Saturday, May 4, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រពន្ធរត់ចោល ប្ដីដុតផ្ទះចោល

ប្រពន្ធរត់ចោល ប្ដីដុតផ្ទះចោល

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ តែងផឹកស្រាស្រវឹងជោករាល់ថ្ងៃ និងចេះតែរករឿងឈ្លោះប្រកែក វាយប្រពន្ធមិនស្វាង រហូតដល់ប្រពន្ធទ្រាំលែងបាន ក៏រត់ចោលផ្ទះបាត់ ស្រាប់តែបុរសជាប្តី មួម៉ៅក្តៅចិត្ត ក៏ដុតផ្ទះនិងម៉ូតូចោល បណ្តាលឱ្យឆាបឆេះខ្ទេចអស់ ទីបំផុតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិតេជោភ្នំឆត្រ ឃុំស្វាយចេក ស្រុកស្វាយចេក។

ជនសង្ស័យដែលដុតផ្ទះចោល និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ សុវណ្ណ សល់ ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកផ្ទះដែលរងការឆាបឆេះមានទំហំ បណ្តោយ៦ម៉ែត្រ និងទទឹង៥ម៉ែត្រ សង់ពីឈើ ប្រក់ដំបូលស័ង្កសី។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានបញ្ជាក់ប្រាប់ថា មូលហេតុដែលជន សង្ស័យដុតផ្ទះ និងម៉ូតូ បែបនេះ គឺដោយសារតែខឹងប្រពន្ធរត់ចោល ដោយយកដែកកេះដុតម៉ូតូឆេះអស់ ១គ្រឿង ហើយបន្តដុតផ្ទះឆេះអស់ ១ខ្នង ឈើប្រក់ស័ង្កសី ថែមទៀត បណ្តាលឱ្យឆេះអស់ទ្រព្យសម្បត្តិទាំងស្រុង គិតជាទឹកប្រាក់ប្រមាណ ៥លានរៀល។

លោកអធិការ បានបន្តថា ក្រោយទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យភ្លាមៗ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនខឹងប្រពន្ធរត់ចោលផ្ទះ គ្មានអ្នកនៅ ក៏ដុតផ្ទះនិងម៉ូតូចោលតែម្តង។

តាមការបញ្ជាក់ពីសមត្ថកិច្ច ជនសង្ស័យខាងលើ ធ្លាប់មានប្រវត្តិប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់មណ្ឌលអប់រំកែប្រែ ហើយជននេះក៏ជាមនុស្សស្រវឹងខួប តែងវាយធ្វើបាបប្រពន្ធ រហូតដល់ប្រពន្ធទ្រាំមិនបាន រត់ចោលតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES