប្រាបថា់ រថយន្តបង្កហេតុ ម៉ាក Lexus RX-330 ពណ៌ទឹកមាស ពាក់ស្លាក លេខ ភ្នំពេញ 2AG-0486 បើកបរដោយលោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ភេទប្រុស អាយុ៥៣ឆ្នាំ តួនាទីជាស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ខេត្តសៀមរាប មានលំនៅ ភូមិក្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ ចំណែកម៉ូតូរ៉ឺម៉ក ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1J-0595 បើកបរដោយឈ្មោះសេង កុសល ភេទប្រុស អាយុ៥៦ឆ្នាំ មានលំនៅ ភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ (រងរបួសមធ្យម) និងមានអ្នករួមដំណើរ ចំនួន៥នាក់ (ព្រះសង្ឃ ៤អង្គ និងជនរបទេសម្នាក់) រួមមាន ទី១-ព្រះសង្ឃ ព្រះនាម ពេជ្រ តារា ព្រះជន្ម២៩វស្សា (រងរបួសមធ្យម) គង់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ទី២-ព្រះសង្ឃ ព្រះនាម ឌុំ ភារម្យ ព្រះជន្ម ១៧វស្សា (រងរបួសមធ្យម) គង់នៅភូមិរោង ឃុំស្វាយលើ ស្រុកស្វាយលើ។ ទី៣-ព្រះសង្ឃ ព្រះនាម ប៉ូយ សីហា ព្រះជន្ម៤០ព្រះវស្សា (រងរបួសមធ្យម) គង់នៅភូមិតាទក ឃុំពួក ស្រុកព្រួក។ ទី៤-នេន១អង្គ មិនស្គាល់ព្រះនាម និងទី៥-ឈ្មោះ MEJI GVTIERREZ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិកូឡំប៊ី (រងរបួសមធ្យម) ស្នាក់នៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាក Lexus RX-330 បើកបរក្នុងល្បឿនលឿន ទិសដៅពីកើត ទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុ បានបុកម៉ូតូរ៉ឺម៉ក១គ្រឿង ដែលដឹកព្រះសង្ឃ និងភ្ញៀវទេសចរ ធ្វើដំណើរក្នុងទិសដៅស្របទិសគ្នា បណ្តាលឱ្យម៉ូតូរ៉ឺម៉កបីក្រឡាប់ របួសព្រះសង្ឃ និងភ្ញៀវ រដូករណែកលើផ្លូវ និងរងការខូចខាតរថយន្ត ១គ្រឿងធ្ងន់ ចំណែកម៉ូតូកង់បី រងការខូចខាតស្រាល។

ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញ ស្រុកបន្ទាយស្រី បានចុះវាស់វែង រួចដកហូតយកវត្ថុតាង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ដើម្បីចាត់ការតាមនីតិវិធី៕
